«កីឡាករ​ទាំង​អស់​ចូលចិត្ត ហ្សីដាន់ ជាង ប៊ែនីតេស»


គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) កីឡាករដ៏ល្បី របស់ក្រុម រៀលម៉ាឌ្រីត បានអះអាងថា គ្រូបង្វឹក «ហ្សីហ្សូ (Zizou - ឈ្មោះក្រៅរបស់ ហ្សីដាន)» ទទួលបានការទុកចិត្តទាំងស្រុង ពីសំណាកកីឡាករទាំងអស់​នៅក្នុងក្រុម ផ្ទុយ​ពី​គ្រូ​បង្វឹក​មុន ដែលទើបនឹងត្រូវបានបញ្ឈប់ កាលពីប៉ុន្មានអាទិត្យមុន។
«កីឡាករ​ទាំង​អស់​ចូលចិត្ត ហ្សីដាន់ ជាង ប៊ែនីតេស»

គ្រូបង្វឹក ហ្សីដាន់ និងកីឡាករ រ៉ូណាល់ដូ នៅក្នុងការហ្វឹកហាត់មួយ កាលពីថ្ងៃទី៥ ខែមករាកន្លងទៅ។ (រូបថត AFP)

«ហ្សីដាន់ (Zidane) បានដាក់ល្បឿន បន្ថែមឲ្យក្រុម។ ជាការពិតហើយ ដែលពួកយើង (កីឡាករ) មានទំនោរ​ជា​មួយគ្រូបង្វឹកមួយចំនួន ច្រើនជាងគ្រូបង្វឹកផ្សេងទៀត។ ចំពោះខ្ញុំ​ ៗបានធ្វើការងាររបស់ខ្ញុំរួចរាល់ ជាមួយ​នឹង​គ្រូ​បង្វឹក​មុនហើយ។ នៅជាមួយគាត់ (គ្រូបង្វឹកមុន) ខ្ញុំបានលេង​យ៉ាងម៉ត់ចត់ និងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើបាន ដើម្បី​ក្រុមទាំងមូល តែគាត់មិនមើលឃើញ បាល់ទាត់ ដូចការមើលឃើញ របស់ហ្សីហ្សូ (ឈ្មោះក្រៅ របស់​ ហ្សីដាន់) នោះ​ទេ។ សូមកុំសួរខ្ញុំថា ហេតុអ្វី។ គ្រាន់តែដឹងថា កីឡាករសឹងតែទាំងអស់ ចូលចិត្ត ហ្សីដាន់។»

ខាងលើនេះ ជាសំដីរបស់កីឡាករល្បីឈ្មោះ ជាតិព័រទុយហ្គាល់ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ឆ្លើយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបានប្រកួតឈ្នះ ដោយពិន្ទុច្រើនគ្រាប់ ទល់នឹងក្រុម​បាល់ទាត់​ផ្សេងៗ នៅក្នុងប្រទេសអេស្ប៉ាញរួច។

កីឡាករម្ចាស់«បាល់មាស» បីជំនាន់ រ៉ូណាល់ដូ បាននិយាយទៀតថា៖ «ខ្ញុំមិនដែលមានគំនិតអាក្រក់ ជាមួយ​គ្រូ រ៉ាហ្វា ប៊េនីតេស (Rafael Benítez) នោះទេ។ ខ្លួនគាត់ក៏អញ្ចឹងដែរ។ គាត់បានឲ្យនូវអ្វីៗទាំងអស់ ដែលគាត់​មាន សម្រាប់ក្រុមទាំងមូល។»

កីឡាករបាល់ទាត់អន្តរជាតិរូបនេះ បានបដិសេធ ថាមិនមែនក្រុមកីឡាករទេ ដែលជាដើមហេតុ នៃការ​បញ្ឈប់​គ្រូបង្វឹកមុន ពីក្រុមរៀលម៉ាឌ្រីតនោះ។ កីឡាករ «CR7 (រហស្សនាមរបស់ រ៉ូណាល់ដូ» បានបញ្ជាក់ថា៖ «កីឡាករ​មិន​ធ្វើ​រឿងដូច្នេះទេ ហើយក៏កាន់តែមិនមែនខ្ញុំដែរ។ ប៉ុន្តែខុសពីភាពរួសរាយរបស់ខ្ញុំ អ្នកទាំងអស់ (កីឡាករ) ចាំ​បាច់​ត្រូវម៉ត់ចត់ នៅក្នុងការងារទាំងការហ្វឹកហាត់ ទាំងការប្រកួត។»

កីឡាករខ្សែប្រយុទ្ធ របស់ក្រុមរៀលម៉ាឌ្រីតរូបនេះ បានរកឃើញ ពីភាពប្រហាក់ប្រហែលគ្នា និងភាពត្រូវគ្នា រវាង​គ្រូបង្វឹក កាឡូស អង់សេឡូទី (Carlo Ancelotti) និងគ្រូបង្វឹក ហ្សីណាឌីន ហ្សីដាន់ (Zinédine Zidane) ជា​ពិសេស​នៅ​ពេល​ដែល ហ្សីដាន់ នៅជាគ្រូបង្វឹករង ឲ្យគ្រូ អង់សេឡូទី កាលពីពីរឆ្នាំមុន ដែលក្រុមរៀលទទួល​បាន​ជោគ​ជ័យ ក្នុងការដណ្ដើមពានរង្វាន់អ៊ឺរ៉ុបនោះ (Champions Leagues)។

កីឡាករ រ៉ូណាល់ដូ បានពន្យល់ថា៖ «ក្បួនហ្វឹកហាត់ ប្រហាក់ប្រហែលគ្នា។ គាត់ (ហ្សីដាន់) មានភាពស្ងប់ស្ងៀម តែម៉ឺងម៉ាត់ក្នុងការងាររបស់គាត់ ខណៈនៅខាងក្រៅ គាត់ជាមនុស្សម្នាក់រួសរាយជាទីបំផុត។ គាត់មាន​ទំនាក់​ទំនង​ជាមួយ គ្រប់កីឡាករ ហើយខ្ញុំមានការរីករាយណាស់។ យើង ដែលជាកីឡាករ មានការចាប់អារម្មណ៍ នឹង​សភាពបែបនេះ ព្រោះវាធ្វើឲ្យយើង មានកម្លាំងខ្លាំងក្លាទៅមុខ បើទោះជាយើងធ្វើការងារ ដ៏លំបាកលំបិន​បែប​ណា​ក៏ដោយ។»៕