ប្តី​បេះដូង​2​ចម្រៀក​លង់​ស្នេហ៍​ក្រោម​ភ្លើងពណ៌ ប្រពន្ធ​ឆេះដុំ​អុកឡុក​ផ្អើល​ហាង​ខារ៉ាអូខេ

ប្តី​បេះដូង​2​ចម្រៀក​លង់​ស្នេហ៍​ក្រោម​ភ្លើងពណ៌ ប្រពន្ធ​ឆេះដុំ​អុកឡុក​ផ្អើល​ហាង​ខារ៉ាអូខេ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដោយសារ​ហាម​លោក​ប្តី​មិន​ឲ្យ​ទាក់ទង​ជាមួយ​នារី​ខារ៉ាអូខេ​នៅ​តែ​លួច​ទាក់ទង​ទៀត  ក៏​កើតក្តី​ក្តៅក្រហាយ​ហើយ​បាន​ទៅ​ជួប​នារី​ខារ៉ាអូខេ​ដែល​ជា​ស្រី​កំណាន់​របស់​លោក​ប្តី​ដល់​មុខ​ហាង​រហូត​មានការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ទៅ​ចោមរោម ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែមករា នៅ​ក្បែរ​ខារ៉ាអូខេ​ញូ​វ​ស្តា​រ៍​តាម​ផ្លួ​វ​លេខ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ស្ត្រី​ដែល​ខឹង​ប្តី​មិន​ស្តាប់​នោះ​មិន​បាន​ស្គាល់ឈ្មោះ​ទេ មាន​អាយុប្រមាណ​ជា​៣០​ឆ្នាំ ។ រីឯ​នារី​ជា​បុគ្គលិក​បម្រើ​ការ​ក្នុង​ខារ៉ាអូខេ​ញូ​វ​ស្តា​រ៍ អាយុ​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ​គឺ​ក្មេង​ជាង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​ភ្ញាក់ផ្អើល​ពី​សង្គ្រាមពាក្យសម្តី​រវាង​ស្ត្រី​២​នាក់​នេះ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ និង​សមត្ថកិច្ច​ទៅ​ចោមរោម​មើល ទើប​ដឹង​ថា​ស្ត្រី​ម្នាក់​គឺជា​ប្រពន្ធ ឯ​ម្នាក់​ទៀត​គឺជា​នារី​បម្រើ​ការងារ​នៅ​ខារ៉ាអូខេ ។ ជម្លោះ​នេះ​កើតឡើង​ដោយសារ ស្ត្រី​ជា​ប្រពន្ធ​ខឹង​ហាម​ប្តី​មិន​ឲ្យ​ទាក់ទង​ជាមួយ​នារី​ខារ៉ាអូខេ​មិន​ស្តាប់ នៅ​តែ​ទាក់ទង​ទៀត ទើប​ជម្រើស​ចុង​ក្រោយ​ក៏​ទៅ​រករឿង​នារី​ខារ៉ាអូខេ​រូប​នេះ​តែ​ម្តង និង​ព្រមាន​ឲ្យ​ឈប់​ទាក់ទង​ប្តី​របស់​ខ្លួន ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​ដឹង​ថា  ប្តី​របស់​គាត់​បាន​ទាក់ទង​ជាមួយ​នារី​ខារ៉ាអូខេ​ខាងលើ​នេះ​ជា​យូរ​មក​ហើយ ដោយ​ឃើញ​លេខ​ទូរស័ព្ទ​របស់​នាង​ទាក់ទង​ទៅ​ប្តី​របស់​គាត់​រហូត​ថែម​ទាំង​ធ្លាប់​ទៅ​ដើរ​លេង​ជាមួយ​គ្នា​នៅ​ក្រុងព្រះសីហនុ​ទៀត​ផង ។ កន្លង​មក គាត់​ធ្លាប់​ហាម​ប្តី​ឲ្យ​ឈប់​ទាក់ទង​នាង​នេះ​ទៀត តែ​ប្តី​របស់​គាត់​នៅ​តែ​ទាក់ទង ។ មិនតែប៉ុណ្ណោះ​គាត់​ក៏​បាន​ប្រាប់​ទៅ​ស្ត្រី​ខារ៉ាអូខេ​រូប​នេះ​ឲ្យ​ឈប់​ទាក់ទង​ប្តី​របស់​គាត់​ផង​ដែរ តែ​នាង​មិន​ព្រម​ស្តាប់ ។ ហេតុនេះ​ហើយ​ទើប​គាត់​មក​ជួប​នាង​ផ្ទាល់​ដើម្បី​ជា​ការ​ព្រមាន ឈប់​ឲ្យ​ទាក់ទង​ប្តី​របស់​គាត់​ទៀត ។ ស្ត្រី​ភាគី​ខាង​ប្រពន្ធ​បាន​ព្រមាន​ថា បើសិនជា​គាត់​ដឹង​ថា នៅ​តែ​លួច​ទាក់ទង​ជាមួយ​ប្តី​របស់​គាត់​ទៀត​នឹង​មានរឿង​ហើយ ។

ចំណែក​នារី​ដែល​រង​ការ​ចោទប្រកាន់​ថា លួច​ទាក់ទង​ប្តី​របស់​គេ​នោះ​ឆ្លើយ​តប​ថា នាង​ធ្វើ ការ​នៅ​ក្នុង​ខារ៉ាអូខេ ពេល​ដែល​ភ្ញៀវ​មក​នាង​តែងតែ​ទទួល​រាក់ទាក់ ហើយ​ប្តី​របស់​ស្ត្រី​ខាងលើ​តែងតែ​ចូល​មក​ច្រៀង​ខារ៉ាអូខេ​ជា​ញឹកញាប់​ក៏​បាន​ស្គាល់គ្នា ប៉ុន្តែ​នាង​មិន​បាន​ទូរស័ព្ទ​ទៅ​ប្តី​របស់​គាត់​ទេ គឺ​ប្តី​របស់​គាត់​ទេ​ជា​អ្នក​ទូរស័ព្ទ​មក​រក​នាង ។

ដោយសារ​តែ​ការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​គេឯង ទើប​បុរស​ជា​សន្តិសុខ​យាម​នៅ​ក្បែរ​នោះ និយាយ​ថា ស្ត្រី​រូប​នេះ​មិន​គួរ​មក​រករឿង​នារី​ខារ៉ាអូខេ​ដែល​ជា​មុខរបរ​របស់​គេ​ទេ គួរតែ​ហាម​ប្តី​របស់​ខ្លួន​ឈប់​ឲ្យ​មក​ទាក់ទង​គេ​ទៀត​ទៅ​វាច​ប់រឿង​ទៅ​ហើយ ។ ប៉ុន្តែ​ស្ត្រី​ខាងលើ​បាន អះអាង​ថា គាត់​ហាម​ប្តី​ខ្លួនឯង​រហូត​ដល់​ចង់​មួ​លក​ហើយ តែ​ហាម​មិន​ស្តាប់ ទើប​គាត់​មក​ប្រាប់​នារី​ដែល​ទាក់ទង​ប្តី​របស់​គាត់​ឲ្យ​ឈប់​ទាក់ទង​វិញ​ម្តង​ក្រែង​មាន​ប្រសិទ្ធភាព​ជាង ។
បន្ទាប់​ពី​ការ​ប្រកែក​គ្នា​មួយ​ប្រាវ​ហើយ នារី​ខារ៉ាអូខេ​បាន​ចូល​ទៅ​ធ្វើការ​វិញ ចំណែក​ស្ត្រី​ខាងលើ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ ។ បញ្ហា​នេះ​ដើម​ភ្លើង​ពិតប្រាកដ​គឺ​បុរស​ជា​ប្តី​ឯណោះ​ទេ ដែល​ជា​អ្នក​អាច​ពន្លត់ភ្លើង​នេះ​បាន ៕