ម្តាយ​ឡាំប៉ា​ពេល​ឃើញ​ប៉ូលិស​វ៉ៃ​ខ្នោះ​កូនប្រុស​យក​ទៅ​ព្រៃ​ស

ម្តាយ​ឡាំប៉ា​ពេល​ឃើញ​ប៉ូលិស​វ៉ៃ​ខ្នោះ​កូនប្រុស​យក​ទៅ​ព្រៃ​ស

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៧ មក​រា នៅ​សាលាដំបូង​រាជធានី ខណៈ​ពេល​ដែល​ស្ត្រី​ជា​ម្តាយ​បាន​យំ​ស្រែក និង​បាន​ប្រទាញប្រទង់​ដណ្តើម​កូន​ដែល​ជាប់​ខ្នោះដៃ​ពី​សមត្ថកិច្ច និង​បាន​ស្រែក​ផង​យំ​ផង​ថា តើ​កូន​គាត់​ខុស​អី បានជា​ចាប់​កូន​គាត់​យក​ទៅ​ដាក់គុក ? ទោះបីជា​មានការ​រារាំង​បែប​ណា​ក្តី​ជនជាប់ចោទ​ក៏​នៅ​តែ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស តាម​ដីកា​របស់​តុលាការ ។
ទាក់ទិន​នឹង​ករណី​នេះ នៅ​សាលាដំបូង​រាជធានី ត្រូវ​បាន​គេ​ដឹង​ថា បុរស​ដែល​សមត្ថកិច្ច​ស្លៀកពាក់​ស៊ី​វិល​នាំ​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​នោះ​ឈ្មោះ គង់ ដា​វី ហៅ គង់ រ៉ា​វី អាយុ​២៧​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម មុខរបរ​ជាងដែក (​ធ្វើ​កាំបិត ពូថៅ​) ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ជួរ​មាត់ទន្លេ ភូមិ​ឃ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី បាន​ចេញ​ដីកា​បង្គាប់​ឱ្យឈ្មោះ គង់ ដា​វី ហៅ គង់ រ៉ា​វី ចូលខ្លួន​មក​សាកសួរ​លើ​បណ្តឹង​មួយ​ដែល​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស គឺ​កាប់​គេ​ឱ្យ​របួស ហើយ​នេះ​ក៏​មិនមែន​ជា​ការ​កោះហៅ​លើក​ទី​មួយ​ដែរ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ការ​បង្គាប់​ឱ្យ​ចូលខ្លួន​របស់​ចៅក្រម​ស៊ើបសួរ យោង​តាម​បណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ម៉ា​ន់ ពិសី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​ត្រី និង​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ទីណា សា​ហ្វី​អាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស ជា​ខ្មែរ​អ៊ិ​ស្លា​ម​ដូច​គ្នា ស្នាក់​នៅផ្ទះ​លេខ​១៨៦៥ ភូមិ​ឃ ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ ។

ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​២​នាក់​នោះ​បាន​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ គង់ ដា​វី ហៅ គង់ រ៉ា​វី ថា កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ភាគី​ទាំង​២​មាន​ទំនាស់​ពាក្យ​សម្តី​មួយ​កើត​ទ្បើ​ង​ស្ថិត​នៅ​ទីតាំង​ភូមិ​សង្កាត់​ខាងលើ ។ ដំបូង​អ្នកស្រី គង់ ណុ​ប ជា​ម្តាយ​របស់​ឈ្មោះ គង់ ដា​វី ហៅ គង់ រ៉ា​វី បាន​ទាស់​ពាក្យ​សម្តី​ជាមួយ​ភាគី​ដើមបណ្តឹង ដោយ​មានការ​ជេរ​បញ្ចោរ​គ្នា​ទៅ​វិញ​ទៅ​មក ។ មួយសន្ទុះ​ឈ្មោះ​គង់ ដា​វី ហៅ គង់ រ៉ា​វី ឃើញ​ម្តាយ​មាន​ជម្លោះ​ជាមួយ​អ្នក​ជិតខាង​យ៉ាង​ស្រួច​ស្រាវ​ដូច្នេះ ក៏​បាន​ទាញ​កាំបិត​ខ្វែវ កាប់​ទៅ​លើ​ភាគី​ម្ខាង​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​រង​របួស​ជា​ទម្ងន់ ។

ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​បន្ត​ថា ពេល គង់ ដា​វី កាប់​ភាគី​ដើមបណ្តឹង​ហើយ​នោះ រូបគេ​មិន​បាន​គេចខ្លួន​ទៅ​ណា​ទេ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​មិន​បាន​ឃាត់ខ្លួន ឬ​ហៅ​ជន​រូប​នេះ​មក​សាកសួរ​ធ្វើ​ដំណ​ត់​ហេតុ​ដែរ ហើយ​ឈ្មោះ គង់ ដា​វី នៅ​បង្ហាញមុខ​រាល់ថ្ងៃ​យ៉ាង​ក្រអឺតក្រទម ។ ក្រោយ​ពី​មានរឿង​នោះ​កើត​ទ្បើ​ង ភាគី​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​តាម​លំដាប់លំដោយ រហូត​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

នៅ​ដំណាក់កាល​ខាង​អយ្យកា បាន​ចេញ​ដីកា​កោះហៅ​ឱ្យឈ្មោះ គង់ ដា​វី ចូលខ្លួន​ដែរ តែ​ឈ្មោះ​នេះ​មិន​ចូល​ទេ ១​លើក​ជា​២​លើក សំណុំរឿង​ត្រូវ​បាន​ខាង​អយ្យកា​ចោទប្រកាន់​ដាក់​ចូល​ទៅ​ចៅក្រម​ស៊ើបសួរ ។ ចៅក្រម​ស៊ើបសួរ​ក៏​បាន​ចេញ​ដីកា​បង្គាប់​ឱ្យឈ្មោះ គង់ ដា​វី ចូលខ្លួន ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា ឈ្មោះ គង់ ដា​វី បាន​ចូល​តាម​ដីកាកោះ​របស់​លោក​ចៅក្រម ក្នុង​នោះ​មាន​អម​ដោយ​មេធាវី រួម​ជាមួយ​ម្តាយ​ផង គឺ​អ្នកស្រី គង់ ណុ​ប ។ ក្រោយ​ពេល​លោក​ចៅក្រម​សាកសួរ​ចប់​សព្វគ្រប់ ចៅក្រម​យល់​ឃើញ​ថា នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​មួយ​ពាក់ព័ន្ធ​នឹង​ការ​កាប់​ជន​រង​គ្រោះ​ឱ្យ​រង​របួសធ្ងន់ ។ ដោយ​ចៀសវាង​ប៉ះពាល់​ដល់​ការ​ស៊ើបអង្កេត ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឈ្មោះ គង់ ដា​វី ហៅ គង់ រ៉ា​វី ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

បន្ទាប់​ពី​មាន​ដីកា​ឱ្យ​ឃុំខ្លួន​សមត្ថកិច្ច​បាន​ចាប់​ដាក់​ខ្នោះ​បណ្តើរ​ជន​ត្រូវ​ចោទ​នាំ​ទៅ​កាន់​ពន្ធនាគារ ។ ពេល​បណ្តើរ​ចុះ​ដល់​ក្រោម​ស្ថិត​នៅ​ក្នុង​បរិវេណ​សាលាដំបូង​ស្រាប់តែ​អ្នកស្រី គង់ ណុ​ប ជា​ម្តាយ​ឃើញ​កូន​ជាប់​ខ្នោះ​ឃើញ​ប៉ូលិស​បណ្តើរ​ក៏​ទ្បាំ​ប៉ា​ស្ទុះ​ទៅ​ប្រទាញប្រទង់​កូន​ពី​ដៃ​សមត្ថកិច្ច ក្នុង​បំណង​មិន​ឱ្យ​យក​ទៅ​ណា​ទេ ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទ្បើ​ង ៕