ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជ​ធានីភ្នំពេញ ៖ ​តាម​​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​​កោះ​សន្តិភាព​បាន​ឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ​​មាន​​ករណី​ចោរ​ចូលប្លន់​​ផ្ទះ​លក់​ពូក​​​មួយ​កន្លែង​ ​បណ្តាល​ឱ្យ​​​​​ស្ត្រី​ម្ចាស់​ផ្ទះ​រង​​​របួស​​បែក​ក្បាល ​រួច​​​ប្រមូល​យក​​ប្រាក់​​អស់​ចំនួន​៧ពាន់​ដុល្លារ​ ​និង​គ្រឿង​អលង្ការ​មាន​​ខ្សែ.ក​ ខ្សៃ​ដៃ​មាស​​៥ជី កាល​​ពី​វេលា​ម៉ោង​៧​និង​២៥នាទី​ព្រឹក​​ថ្ងៃទី​២៨ មករា ២០១៦ នេះ ​​ស្ថិត​នៅ​ផ្ទះ​លេខ​៥ ភូមិ​មិត្ត​ភាព សង្កាត់​ឫស្សី​កែវ ខណ្ឌ​​ឫស្សីកែវ ។

ជន​រង​​​គ្រោះ​ ឈ្មោះ ​ចាប សុគន្ធា អាយុ​៣៣​ឆ្នាំ ​មុខ​របរ​លក់​​ពូក​​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាង​លើ ​​ត្រូវ​ចោរ​ប្លន់​​ចាប់វាយ​និង​ចាប់​​ក្បាល​​បោក​ផ្ទុប​នឹង​ឥដ្ឋ​រង​របួស​បែក​ក្បាល​​សន្លប់​​​​​ស្តូក​ស្តឹង​​ ខណៈ​ពេល​ប្តី​រវល់​ជូន​កូន​ទៅ​សាលា​រៀន​នៅ​ផ្ទះ​តែ​ម្នាក់​ឯង ។

​ប្រភព​បាន​បន្ត​ថា ​មុន​ពេល​​​​​​កើត​ហេតុ​​ ជន​ល្មើស​​មាន​តែ​ម្នាក់​​​ឯង​ដោយ​ធ្វើ​ជា​ចូល​ទៅ​ទិញ​​ពូក ​​​​ឃើញ​ឱកាស​​ស្ងាត់​ក៏​​ធ្វើ​សកម្ម​ភាព​ដោយ​ស្ទុះ​ទៅ​​ចាប់​​​​ស្ត្រី​ម្ចាស់​ផ្ទះ​​វាយ និង​​ចាប់​ក្បាល​​បោក​ផ្ទុប​ទៅ​នឹង​ឥដ្ឋ​​​បែក​ក្បាល​​សន្លប់​នៅនឹង​កន្លែង រួច​ជន​ល្មើស​​​ចូល​ទៅ​រើ​កកាយ​ក្នុង​ផ្ទះ​យក​ប្រាក់​​អស់​ចំនួន​៧ពាន់​ដុល្លារ​ និង​គ្រឿង​អលង្ការមាន​​​ខ្សែ.ក​ ខ្សៃ​ដៃ​មាស​​៥ជី ​​​រត់​គេច​ខ្លួន​បាត់​ស្រមោល ។

​ក្រោយ​កើតហេតុ ស្ត្រី​រង​​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​​​ឯក​ជន​​ក្បែរ​ផ្ទះ ៕

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​​សន្តិភាព