ប្រទេស​អ៊ូហ្គង់ដា​យល់​ឃើញ​ខុសគ្នា​អំពី​សវនាការ​កាត់​ទោស​លោក​ Ongwen

ប្រទេស​អ៊ូហ្គង់ដា​យល់​ឃើញ​ខុសគ្នា​អំពី​សវនាការ​កាត់​ទោស​លោក​ Ongwen

អតីត​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កងទ័ព​តស៊ូ​ LRA លោក Dominic Ongwen អង្គុយ​នៅ​ក្នុង​បន្ទប់​តុលាការ​ឧក្រិដ្ឋកម្ម អន្តរជាតិ​នៅ​ក្រុង​ឡាអេ។សវនាការ​បញ្ជាក់​បទ​ចោទប្រកាន់​​ទៅ​លើ​លោក​ Dominic Ongwen នៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ដែល​នឹង​សម្រេច​​ថា​តើ​នឹង​មាន​ភស្តុតាង​គ្រប់​គ្រាន់​សម្រាប់​ដាក់​បន្ទុក​ដែរ​ឬ​អត់​នោះ​ បាន​នាំ​ឲ្យ​មាន​ការ​ជជែក​គ្នា​ជាច្រើន​អំពី​យុត្តិធម៌​ និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់ដា​ភាគ​ខាង​ជើង។​ កាំប៉ាឡា—

នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​អ៊ូហ្គង់ដា​កំពុង​មើល​ការផ្សាយ​ផ្ទាល់​អំពី​ការ​ឡើង​សវនាការ​នៅ​បឋម​នៃ​ការ​ជំនុំ​ជម្រះ​លើអតីត​មេបញ្ជាការ​កងទ័ព​ LRA ​នៅ​ក្នុង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ឯ​ទីក្រុង​ឡាអេ។

សំណុំ​រឿង​លោក​ Dominic Ongwen​ បាន​ធ្វើ​ឲ្យ​មាន​ការ​ខ្វែងគំនិត​គ្នាជាច្រើនទៅ​លើ​អត្ថន័យ​នៃ​ការ​ផ្សះផ្សា​ និង​យុត្តិធម៌។​ លោក​ Ongwen ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​អ្នក​រងគ្រោះ​ផង​ និង​ជា​ជន​ដៃ​ដល់​ផង។​

លោក ​Ongwen​ ត្រូវ​បាន​កងទ័ព​តស៊ូ​ LRA ​ចាប់​យក​ទៅ​នៅ​ពេល​លោក​មាន​អាយុ​ទើប​តែ​១០​ឆ្នាំ​ប៉ុណ្ណោះ។​ លោក​បាន​ចូលក្នុងជួរ​ទាហាន​កុមារ​រាប់​ពាន់​នាក់។​ ប៉ុន្តែ​ មួយ​រយៈ​ក្រោយ​មក​ លោក​Ongwen ក៏​បាន​លេច​ធ្លោ​នៅ​ក្នុង​ជួរ​កងទ័ព​តស៊ូ​ LRA​ ដោយ​បាន​បើក​ការវាយ​ប្រហារ​ជាច្រើន​លើក​ និង​ឡើង​ឋានៈ​ជា​បន្តបន្ទាប់​ចូល​ទៅ​ក្នុងក្រុម​ស្នូល​របស់​មេដឹកនាំ​ Joseph Kony។

លោក​ Ongwen បាន​ប្រគល់​ខ្លួន​ចុះ​ចាញ់​នៅ​ប្រទេស​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ កាលពី​ខែ​មករា​ ឆ្នាំ​២០១៥​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ICC ​ភ្លាមៗ​បន្ទាប់​ពី​នោះ​មក។​

អង្គការ​ច្បាប់​ជន​ភៀសខ្លួន (Refugee Law Project) ​ដែល​ដឹកនាំ​កម្មវិធី​មួយ​ចំនួន​ទាក់ទង​នឹង​សន្តិភាព​ និង​យុត្តិធម៌​ បាន​រៀប​ចំ​ទីតាំង​ចាក់​ផ្សាយ​អំពី​ការ​ជំនុំ​ជម្រះ​ចំនួននៅ​ទីតាំង​ចំនួនប្រាំ​មួយ​កន្លែង​នៅ​ទូទាំង​ភាគ​ខាង​ជើងប្រទេស​អ៊ូហ្គង់ដា​។​ ជន​រងគ្រោះ​ដោយសារ​សង្រ្គាម​ អាច​ទស្សនា​ការផ្សាយផ្ទាល់​នេះ​ជាមួយ​គ្នា​នឹង​អ្នក​ដឹកនាំ​សហគមន៍​ និង​មេដឹកនាំ​សាសនា​អំពី​សវនាការ​មុន​ការ​កាត់ទោសលោក​ Ongwen​ ។​

លោក​ Stephen Oolo​ នាយកអង្គការ​ច្បាប់​ជន​ភៀសខ្លួន​ បាន​និយាយ​ថា​ មាន​មតិ​យោបល់​ខុស​ប្លែក​គ្នា​ជាច្រើន​អំពី​តួនាទី​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​ICC។​

«ប្រជាជន​នៅ​តែ​តាម​ដាន​មើល​ដំណើរការ​កាត់​ទោស​នេះ​យ៉ាង​យក​ចិត្ត​ទុកដាក់។ មុន​ពេល​ចាក់ផ្សាយ​ យើង​បាន​បើក​ការ​ពិគ្រោះ​ខ្លះៗ​ជាមួយ​ជន​រង​គ្រោះ។​ យើង​ឃើញ​ថា ​ការ​ឆ្លើយតប​របស់​ពួក​គេ​មាន​លក្ខណៈ​ចម្រុះ។​ មាន​អ្នក​ដែល​ចង់​ឲ្យ​កាត់​ទោស​ Ongwen នៅ​អ៊ូហ្គង់ដា​នេះ។​ ប៉ុន្តែ​ក៏​មាន​មនុស្ស​ជាច្រើន​ទៀត​អ្នក​យល់​ថា ​Ongwen ​គួរតែ​ត្រូវ​បាន​ជំនុំ​ជម្រះ​នៅ​តុលាការ​ ICCប្រសើរ​ជាង។​

លោក​ Oolo​ បាន​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​ជាច្រើន​កំពុងតែ​ងឿយ​ឆ្ងល់​ថា ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​អ៊ូហ្គង់ដា​ មិន​ដើរ​តួនាទី​ចម្បង​នៅ​ពេល​ធ្វើ​សវនាការ​នោះ។​ នេះ​មិន​មែនដោយសារ​តែ​កង​ការពារ​ប្រជាជន​អ៊ូហ្គង់ដា ​UPDF​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ក្នុងពេល​មាន​សង្រ្គាម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ដោយសារ​តែ​រដ្ឋាភិបាល​នេះ​មិន​បាន​ការពារ​លោក Ongwen ពី​ពួក​ទាហាន​តស៊ូ​ LRA ​តាំង​ពី​ដំណាក់​កាល​ដំបូង។​

«ខ្ញុំ​ទើប​តែ​បាន​ស្តាប់​រដ្ឋ​អាជ្ញា​អានអង្គហេតុ​នៃ​ករណី​នេះ។​ ហើយ​ខ្ញុំ​គិត​ថា​ ពួកគេ​បាន​ធ្វើការបង្ហាញ​បាន​ល្អ​អំពី​លក្ខណៈ​និង​ប្រវត្តិ​របស់​កងទ័ព​តស៊ូ ​LRA។​ ក៏ប៉ុន្តែ​ អ្វី​ដែល​មិន​ច្បាស់​គឺ​តួនាទី​របស់​រដ្ឋាភិបាល​ និង​កង​កម្លាំង​រដ្ឋាភិបាល។ បញ្ហា​មួយ​ដែល​រឿង​ក្តី​របស់​ Ongwen បាន​ធ្វើ​ឲ្យ​លេច​ចេញ​ឡើង​នេះ​ គឺ​បញ្ហា​ទាក់​ទង់​នឹង​រឿង​ការពារ​ ដែល​ខ្ញុំ​គិត​ថា​រដ្ឋ​អាជ្ញា​គួរតែ​បាន​លើក​ឡើង​តាំងពី​ដំបូង​ ប៉ុន្តែ​គាត់​បាន​ធ្វើ​ខកខាន​ឱកាស​នោះ»។​

សវនាការ​មុន​ការ​កាត់​ទោស​លោក Ongwen​ ត្រូវគេ​រំពឹង​ថា​នឹង​មាន​រយៈពេល​បី​ទៅ​ប្រាំ​ថ្ងៃ។​ ប្រសិនបើ​តុលាការ​រក​ឃើញ​ថា​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក រឿង​ក្តី​នេះ​នឹង​ត្រូវ​បាន​វិនិច្ឆ័យ​នៅ​ក្នុង​អង្គជំនុំ​ជម្រះ​ពេញ​អង្គ៕

ប្រែ​សម្រួល​ដោយ៖​ សើ​ សាយ្យាណា