បារាំង៖ រដ្ឋមន្ត្រី​យុត្តិធម៌​លា​ចេញ​ពី​តំណែង ព្រោះ​ជំទាស់​ប្រធានាធិបតី


(អតីត) រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ របស់ប្រទេសបារាំង អ្នកស្រី គ្រីស្យាន តូបៀរ៉ា (Christiane Taubira) បាន​លា​ឈប់​ពីតំណែង នៅថ្ងៃពុធទី២៧ ខែមករានេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ចេញ​ពីវិមាន​ប្រធានាធិបតី​បារាំង។
បារាំង៖ រដ្ឋមន្ត្រី​យុត្តិធម៌​លា​ចេញ​ពី​តំណែង ព្រោះ​ជំទាស់​ប្រធានាធិបតី

អ្នកស្រី គ្រីស្យាន តូបៀរ៉ា (អតីត)រដ្ឋមន្ត្រីយុត្តិធម៌បារាំង។ (រូបថតហ្វេសប៊ុក)

សេចក្ដីប្រកាសព័ត៌មានមួយ របស់វិមានប្រធានាធិបតីបារាំង បានឲ្យដឹងថា (អតីត) រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​បារាំង អ្នកស្រី គ្រីស្យាន តូបៀរ៉ា (Christiane Taubira) បានលាឈប់ពីតំណែង ជារដ្ឋមន្ត្រីរបស់អ្នកស្រី ជា​ស្ថាពរ​ហើយ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០១៦នេះ។ តំណែងជារដ្ឋមន្ត្រីយុត្តិធម៌បារាំង នឹងត្រូវបាន​ជំនួស​ដោយ​តំណាងរាស្ត្រ មកពីគណបក្សសង្គមនិយម (និន្នាការឆ្វេងនិយម) មួយរូបទៀត គឺលោក ហ្សង់ហ្សាក់ អៀវ៉ាស (Jean-Jacques Urvoas)។

ជំទាស់នឹងការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញបារាំង...

អ្នកស្រី តូបៀរ៉ា បានថ្លែងជំទាស់ ជាញ៉យដង ទៅនឹងគម្រោងរបស់រដ្ឋាភិបាលបារាំង (ដែលអ្នកស្រីខ្លួនឯង ជា​សមាជិក) ស្នើរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋបារាំង ដែលចង់បញ្ឈប់ ឲ្យមានការកាន់​សញ្ជាតិ​ពីរ នៅពេលដែលពលរដ្ឋបារាំងណាម្នាក់ មានជាប់ទាក់ទង នឹងបណ្ដាញភេរវកម្ម។ សេចក្ដីប្រកាសព័ត៌មាន របស់​វិមាន​ប្រធានាធិបតី បានឲ្យដឹងទៀតថា៖ «ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) និង​(អតីត)រដ្ឋមន្ត្រីយុត្តិធម៌ អ្នកស្រី គ្រីស្យាន តូបៀរ៉ា បានព្រមព្រៀង ពីភាពចាំបាច់ ដើម្បីដាក់​បញ្ចប់​នូវ​តំណែង​របស់​អ្នកស្រី នៅខណៈពេលដែលការពិភាក្សា ទៅលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំពុងធ្វើ​នៅ​រដ្ឋសភា​ជាតិ ក្នុង​ថ្ងៃនេះ ដោយគណៈកម្មការច្បាប់»។

«ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានសម្ដែងអំណរគុណ ពីសកម្មភាពកន្លងមក​របស់អ្នកស្រី ក្នុងនាម​ជារដ្ឋមន្ត្រី ទៅកាន់អ្នកស្រី គ្រីស្យាន តូបៀរ៉ា។ អ្នកស្រីបានសម្រេច ប្រកបដោយឆន្ទះយ៉ាងមុតស្រួច ទិសដៅ​ច្បាស់​លាស់ និងទេពកោសល្យខ្ពស់ នូវកំណែទម្រង់ផ្នែកយុត្តិធម៌ ហើយអ្នកស្រីបានដើរតួរយ៉ាងសំខាន់ ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការអនុម័ត្រ នូវច្បាប់អាពាហ៍អាពិពាហ៍ សម្រាប់គ្របគ្នា (ឬហៅម្យ៉ាងទៀត អាពាហ៍ពិពាហ៍ សម្រាប់​ភេទ​ដូចគ្នា - Editor's Not)។» នេះបើតាមការបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែល។

ធូរស្រាលសម្រាប់ប្រទេសបារាំង?

ការលាឈប់របស់ (អតីត) រដ្ឋមន្ត្រីយុត្តិធម៌ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាទូទៅ នៅព្រឹកថ្ងៃពុធនេះ។ មជ្ឈដ្ឋាន​នយោបាយ​បារាំង បានសម្ដែងប្រតិកម្មខុសៗគ្នា ដោយក្រុមអ្នកនយោបាយឆ្វេងនិយម បានសម្ដែង​ការ​អបអរ​សាទរ​ថា ជាការសម្រេចចិត្តដ៏ល្អមួយ ខណៈក្រុមអ្នកនយោបាយស្ដាំនិយម បានបរិហាថា ជាការលាលែង​ ដែល​ធ្វើ​ឲ្យ​មាន​ការធូរស្រាល សម្រាប់ប្រជាជាតិបារាំង។ ប្រធានគណបក្សស្ដាំនិយមជ្រុល អ្នកស្រី ម៉ារីន ឡឺពេន (Marine Le Pen) បានហៅការលាលែងនេះ ជាដំណឹងល្អ និងបានចាត់ទុកថា អ្នកស្រី តូបៀរ៉ា បានដឹកនាំ​សកម្មភាព ដ៏អាក្រក់មួយ សម្រាប់ប្រទេសបារាំង។

ចំពោះអ្នកស្រី តូបៀរ៉ា ខ្លួនឯងវិញ បានថ្លែងនៅក្នុងពិធីប្ដូរតំណែង វេលារសៀលថ្ងៃពុធដដែល នៅក្នុង​ក្រសួង​យុត្តិធម៌​ថា ការលាលែងរបស់អ្នកស្រី ដោយសារអ្នកស្រីមិនយល់ស្រប នឹងនយោបាយជាមូលដ្ឋានគ្រឹះមួយ។ អ្នកស្រី​បានថ្លែងថា៖ «ខ្ញុំបានជ្រើសរើស ភាពស្មោះត្រង់នឹងខ្លួនខ្ញុំ ទៅនឹងគោលការណ៍ ទៅនឹងការតស៊ូរបស់ខ្ញុំ និងអ្វី​ដែល​ខ្ញុំមាន ជាមួយមនុស្សទាំងអស់។ (...) គ្រោះថ្នាក់ ដែលកើតមកពីភេរវកម្ម មានទំហំធំ និង​មិន​អាច​ស្មានដឹង។ តែយើងអាចបំបាក់វាបាន យើងអាចដឹងពីអ្វី ដែលអាចប្រយុទ្ធប្រឆាំងនឹងវា (...) ប៉ុន្តែយើង​មិន​ត្រូវ​ឲ្យ​វា (ភេរវជន) ទទួលបាននូវជ័យជំនះ ទោះជាតាមរយៈយោធា ការទូត ឬតាមរយៈជានិមិត្តរូបក្ដី។»៕