​កត្តា​៥​​យ៉ាង​​អាច​បណ្ដាល​​​ឲ្យ​ឡាន​មាន​អគ្គីភ័យឆាបឆេះ

​កត្តា​៥​​យ៉ាង​​អាច​បណ្ដាល​​​ឲ្យ​ឡាន​មាន​អគ្គីភ័យឆាបឆេះ

ការ​យល់​ដឹង​ពី​កត្តា​ដែល​អាច​បង្ក​គ្រោះថ្នាក់​លើ​រថយន្ត​អាច​ជា​ចំណេះ​ដឹង​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​រថយន្ត​មួយ​ចំនួន​ដើម្បី​អាច​បង្ការ​គ្រោះ​ថ្នាក់​ទាំង​នោះ​បាន។ ​ព្រឹក​នេះ​ sabay​ សូម​បង្ហាញ​ជូន​ប្រិយមិត្ត​ពី​កត្តា​មួយ​ចំនួន​អាច​​ធ្វើ​ឲ្យ​ឡាន​ឆេះ​ ដែល​ដក​ស្រង់​ពី​វិបសាយ​​គ្រឿង​យន្ត​ How Stuff Works៖

 

១. ប្រព័ន្ធ​ប្រេង​ឥន្ធនៈ​ធ្លាយ

 

​កត្តា​៥​​យ៉ាង​​អាច​បណ្ដាល​​​ឲ្យ​ឡាន​មាន​អគ្គីភ័យឆាបឆេះ

 

​​​​​​​​​ប្រេង​ឥន្ធនៈ​ជា​សារធាតុ​រាវ​ក្នុង​រថយន្ត​ដែល​បង្ក​គ្រោះ​ថ្នាក់​ខ្ពស់​ជាង​គេ​ ហើយ​បើ​វា​មាន​ការ​លេច​ធ្លាយ​ចេញ​ពី​ក្រៅ​ម៉ាស៊ីន​រថយន្ត​នោះ​គឺ​កាន់​តែ​បង្ក​ហានិភ័យ​ខ្ពស់​ជាង​មុន​ទៅ​ទៀត។ ដូច​នេះ​ដើម្បី​បង្ការ​គួរ​ត្រួត​ពិនិត្យ​រថយន្ត​ឲ្យ​បាន​ម៉ត់ចត់​រាល់​ការ​ធ្វើ​ដំណើរ។​

 

២. ម៉ាស៊ីន​ឡាន​​ឡើង​កម្ដៅ​ខ្លាំង

 

​កត្តា​៥​​យ៉ាង​​អាច​បណ្ដាល​​​ឲ្យ​ឡាន​មាន​អគ្គីភ័យឆាបឆេះ

 

ម៉ាស៊ីន​ឡាន​ដែល​ឡើង​កម្ដៅ​ក្ដៅ​ខុស​ពី​ធម្មតា​ អាច​ធ្វើ​ឲ្យ​សារធាតុ​រាវ​មួយ​ចំនួន​ដូច​ជា​ ប្រេង​ម៉ាស៊ីន​ ឬ​ទឹក​បញ្ចុះ​កម្ដៅ​ កើន​ឡើង​សីតុណ្ហភាព​ទៅ​កាន់​កម្រិត​គ្រោះថ្នាក់​ ហើយ​វា​អាច​​នឹង​ចាប់​ផ្ដើម​ហូរ​ចេញ​មក​ក្រៅ។ នៅ​ពេល​ដែល​សារធាតុ​​រាវ​ទាំង​នោះ​ហូរ​ធ្លាក់​លើ​ ផ្នែក​ក្ដៅ​ៗ​​មួយ​ចំនួន​ទៀត​នៃ​រថយន្ត​​ជា​ពិសេស​ប្រព័ន្ធ​បញ្ចេញ​ផ្សែង​ វា​ងាយ​នឹង​បណ្ដាល​ឲ្យ​កើត​មាន​អគ្គីភ័យ​ណាស់។

 

៣. ឧបករណ៍​បម្លែង​កាតាលីករ​ឡើង​កម្ដៅ​ខ្លាំង

 

​កត្តា​៥​​យ៉ាង​​អាច​បណ្ដាល​​​ឲ្យ​ឡាន​មាន​អគ្គីភ័យឆាបឆេះ

 

​ជា​ធម្មតា​ឧបករណ៍​បម្លែង​កាតាលីករ​តែង​ឡើង​កម្ដៅ​ដោយ​សារ​​វា​ធ្វើ​សកម្មភាព​ខ្លាំង​ខុស​ពី​ធម្មតា​ដើម្បី​ដុត​ផ្សែង​បំពុល ដែល​នេះ​បណ្ដាល​មក​ពី​ម៉ាស៊ីន​ឡាន​​ដំណើរ​ការ​មិន​ស្រួល​​ មិន​អាច​ដុត​​ប្រេង​ឥន្ធនៈ​បាន​ល្អ​ និង​ធ្វើ​ឲ្យ​សារធាតុ​ជា​ច្រើន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​បញ្ចេញ​ផ្សែង។

 

៤. ហូរ​សារធាតុ​រាវ

 

​កត្តា​៥​​យ៉ាង​​អាច​បណ្ដាល​​​ឲ្យ​ឡាន​មាន​អគ្គីភ័យឆាបឆេះ

 

សារធាតុ​រាវ​មួយ​ចំនួន​ ដូច​ជា​​ប្រេង​សាំង​ ឬ​ម៉ាស៊ូត​, ប្រេង​ម៉ាស៊ីន, ប្រេង​ប្រអប់​លេខ, ប្រេង​​​ចង្កូត​, ប្រេងហ្វ្រាំង រួម​ទាំង​ប្រេង​បញ្ចុះ​កម្ដៅ​ម៉ាស៊ីន។ សារធាតុ​ទាំង​អស់​នេះ​សុទ្ធ​តែ​​​​អាច​បង្ក​អគ្គីភ័យ​ក្នុង​កម្រិត​ខ្ពស់​ ហើយ​ប្រសិន​បើ​វា​ហូរ​ចេញ​ពី​រថយន្ត​ បូក​រួម​ទាំង​រថយន្ត​ស្រាប់​តែ​​ជួប​ប្រទះ​ការ​ប៉ះ​ទង្គិច​ទៀត​​អ្វី​នោះ​ អគ្គីភ័យ​អាច​កើត​ឡើង​បាន​យ៉ាង​ងាយ។

 

៥. មិន​បាន​ថែទាំ​ត្រឹម​ត្រូវ

 

​កត្តា​៥​​យ៉ាង​​អាច​បណ្ដាល​​​ឲ្យ​ឡាន​មាន​អគ្គីភ័យឆាបឆេះ

 

ការ​ធ្វេស​ប្រហែស​ក្នុង​ការ​ថែទាំ​រថយន្ត​ក៏​អាច​ជា​កត្តា​បណ្ដាល​ឲ្យ​កើត​មាន​អគ្គីភ័យ ដូច​ជា​បន្ត​ប្រើ​ប្រាស់​រថយន្ត​ទោះ​បី​ជា​​មាន​គ្រឿង​បន្លាស់​មួយ​ចំនួន​ខូចខាត​ ឬ​សន្ទះ​ការពារ​របូត​ដែល​​ធ្វើ​​ឲ្យ​លេច​ធ្លាយ​ប្រេង​ជា​ដើម។ ដូច​នេះ​ដើម្បី​ធានា​សុវត្ថិភាព​គួរ​ណា​តែ​ត្រួត​ពិនិត្យ​រថយន្ត​ឲ្យ​បាន​ញឹក​ញាប់​និង​គ្រប់​ជ្រុង​ជ្រោយ៕

 

ចុច​អាន៖ ទម្លាប់​អាក្រក់​៦​យ៉ាង​​របស់​អ្នក​បើក​បរ​​ ធ្វើ​ឲ្យ​ឡាន​ខូច​ដោយ​មិន​ដឹង​ខ្លួន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ HowStuffWorks