ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ បានសរសេរនៅ​លើបណ្តាញទំនាក់ទំនងសង្គ ​(Facebook) Page ​ផ្លូវការរបស់​សម្តេចបង្ហោះ​នៅព្រឹក​ថ្ងៃទី​២៨ មករា ២០១៦ ​មានខ្លឹមសារទំាងស្រុងដូចតទៅ​ ៖ "ក្មួយៗយុវជន ​យុវនារីជាទីស្រឡាញ់!

In this post I’m asking my Cambodian people to quit smoking, especially youth. I used to be a heavy smoker for more than 40 years. I’ve tried 12 times to quit smoking. Finally, I quitted smoking about 22 months now. I hope Cambodian people can do it for their own health.

តាំងពីពេលមុន​មកទល់ពេលបច្ចុប្បន្នមនុស្សមួយ​ចំនួនធំនិយមជក់បារី។​ ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើង​ ក្រោយពីប្រទេស​បានធ្លាក់ក្នុងសង្រ្គាមនៅឆ្នាំ ១៩៧០ ពេលនោះយុវជន​នៅទូទាំងប្រទេសបានក្លាយ​ទៅជាចំណាប់ខ្មាំងនៃសង្រ្គាមដែលគ្មាន​ផ្លូវទី៣សម្រាប់ជ្រើសរើស​ ព្រោះប្រទេសបាន​បែងចែកជាតំបន់កាន់កាប់២ គឺម្ខាង​ត្រួតត្រាដោយរដ្ឋាភិបាល​ចេញពីរដ្ឋប្រហារដោយសេនាប្រមុខ​ លន់នុល ​និងម្ខាងទៀតគ្រប់គ្រង​នៅតំបន់រំដោះដែលដឹកនាំដោយ ​សម្តេចព្រះ ​នរោត្តម សីហនុ។ យុវជន​គ្មានផ្លូវជ្រើសរើស​ម្រាប់អោយយើងនៅផ្លូវ​ចន្លោះកណ្តាលនោះទេ។ ​​សម្រាប់ខ្ញុំដែលតស៊ូតាម​ការអំពាវនាវរបស់​​ សម្តេចព្រះ នរោត្តម សីហនុ ​ គឺខ្ញុំបានក្លាយខ្លួន​ទៅជា​យុទ្ឋជនម្នាក់នៃកងទ័ពតាំងពីថ្ងៃទី​ ៤ ខែ មេសា ១៩៧០ ​​បន្ទាប់ពីរដ្ឋប្រហាររបស់ ​លន់នុល នៅថ្ងៃទី ​១៨ មិនា ១៩៧០​ ទម្លាក់សម្តេចព្្រះ​ នរោត្តម សីហនុ តែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ។

ក្រោយពីចូលកងទ័ព ​ ខ្ញុំបានក្លាយទៅជាអ្នកជក់បារី ​ដោយចាប់ផ្តើមពីការរៀនជក់ ​ អាស្រ័យដោយការជក់នៅពេលនោះ​ គឺដើម្បីកាត់បន្ថយភាព​តានតឹងក្នុងការរងារ​ កាត់​បន្ថយមូស​ និងសត្វល្អិតខាំ។ ​ប៉ុន្តែក្រោយមកការជក់នេះគឺ​ចាប់ក្លាយទៅជាឆ្ងាញ់ហើយញៀន ​និងបន្តមកទៀត ខ្ញុំបានជក់ដើម្បីការគិត។ ​ខ្ញុំនៅចាំបានថាយុទ្ឋជននៅ​អង្គភាពខ្ញុំស្ទើរតែ១០០%​ ដែលចេះជក់បារី​ ។ កាញៀនបារីរបស់ខ្ញុំនេះ ​ទោះបីស្ថិតក្នុងស្ថានភាពភាពលំបាកក្នុងការរកថ្នាំជក់​ គឺខ្ញុំស្វែងរកស្លឹកល្ហុង ​និងស្លឹកឈើផ្សេងៗ​មកជក់ជំនួសបារី។

នៅក្រោយថ្ងៃរំដោះឆ្នាំ​ ១៩៧៩ រហូតមកទល់ ខែ​មិនា ២០១៤ ​ ខ្ញុំបានព្យាយាមឈប់ជក់បារីចំនួន១២លើក។​ ចំពោះរឿងរ៉ាវដែលខ្ញុំចងចាំ ​ និងគួរអោយខ្មាសអៀនខ្លួនឯង គឺនៅពេលអាពាហ៌ពិពាហ៌កូនស្រីខ្ញុំ ​ខ្ញុំបាននិយាយទៅកាន់អ្នកចូលរួម​ក្នុងពិធីទាំងភ្ញៀវជាតិ និងអន្តរជាតិថា ​ ប្រសិនបើខ្ញុំមានចៅ ​ខ្ញុំនឹងឈប់ជក់បារី​ ខ្ញុំនិយាយជាភាសា​ខ្មែរផង​ និងភាសាអង់គ្លេសផង​ធ្វើអោយភ្ញៀវចូលរួមទះដៃអបអរសាទរយ៉ាងខ្លាំង។ ​ ប៉ុន្តែជាការគួរអោយសោកស្តាយ ​ដែលខ្ញុំមិនអាចធ្វើបាន។​ ថ្ងៃ ២៨ ខែ មករា ឆ្នាំ ២០០០ ចៅស្រីរបស់ខ្ញុំបានចាប់កំណើត​។ ការសន្យារបស់ខ្ញុំគឺមិនអាច​អនុវត្តន៍ទៅបានរហូតមកដល់ខែ​ មិនាឆ្នាំ ២០១៤ ​ទើបខ្ញុំប្តេជ្ញាបញ្ឈប់ការ​ជក់បារី ​ដែលការប្តេជ្ញានេះ​មិនត្រឹមតែបំពេញនូវការសន្យាទេ​ ប៉ុន្តែគឺដើម្បីសុខភាពផ្ទាល់របស់ខ្ញុំ ​របស់ភរិយាខ្ញុំ របស់កូនៗ ​ និងចៅរបស់ខ្ញុំ ​ហើយដើម្បីអោយស្រប​ទៅនឹងចរន្តនៃ​ចលនារបស់​ពិភពលោក​ ក៏ដូចជានៅកម្ពុជា ​ដែលទាមទារអោយកាត់បន្ថយ ​និងឈប់ជក់បារី ​ដើម្បីធ្វើអោយកម្ពុជាគ្មានផ្សែងបារី។

ខ្ញុំមិនអាចណែនាំ​ ទៅកាន់ប្រជាពលរដ្ឋអោយឈប់ជក់បារីបានទេ​ ប្រសិនបើខ្ញុំនៅតែបន្តជក់។​ ព្រោះថាបោសសំអាត​ផ្ទះខ្លួនឯងមិនស្អាតផង ​តើទៅបោសសំអាតផ្ទះ​គេ​យ៉ាងណា? ​ប្រីយមិត្តដែលលេងហ្វេសប៊ុគ​បានចូលបានដាក់សំណួរថា​ (តើវិធីឈប់ជក់បារីធ្វើយ៉ាងម៉េច?) ​ខ្ញុំបានឆ្លើយតបទៅគាត់វិញថា​ គឺការតាំងចិត្តឈប់ជក់​ ព្រោះ​បទពិសោធន៍របស់ខ្ញុំ ​គឺខ្ញុំដាក់បារីទាំងនៅគ្រប់ទីកន្លែងធ្វើការ ​ទាំងក្នុងហោប៉ៅអាវ ក្នុងឡាន ​ ទាំងបារីមែនទែន ​បារីសិប្បនិម្មិត(Electric Cigarette) ​ទាំងថ្នាំបៀម និងស្ករបៀម (gums)។ ប៉ុន្តែខ្ញុំមិនពាល់វាតែម្តង។ ​គិតពីខែមិនា ឆ្នាំ ២០១៤ ​មកទល់បបច្ចុប្បន្ននេះមានរយះពេល​ ២២ ខែហើយដែលខ្ញុំបាន​ផ្តាច់បារីចោលបានទាំងស្រុង។ រយះពេល ២២ ខែនេះ ​ ខ្ញុំលែងគេចចេញពីចៅៗ​ ព្រោះខ្លាចចៅទទួលផលប៉ះពាល់ដោយផ្សែងបារី ​ដែលពីមុនខ្ញុំតែងតែរត់ចេញ ​ឬពន្លត់បារីចោល​ភ្លាមពេលចៅៗ​មក​លេងម្តងៗ ឬពេលដែលខ្ញុំទៅមើលចៅ។​ ភរិយាខ្ញុំក៏លែងត្អូញត្អែរអំពី​ការធំក្លិនបារីនៅក្នុងផ្ទះនិងក្នុងបន្ទប់។

ថ្ងៃទី ២៨ មករា ២០១៦ នេះ​ គឺចៅស្រីរបស់ខ្ញុំគ្រប់អាយុ ១៦ ឆ្នាំ ។ ​ កាដូធំជាងគេសម្រាប់នាង ​គឺខ្ញុំបានបំពេញតាមការសន្យាដែលថា​ពេលមានចៅគឺខ្ញុំឈប់ជក់បារី ។ ដោយយោងទៅលើបទពិសាធន៍ជាយុវជនជំនាន់មុន​ ខ្ញុំសូមអំពាវនាវចំពោះ​ប្រជាជនដែលបាននិងកំពុងជក់បារី ​សូមមេត្តាឈប់ជក់បារី​ ។ ចំពោះយុវជន យុវនារី​ដែល​មិនទាន់ចេះជក់បារី សូមកុំរៀនជក់បារី​ វាមិនមែនគ្រាន់តែសន្សំប្រាក់កាសប៉ុណ្ណោះទេ ​ប៉ុន្តែជាបញ្ហាសុខភាពផ្ទាល់របស់យើងម្នាក់ៗ ​របស់ក្រុមគ្រួសារយើង​ របស់មិត្តភ័ក្ត​ដែលរួមប្រាស្រ័យការងារជាមួយយើង​ របស់សហគមន៍យើង​ និងដល់បរិស្ថានដែល​ជាផ្នែកមួយនៃសុខភាពសាធារណះ៕"