ភ្លើង​ប្រចណ្ឌ​ច្របាច់ក​សម្លាប់​ប្រពន្ធ​រួច​យក​ទៅ​ចង​.​ក​បន្លំ​ប៉ូលិស

ភ្លើង​ប្រចណ្ឌ​ច្របាច់ក​សម្លាប់​ប្រពន្ធ​រួច​យក​ទៅ​ចង​.​ក​បន្លំ​ប៉ូលិស

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​ត្រូវ​ប្តី​ចិត្តខ្មៅ​ច្របាច់ក​រហូត​ដល់​ស្លាប់ រួច​លើកសព​យក​ទៅ​ចង​.​ក ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ មក​រា នៅ​ភូមិ​កញ្ចាំង ឃុំ​សុង ស្រុក​សំឡូត ។ អំពើ​ហិង្សា​ដ៏​ឃោរឃៅ​នេះ ត្រូវ​សមត្ថកិច្ច​អះអាង​ថា កើតឡើង​ដោយសារ «​ភ្លើង​ប្រច័ណ្ឌ​» គ្មាន​ព្រំដែន ។ ទោះបីជា​បែប​ណា បុរស​ជា​ប្ដី​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ ពេល​កំពុង​រៀបចំ​ធ្វើ​បុណ្យសព​ប្រពន្ធ ។

អធិការរង​ស្រុក​សំឡូត លោក ម៉ែ​ន រី​ម បានឱ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ សៅ ឡឹម អាយុ​៣១​ឆ្នាំ រីឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ហាវ ឡា អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​។ លោក​អធិការរង​បាន​បន្ត​ថា បុរស​ជា​ប្ដី​បាន​វាយដំ និង​ច្របាច់​.​ក​ប្រពន្ធ​រហូត​ដល់​ស្លាប់  រួច​ធ្វើ​ជា​លើកសព​យក​ទៅ​ចង​.​ក ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច និង​អ្នក​ជិតខាង ។ លោក ម៉ែ​ន រី​ម បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ស្នាម​របួស​លើ​សព​ដែល​គួរ​ឱ្យ​សង្ស័យ ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឱ្យ​ឃាត់ខ្លួន​បុរស​ជា​ប្ដី​ជា​បណ្ដោះអាសន្ន ដើម្បី​សួរនាំ រហូត​ជន​ដៃដល់​រូប​នេះ​ឆ្លើយ​សារភាព​ទទួលខុសត្រូវ​តែ​ម្ដង ។

សាក្សី​នៅ​ក្នុងភូមិ​បាន​និយាយ​ថា នៅ​ពេល​កើតហេតុ គេ​ឃើញ​នៅផ្ទះ​ជន​រង​គ្រោះ​មានកម្ម​វិធី​ផឹកស៊ី ប៉ុន្តែ​ក្រោយមក ក៏​បែក​គ្នា​អស់​ទៅ ។ សាក្សី​បន្ត​ថា គ្មាន​នរណា​បានដឹង​ថា ប្ដី​ប្រពន្ធ​នេះ​ប្រើ​ហិង្សា​វាយ​សម្លាប់​គ្នា​ទេ ព្រោះ​ផ្ទះ​ជន​រង​គ្រោះ​នៅ​ដាច់​ឆ្ងាយ​ពី​គេឯង ។ ប៉ុន្តែ​បន្តិច​ក្រោយមក ស្រាប់តែ​គេ​ឃើញ​បុរស​ជា​ប្ដី​រត់​មក​ប្រាប់​គេឯង​ថា «​ប្រពន្ធ​ខ្លួន​បាន​ចង​.​ក​ស្លាប់​នៅ​លើ​ផ្ទះ​» គ្រានោះ​ក៏​មានការ​ភ្ញាក់ផ្អើល​ដែរ ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ស្លាកស្នាម​លើ​សព  ស្រាប់តែ​បែកធ្លាយ​រឿង​ប្ដី​សម្លាប់​ប្រពន្ធ ដោយសារ​ភ្លើង​ប្រច័ណ្ឌ​ទៅ​វិញ  ហើយ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​បុរស​ជា​ប្ដី​ភ្លាម​ៗ​ដែរ ពេល​កំពុង​រៀបចំ​ធ្វើ​ពិធី​បុណ្យសព​ឱ្យ​ប្រពន្ធ ។

សាក្សី​ក៏​បាន​បញ្ជាក់​ដែរ​ថា កន្លង​មក​ស្ត្រី​ជា​ប្រពន្ធ​តែង​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ លុះ​ត្រឡប់​មក​ផ្ទះ​វិញ​ម្ដង​ៗ គេ​តែង​ឮ​ប្ដី​ប្រពន្ធ​នេះ​ឈ្លោះប្រកែក​គ្នា​មិន​ឈប់  ដោយសារ​តែ​រឿង​ប្រច័ណ្ឌ​នេះឯង ។ នៅ​យប់​កើតហេតុ​ភ្លើង​ប្រច័ណ្ឌ​នេះ​ក៏​បាន​ផ្ទុះ​ឡើងជា​ថ្មី ដោយសារ​ឃើញ​ប្រពន្ធ​និយាយ​ទូរស័ព្ទ​មិន​ឈប់​ជាមួយ​បុរស​ម្នាក់​នៅ​ប្រទេស​ថៃ ទើប​ផ្ទុះ​ហិង្សា​ឈាន​ដល់​ការ​សម្លាប់​ប្រពន្ធ​តែ​ម្ដង ។

ជន​ដៃដល់​ឈ្មោះ សៅ ឡឹម បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ប្រពន្ធ​មែន ដោយសារ​ឃើញ​ប្រពន្ធ​និយាយ​ទូរស័ព្ទ​មិន​ឈប់ ឆ្លង​ឆ្លើយ​ជាមួយ​បុរស​ជនជាតិ​ថៃ ។ បុរស​នេះ​និយាយ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ប្រពន្ធ​ខ្លួន​ទាក់ទង​ជាមួយ​បុរស​នៅ​ប្រទេស​ថៃ គឺ​ញឹកញាប់​ណាស់ បើ​ទោះជា​ខ្លួន​ហាមឃាត់​ក៏​មិន​ព្រម​ស្ដាប់​ដែរ ។ ជន​នេះ​បញ្ជាក់​ថា នៅ​យប់​កើតហេតុ ខ្លួន​បាន​ព្យាយាម​ហាមឃាត់​ឱ្យ​ផ្អាក​និយាយ​ទូរស័ព្ទ​ខ្លះ ជាមួយ​បុរស​ជនជាតិ​ថៃ​នោះ តែ​ប្រពន្ធ​ខ្លួន​មិន​ស្ដាប់ ហើយ​បែរ​ជាយ​កជើង​ធាក់​ក្បាល​ខ្លួន​ទៀត​ផង ទើប​ខ្លួន​ក្ដៅក្រហាយ​ផ្ទុះ​ហិង្សា​វាយ និង​ច្របាច់​.​ក​សម្លាប់ ។

ស្នងការ​រង​ខេត្ត លោក​ឧត្តមសេនីយត្រី​ជេ​ត វណ្ណ​នី បាន​មាន​ប្រសាសន៍​ថា ក្រោយ​ពី​វាយ​សម្លាប់​ប្រពន្ធ ជន​នេះ​បាន​ព្យាយាម​យក​សាកសព​ប្រពន្ធ​ទៅ​ចង​.​ក និង​ក្រណាត់​អាវ ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច តែ​ដោយសារ​មន្ត្រី​ជំនាញ​មានការ​សង្ស័យ​ទៅ​លើ​ស្នាម​របួស​លើ​ផ្ទៃមុខ និង​ស្នាម​របួស​ត្រង់​.​ក ទើប​លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​បញ្ជា​ឱ្យ​ឃាត់ខ្លួន​បុរស​ជា​ប្ដី ដើម្បី​សួរនាំ ហើយ​ជនសង្ស័យ​រូប​នេះ​ឆ្លើយ​សារភាព​តែ​ម្ដង ។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ច្របាច់​.​ក​សម្លាប់​ប្រពន្ធ​មែន ដោយសារ​ភ្លើង​ប្រច័ណ្ឌ ហើយ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​បន្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕