លោក Trump​ មិន​ចូលរួម​វេទិកា​ពិភាក្សា​របស់​គណបក្ស​សាធារណរដ្ឋ​មុន​​​ការបោះឆ្នោត​នៅ ​Iowa

លោក Trump​ មិន​ចូលរួម​វេទិកា​ពិភាក្សា​របស់​គណបក្ស​សាធារណរដ្ឋ​មុន​​​ការបោះឆ្នោត​នៅ ​Iowa

រូប​​ឯកសារ៖ រូបថត​ផ្គុំ​គ្នា​នៃ​លោក​ Donald Trump បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ និង​នាង Megyn Kelly អ្នក​សម្រប​សម្រួល​កម្មវីធី​ទូរទស្សន៍ Fox។

លោក​ Donald Trump​ ដែល​ជា​អ្នក​នាំ​មុខ​គេ​នៃ​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​តែ​ធ្វើ​ពហិការ​មិន​ចូល​រួម​វេទិកា​ពិភាក្សា​ដេញ​ដោល​ជា​លើក​ចុង​ក្រោយ​បង្អស់​ មុន​ការ​បោះឆ្នោត​នៅ​រដ្ឋ​ Iowa ​នៅ​សប្តាហ៍​ក្រោយ​នេះ។

លោក ​Trump​ ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​នាំ​មុខ​គេ​នៅ​ក្នុង​ការស្ទង់​មតិ​សាធារណៈ​នៃ​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​សាធារណរដ្ឋ ​បាន​និយាយ​ថា លោក​នឹង​មិន​ចូល​រួម​ក្នុង​វេទិកា​ពិភាក្សា​ដេញដោល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​មាន​រយៈ​ពេល​៤​ថ្ងៃ​មុន​ការ​បោះឆ្នោត​នៅ​រដ្ឋ​ Iowa​ ទេ​ ដោយ​សារ​លោក​មាន​អារម្មណ៍​ថា ​លោក​នឹង​មិន​ត្រូវ​បាន​អ្នក​សម្រប​សម្រួល​ម្នាក់​នៃ​វេទិកា​ពិភាក្សា​ដេញដោល​នោះ​ គឺ​លោកស្រី ​Megyn Kelly ​នៃ​ទូរទស្សន៍ ​Fox News​សួរ​សំណួរ​ដោយ​យុត្តិធម៌​នោះ​ទេ។

លោក ​Trump​ ដែល​ជា​មនុស្ស​ល្បីល្បាញ​និង​ជា​អ្នកនយោបាយ​ថ្មី​នោះ បាន​ឈ្លោះ​ជាមួយ​នឹង​លោកស្រី​ Kelly ​តាំង​ពី​ខែ​សីហា​មក​ម្ល៉េះ នៅ​ក្នុង​វេទិកា​ពិភាក្សា​ដេញដោល​មួយ ដែល​លោក​ស្រី​បាន​សួរ​ទៅ​លោក​ Trump​ ឲ្យ​ពន្យល់​ពី​មូលហេតុ​ដែល​លោក​បាន​និយាយ​មើល​ងាយ​ស្រ្តី​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក​ លោក ​Trump​ បាន​និយាយ​ថា ​លោកស្រី​ Kelly ​បាន​មាន​រដូវ​ក្នុង​អំឡុង​ពេល​ដែល​សម្របសម្រួល​វេទិកា​ពិភាក្សា​ដេញដោល​នោះ ដែល​បាន​ធ្វើ​ឲ្យ​បេក្ខជន​នៃ​គណបក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​ជាច្រើន​រូប ​ទាំង​ស្រី​ទាំង​ប្រុស​មាន​ការខឹងសម្បារ​នឹង​លោក។

មុន​ពេល​បើក​កិច្ចពិភាក្សា​ដេញដោល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ និង​មុន​ពេល​នៃ​ការបោះឆ្នោត​ថ្នាក់ជាតិ​ដំបូង​បង្អស់​នៅ​រដ្ឋ​ Iowa ​លោក​ Trump ​បាន​ស្នើ​ឲ្យ​ទូរទស្សន៍ ​Fox​ ដក​លោកស្រី ​Kelly ​ពី​វេទិកា​ពិភាក្សា​ដេញដោល​នោះ ប៉ុន្តែ​ទូរទស្សន៍​នេះ​បាន​ឆ្លើយ​តប​មកវិញ​ថា ខ្លួន​នឹង​មិន​គោរព​តាម​ការទាមទារ​របស់​លោក ​Trump ​ឡើយ​ ហើយ​ថា​ លោក​ Trump​ នឹង​ត្រូវ​បាន​គេ​សួរ​សំណួរ​ដោយ​យុត្តិធម៌៕