រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ស្នើ ហ៊ុន សែន ឲ្យ​គោរព​«លិទ្ធិ​ប្រជាធិបតេយ្យ»


ទោះជាអាមេរិក បានសាទរពីទំនាក់ទំនងសេដ្ឋកិច្ច ដែលទំហំខ្លាំងក្លា ជាមួយកម្ពុជាក៏ដោយ ក៏នៅក្នុង​ជំនួប​ពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋមន្ត្រីការបរទេសអាមេរិក នៅមិនភ្លេចបរិហារឡើយ ពីស្ថានភាព​សិទ្ធិ​មនុស្ស និង​ពី​លិទ្ធិ​ប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ស្នើ ហ៊ុន សែន ឲ្យ​គោរព​«លិទ្ធិ​ប្រជាធិបតេយ្យ»

លោក ចន ឃេរី រដ្ឋមន្ត្រីការបរទេសអាមេរិក លើកដៃចង្អុល នៅក្នុងជំនួបជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត Reuters)

ក្នុងជំនួបកាលពីថ្ងៃអង្គារ ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់ប្រទេសកម្ពុជា រដ្ឋមន្ត្រី​ការ​បរទេសអាមេរិក លោក ចន ឃេរី (John Kerry) បានលើកឡើងជាថ្មី ពីសារៈសំខាន់នៃលិទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា បើទោះជាអាមេរិកបានសាទរ ពីសន្ទុះសេដ្ឋកិច្ចរបស់ប្រទេសនេះ មាន​សភាព​ខ្លាំងក្លា គួរឲ្យកត់សំគាល់ក៏ដោយ។

បន្ទាប់ពីការពិភាក្សា ដែលមានលក្ខណៈ«ត្រង់ទៅត្រង់មក» ជាមួយបុរសខ្លាំងកម្ពុជា ដែល«អង្គុយ» នៅក្នុង​តំណែង​ជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៨៥មកនោះ ប្រមុខការទូតអាមេរិក បានថ្លែងនៅចំពោះអ្នកសារព័ត៌មាន ពីក្ដី​សង្ឃឹមរបស់លោក ថាមេដឹកនាំកម្ពុជាទាំងអស់ នឹងបង្កើតឲ្យមាន នូវលិទ្ធិប្រជាធិបតេយ្យពហុបក្ស កាន់​តែ​ខ្លាំង​ឡើងថែមទៀត។

នៅក្នុងការថ្លែងរបស់លោក ឃេរី ដែលទំនងជាសំដៅ ទៅរកការបង្ក្រាបក្រុម​អ្នកប្រឆាំង​ផ្នែកនយោបាយ ជា​ពិសេស​ទៅលើមេដឹកនាំ គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី រហូតមេដឹកនាំប្រឆាំងរូបនេះ ត្រូវបង្ខំ​ចិត្ត​ភៀស​ខ្លួន ចេញក្រៅប្រទេសជាថ្មីទៀតនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ទៀតថា គ្រប់តំណាង​រាស្ត្រ​ទាំងអស់ ត្រូវមានអំណាចធ្វើការងាររបស់ពួកគេ ដោយគ្មានការបារម្ភ ពីការវាយប្រហារ ឬពីការចាប់​ខ្លួន។ លោក ឃេរី បានអះអាងទៀតថា នៅមុន​ការបោះឆ្នោតសកលឆ្នាំ២០១៨ វាពិតជាមានសារៈសំខាន់ណាស់ ដែល​គេត្រូវបង្កើត ឲ្យមាននូវការជជែកពិភាក្សាគ្នាមួយ ប្រកបដោយថាមពល និងមានភាពរលូន។

គ្មានទៀតទេ វប្បធម៌សន្ទនា...

ភាពល្អូកល្អឺន រហូតញ៉ាំបាយក្នុងតុជាមួយគ្នា រវាងគ្រួសារលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានកើតឡើង ក្នុងរយៈពេលដ៏ខ្លីមួយតែប៉ុណ្ណោះ មុននឹងភាពតានតឹងផ្នែកនយោបាយ ដោយការចាប់ចងក្រុមអ្នកប្រឆាំង បាន​កើតឡើងជាថ្មីទៀត នៅក្នុងប៉ុន្មានខែចុងក្រោយ។ ប៉ុន្តែភាពល្អូនល្អឺននោះ ក៏បានកើតមានឡើង បន្ទាប់ពី​ការ​បង្ក្រាប​យ៉ាង​បង្ហូរឈាម ដោយអាជ្ញាធរគ្រប់គ្រង ដោយលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ទៅលើ​រលក​ចលនា​ប្រឆាំង ដែលបានធ្វើបាតុកម្មយ៉ាងគគ្រឹកគគ្រេង នៅតាមដងផ្លូវ បន្ទាប់ពីការបោះឆ្នោត ដែលពោរ​ពេញ​ដោយ​ភាពមិនប្រក្រតី កាលពីឆ្នាំ២០១៣កន្លងមកនោះដែរ។

អ្នកដែលហ៊ានបញ្ចេញ​មតិលើសលួស នៅលើបណ្ដាញសង្គម ដូចជា«ចង់សម្លាប់លោក ហ៊ុន សែន» ឬដូចជា​ចង់«បង្កើតបដិវត្តន៍ពណ៌» ជាដើមនោះ ក៏ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន ដាក់ពន្ធនាគារដែរ បើទោះជាអ្នក​ទាំង​នោះ មិនមានសកម្មភាព ឬគ្មានសមត្ថភាពទៅធ្វើ ដូចការ«សរសេរ» ឬដូចការ«បញ្ចេញមតិ» នោះក៏ដោយ។

លោក ចន ឃែរី ដែលបានជួបជាមួយលោក កឹម សុខា ប្រធានស្ដីទី របស់គណបក្សសង្គ្រោះជាតិដែរនោះ បាន​បន្ត​ស្នើ​ទៀតថា ភាពជាដៃគូរយុទ្ធសាស្ត្រ រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា «ត្រូវដើរទន្ទឹមគ្នា ជា​មួយ​នឹង​ការគោរពសិទ្ធិមនុស្ស សេរីភាពជាសកល និងអភិបាលកិច្ចល្អ»។

សារដ៏ច្បាស់...

បន្ថែមពីលើក្រុមអ្នកប្រឆាំង​ផ្នែកនយោបាយ រដ្ឋាភិបាលលោក ហ៊ុន សែន បានរងការរិះគន់ទៀត ថាបានធ្វើការ​បំបិតសិទ្ធិសេរីភាព ទៅលើក្រុមអង្គការសមាគម និងសហជីព ដែលធ្វើការផ្នែកសង្គមនោះផង។ ក្នុង​រយៈ​ពេល​ចុងក្រោយនេះ ច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលទើបនឹងត្រូវបានរដ្ឋសភាកម្ពុជាអនុម័ត បាន​រង​ការ​រិះគន់ថា វាគឺជាច្បាប់ ដែលក្លាយជាឈ្នាន់ ដើម្បីអាចឲ្យរដ្ឋាភិបាល យកទៅធ្វើការកំហិត ទៅលើ​សកម្មភាព ឬការងារបម្រើសង្គម​ជា​មូលដ្ឋាន ររបស់ក្រុមសង្គមស៊ីវិល ដែលប្រកាន់និន្នាការឯករាជ្យ ឬដែល​មិន​ស្និត​នឹង​រដ្ឋាភិបាល។

ចំពោះអ្នកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជាវិញ បានថ្លែងឡើងថា រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក បានផ្ញើរសារដ៏«ច្បាស់»មួយ ពីលើ«អាទិភាព»របស់ប្រទេសអាមេរិក ដែលមិនសំដៅ ទៅលើករណី​សេដ្ឋកិច្ច តែមួយមុខនោះឡើយ។ អ្នកស្រីបានទាមទារ ទៅកាន់រដ្ឋបាលរបស់រដ្ឋាភិបាលអាមេរិក ឲ្យតាមឃ្លាំ​មើល​ពីការអនុវត្ត ទៅលើកិច្ចសន្យាទាំងនេះ នៅក្នុងជំនួបកំពូលរវាងអាស៊ាន (Asean) និងអាមេរិក ដែលនឹង​ប្រព្រឹត្តិ​ទៅ នៅថ្ងៃទី១៥-១៦ ខែកុម្ភៈខាងមុខ នៅក្នុងរដ្ឋកាលីហ្វ័នី (ភាគខាងលិចសហរដ្ឋអាមេរិក) ជាមួយ​នឹង​វត្តមាន​របស់​លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកនោះផង៕