ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ក្រុងប៉ៃលិន មានការ​រងា​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ដោយសារ​រៀង​រាល់​យប់ មាន​ក្រុម​ចោរ​ចូល​ក្នុងផ្ទះ​លួច​ទ្រព្យសម្បត្តិ មាន់ ទា និង​របស់របរ​ផ្សេង​ៗ​ជា​ច្រើន ខណៈ​សមត្ថកិច្ច​នគរបាល ហាក់ដូចជា​គ្មាន​វិធានការ​ចំពោះ​ក្រុម​ចោរ​ទាំងនោះ​សោះ ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដេក​មិន​លក់ បក់​មិន​ល្ហើយ​ទេ ព្រោះ​ពេល​ឆ្កែ​ព្រុស​ម្តង​ៗ គាត់​បារម្ភ​ក្រែង​បាត់​មាន់ ទា និង​បាត់​សម្ភារ​ប្រើ​ប្រាស់​ផ្សេង​ៗ នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​ខ្លួន ។ ជាក់ស្តែង កាលពី​យប់​ថ្ងៃ​ទី​២៦ មក​រា កន្លង​មក ក្រុម​ចោរ​បាន​ចូល​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ លួច​ចាប់​មាន់ ទា លួច​ម៉ាស៊ីនបូមទឹក ទុយោ​បូមទឹក និង​របស់របរ​ផ្សេង​ៗ​ទៀត​ជា​ច្រើន ស្ថិត​នៅ​ក្នុងភូមិ​វាលវង់ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ប្រភព​ពី​បុរស​ម្នាក់​ឈ្មោះ​តេ​ង សុង អាយុ​៤៧​ឆ្នាំ ជា​កសិករ ត្រូវ​ចោរលួច​ម៉ាស៊ីនបូមទឹក​ស្រោច​ដំណាំ​អស់​១​គ្រឿង បាត់​មាន់​អស់​៥​ក្បាល ។ រីឯ​ស្ត្រី​ឈ្មោះ​នួន សុភាព អាយុ​៥០​ឆ្នាំ បាត់​អស់​ទុយោ​បូមទឹក​ស្រោច​ដំណាំ​អស់​ប្រវែង​១០០​ម៉ែត្រ​ផង​ដែរ ។