លោក​ John Kerry ស្នើ​ឲ្យ​ប្រទេស​ចិន​ទប់​កម្មវិធី​បរមាណូរបស់​កូរ៉េ​ខាង​ជើង

លោក​ John Kerry ស្នើ​ឲ្យ​ប្រទេស​ចិន​ទប់​កម្មវិធី​បរមាណូរបស់​កូរ៉េ​ខាង​ជើង

លោករដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry (ឆ្វេង) និង​លោក​ប្រធានា​ធិបតី​ចិន Xi Jinping នៅ​មុន​ពេល​ជួប​ប្រជុំ​នៅ ​Great Hall នៃ​ប្រជា​ជន​ចិន​ក្នុង​ក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ២០១៦។

ស.រ.អា.​និង​ប្រទេស​ចិន​បាន​ធ្វើ​ការ​តាំង​ចិត្ត​របស់​ខ្លួន​ឡើង​វិញ ដើម្បីទុក​ឲ្យ​ឧបទ្វិប​កូរ៉េ នៅ​ជា​តំបន់​ដែល​គ្មាន​អាវុធ​បរមាណូ​ ប៉ុន្តែ​មិន​បាន​យល់​ស្រប​គ្នា​លើ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​មួយ​ចំនួន ក្រោយ​ពី​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ទេ។

បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ប៉េកាំង​ជាមួយរដ្ឋ​មន្ត្រី​ការ​បរទេស​ស..រ.អា.​ John Kerry រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ Wang Yi ​នៅ​ថ្ងៃ​ពុធនេះ​បាន​ថ្លែង​ថា ប្រទេស​របស់​លោក​ត្រៀម​ខ្លួន​ដើម្បី​គាំ​ទ្រ​សេចក្តី​សម្រេច​ថ្មី​មួយ​របស់​អ.ស.ប. ប្រឆាំង​លើ​កម្មវិធី​បរមាណូ​របស់​កូរ៉េ​ខាង​ជើង។ ប៉ុន្តែ​លោក​មិន​បាន​និយាយ​លម្អិត​អំពី​ទណ្ឌកម្ម​ជាក់​លាក់​ណាមួយ​ទេ ហើយ​ថា​សេចក្តី​សម្រេច​នោះ​មិន​គួរ​បណ្តាល​ឲ្យ​មាន​ភាព​តាន​តឹង​ថ្មី​ទេ។

លោក​ Kerry ​បាន​ថ្លែង​ថា មាន​សេចក្តី​ត្រូវ​ការ​ឲ្យ​មាន​ឯកភាព​ក្នុង​សេចក្តី​សម្រេច​រឹង​មាំ​មួយ​របស់​អ.ស.ប. ប៉ុន្តែថា​នៅ​មិន​ទាន់​មាន​ឯកភាព​លើ​វិធានការ​ណ៍​ជាក់​លាក់​នៅ​ឡើយ​ទេ។ លោក​បាន​ថ្លែង​ថា​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់​ដែល​មិន​ទាន់​មាន​អាវុធ​បរមាណូ​នោះ មាន​ចំនួន​ច្រើន​ជាង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​មាន​អាវុធ​បរមាណូ​រួច​ហើយ​នោះ។

លោក​ទាំង​ពីរ​បាន​ថ្លែង​ថា លោក​បាន​ពិភាក្សា​គ្នា​អំពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ដែរ។ ប៉ុន្តែ​ពុំ​មាន​ការ​អធិប្បាយ​អំពី​កិច្ច​ព្រម​ព្រាង​ណាមួយ​ស្តី​ពី​វិធានការណ៍​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​ក្នុង​ជម្លោះ​នេះ​ទេ។

ក្នុង​អំឡុង​ទស្សនកិច្ច​ពេញ​មួយ​ថ្ងៃ​របស់​លោក​ទៅ​កាន់​ប្រទេស​ចិន ​លោក​ Kerry ​ក៏​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី ​Xi Jinping ​និង ​មន្ត្រី​រដ្ឋាភិបាល​ឯ​ទៀត​ផង​ដែរ៕