សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​អតីត​ពិធី​ការិនី​នាង​ឯក សុជាតា ហៅ​សា​សា បាន​ចំអក​ចំពោះ​ព័ត៌មាន​ដែល​អះអាង​ថា នាង​យល់ព្រម​ដក​ពាក្យបណ្តឹង​ពី​លោក​សុខ ប៊ុ​ន ជា​ថ្នូរ​នឹង​ទឹកប្រាក់​ប្រមាណ​២​លាន​ដុល្លារ ។

សាលា​បាន​ចាត់​ទុក​ព័ត៌មាន​ដែល​បាន​លើក​ឡើង​នេះ​គឺ​ផ្ទុយ​ស្រលះ​នឹង​នីតិវិធី​ច្បាប់ ខណៈ​ដែល​រហូត​ដល់​ពេល​នេះ​នាង​នៅ​មិន​ទាន់​បាន​ទទួល​ប្រាក់​សំណង​បន្តិច​ណា​ពី​លោក​សុខ ប៊ុ​ន ឡើយ កុំ​ថា​ឡើយ​ដល់​លាន​ដុល្លារ​នោះ ។

នាង​ឯក សុជាតា ហៅ​សា​សា បាន​សរសេរ​សារ​របៀប​ចំអក បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ថា «​អីយ៉ា​បាន​លុយ​ខ្ទង់លាន យី​មនុស្ស​អើយ​មនុស្ស​ស៊ីសាច់​ឆ្កែ​ច្រើន​ពេក​ទេ​ដឹង បានជា​បែក​ស្លុយ​អស់រលីង​អី​ុ​ចឹ​ង ? អា​អ្នក​ព្រុស​វា​មធ្យម​ទេ តែ​អា​អ្នក​បញ្ចេញយោបល់​លាប​ព័ត៌មាន​វិញ គឺ​បាន​ខ្លាំង ដូច​បាន​ទទួល​មរតក​ពី​ដូនតា​វា​អីុ​ចឹ​ង ! ពូកែ​អី​ុ​ចឹ​ង​ម៉េច​មិន​ទៅ​ធ្វើការ​នៅ​ពេទ្យសត្វ​ទៅ ?

បើ​ខ្ញុំ​លូកដៃ​យក​លុយ​គេ​ពីរ​លាន​នោះ គឺ​មិន​ពិត​ទេ កុំ​ថា​ឡើយ​១​ពាន់ ឬ​២​ពាន់​ដុល្លារ​ដូច​គេ​ថា​វា​មិន​ពិត​ទេ​» ។

ប្រតិកម្ម​តប​របស់​នាង​សា​សា​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ព័ត៌មាន​លេចឮ​ថា នាង​សម្រេច​ដក​ពាក្យបណ្តឹង​ពី​លោក​សុខ ប៊ុ​ន ហើយ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​សំណង​ចំនួន​២​លាន​ដុល្លារ ខណៈ​ពេល​ដែល​សវន​ការ​រឿង​ក្តី​របស់​នាង​ដំណើរការ​ដោយ​បិទទ្វារ​កាលពី​ថ្ងៃ​ទី​២៦ មក​រា ឆ្នាំ​២០១៦​។ បើ​ទោះបីជា​រឿង​ក្តី​មួយ​នេះ​ត្រូវ​បាន​បិទ​បញ្ចប់ ប៉ុន្តែ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​លើក​ពេល​ក្នុង​ការ​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​១៥ កម្ភៈ ឆ្នាំ​២០១៦ ។

មេធាវី​ការពារ​ក្តី​ឲ្យ​នាង​សា​សា លោក​ពុធ ធា​វី អះអាង​ថា កូនក្តី​របស់​លោក​បាន​ដក​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​ទី ០៤ ធ្នូ ឆ្នាំ​២០១៥ ថែម​ទាំង​ទទួល​បាន​សំណង​រដ្ឋប្បវេណី​ផ្លូវការ​រួច​ហើយ តែ​មេធាវី​នៅ​តែ​ទាមទារ​ឲ្យ​ចៅក្រម​សម្រេច​តាម​ផ្លូវច្បាប់ ។

ការ​អះអាង​របស់​លោក​មេធាវី​ការពារ​ក្តី​ឲ្យ​សា​សា​នា​ពេល​នេះ​ហាក់ដូចជា​ស្រប​ទៅ​នឹង​ពាក្យ​ច​ចាម​អា​រ៉ាម​ថា សា​សា បាន​ទទួល​សំណង​ពី​លោក​សុខ ប៊ុ​ន ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ហើយ​សំណង​មួយ​នេះ​ត្រូវ​បាន​សា​សា យក​មក​ប្រើប្រាស់​ក្នុង​ការ​បើក​ភោជនីយដ្ឋាន​ដែល​មានឈ្មោះ​ថា «​ភូមិ​គ្រឹះ​ចំប៉ីស​» ខេត្តសៀមរាប ។

ពាក្យ​ច​ចាម​អា​រ៉ា​ម​មិន​ច្បាស់​ថា​ពិត ឬ​មិន​ពិត​ទេ មាន​តែ​ម្ចាស់ខ្លួន​ប៉ុណ្ណោះ​អាច​បញ្ជាក់​បាន តែ​មិន​អាច​ទាក់ទង​នាង​បាន ៕