ដាច់​ខ្សែ​រ៉​ត​ធ្លាក់​ថ្ម​ស្លាប់​និង​របួស​កម្មករ​រ៉ែ​មាស

ដាច់​ខ្សែ​រ៉​ត​ធ្លាក់​ថ្ម​ស្លាប់​និង​របួស​កម្មករ​រ៉ែ​មាស

ខេត្តមណ្ឌលគិរី ៖ អណ្ដូងរ៉ែ​មាស​មួយ​កន្លែង​នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា បាន​ឆក់​យក​ជីវិត​កម្មករ​ម្នាក់ ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​រណ្តៅ ចំណែក​បុរស​ម្នាក់​ទៀត​រង​របួសធ្ងន់​និង កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ឃុំ ។​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​១៧​នាទី​ព្រឹក ថ្ងៃ​ទី​២៧ មក​រា ។លោក​វរ​សេនី​យ៏​ទោ ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ថា កម្មករ​ដែល​ស្លាប់​មានឈ្មោះ លឹ​ម សាន្ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្រុក​កំណើត​ភូមិ​មេមត់ ឃុំ​មេមត់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

ចំណែក​អ្នក​របួសធ្ងន់​ឈ្មោះ អេ​ន ណៃ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្រុក​កំណើត​ភូមិ​អូរ​ពេជ្រ ឃុំ​ថ្ម​ពេជ្រ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ម្ចាស់​អណ្ដូងរ៉ែ​មាស​នេះ​ឈ្មោះ ហេង សម្បត្តិ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ស្រុក​កំណើត​ភូមិ​មេ​ម៉ត់ ឃុំ​មេ​ម៉ត់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

លោក​អធិការ​បាន​បន្ត​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កម្មករ​ទាំង​ពីរ​នាក់​ខាងលើ​ជួប​គ្រោះ​អកុសល​បែប​នេះ គឺ​បណ្តាល​មក​ពី​ដាច់​ខ្សែ​រ៉​ត​ធ្លាក់​ថ្ម​ពីលើ​នៅ​សង្កត់​កម្មករ​ដែល​កំពុងធ្វើការ​នៅ​ក្នុង​រណ្តៅ ។ ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នក​រង​របួស​កំពុង​បញ្ជូន​បន្ត​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ។

សេ​ក្តី​រាយការណ៍​ពី​ពលរដ្ឋ​នៅ​ឃុំ​ចុង​ផ្លាស់​បាន​ប្រាប់​ថា ពួក​គាត់​សព្វថ្ងៃ​មានការ​ព្រួយ​បា​ម្ភ ដោយសារ​តែ​អណ្ដូងរ៉ែ​មាស​ទាំងនោះ​មាន​ជម្រៅ​រាប់រយ​ម៉ែត្រ ។
មូលហេតុ​អណ្ដូងរ៉ែ​មាស​នៅ​ទីនោះ​មាន​ជម្រៅ​រហូត​រាប់រយ​ម៉ែត្រ ព្រោះ​ជា​រណ្តៅ​រ៉ែ​មាស​របស់​អ្នកធំ​ក្នុង​ខេត្ត ទើប​គ្មាន​មន្ដ្រី​ណា​ហ៊ាន​រារាំង ។

តាម​ប្រភព​ពី​ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​និយាយ​ថា ច្បាប់​បាន​អនុញ្ញាត​ដល់​សហគមន៍​ឃុំ​ចុង​ផ្លាស់ ឱ្យ​ជីករណ្តៅ​ពី​មាត់​ដី​ទៅ​ក្រោម​តែត្រឹម​២០​ម៉ែត្រ​ប៉ុណ្ណោះ ។
គេ​បាន​ប្រើប្រាស់​គ្រឿង​បំផ្ទុះ ដោយ​មិន​គោរព​តាម​គោលការណ៍​ច្បាប់​ឡើយ ។ បញ្ហា​នេះ មានការ​សង្ស័យ​ថា អាច​មាន​មន្ត្រី​ក្នុង​អង្គភាពមាន​សមត្ថកិច្ច​មួយ​ចំនួន​ក្នុង​ខេត្ត នាំ​យក​រំសេវ​ជាតិ​ផ្ទុះ​ទៅ​ធ្វើ​អាជីវកម្ម​ទីនោះ​ទៀត​ផង ព្រោះ​ពលរដ្ឋ​និយាយ​ថា មួយ​រយៈពេល​កន្លង​មក មុន​ការ​ដាក់​គ្រឿង​បំផ្ទុះ គឺ​មាន​ក្រុម​ឈ្មួញ​ដែល​ជា​មន្ត្រី​មាន​អំណាច​នៅ​ខេត្ត​បាន​ដឹក​ជញ្ជូន​ឆ្លងកាត់​ទៅ​តំបន់​នេះ​ចូល​ទៅ​កាន់​ឃុំ​ចុង​ផ្លាស់​មាន​ចំនួន​ច្រើន​តោន ។

ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា រៀងរាល់ថ្ងៃ​ពួក​គាត់​បាន​សម្តែង​នូវ​ការ​បារម្ភ​ពី​ស្នូរ​បំផ្ទុះ​គ្រាប់រំសេវ​សំរាប់​បំបែក​ផ្ទាំង​រ៉ែ​រង្គើរ​ដី​គ្មាន​ខ្លាចញញើត​ច្បាប់​ដោយសារ​តែ​ប្រយោជន៍​ផ្ទាល់ ។ ប្រភព​បានឱ្យ​ដឹង​ថា ម្ចាស់​រណ្តៅ​ដែល​មាន​ជម្រៅ​ជ្រៅ​ៗ​នៅ​តំបន់ ឃុំ​ចុង​ផ្លាស់ ស្ថិត​ក្រោម​សហគមន៍​រ៉ែ​មាស មាន​រណ្តៅ​មាស​របស់​អ្នកធំ​នៅ​ខេត្ត​ផង​ដែរ ព្រោះ​មាន​ភាគហ៊ុន​ជាមួយ​មន្ត្រី​ជា​មេ​អង្គភាព​មាន​សមត្ថកិច្ច​មួយ​ចំនួន​ទៀត ។

ទាក់ទង​ករណី​ខាងលើ​នេះ ខាង​សហគមន៍​រ៉ែ​មាស​បាន​បញ្ជាក់​កាលពី​ពេល​កន្លង​ទៅ ថ្មី​ៗ​នេះ​ថា ចំពោះ​ជនជាតិ​ចិន​និង​ជនជាតិ​វៀតណាម​មាន​ពិតប្រាកដ​មែន តែ​ពួក​គេ​មក​ធ្វើ​ជា​កម្មករ​ជំនាញ រីឯ​ខាង​គ្រឿង​បំផ្ទុះ​លោក​មិន​បាន​និយាយ​ទេ ។

សម្រាប់​លោក​មេឃុំ កំពុង​ធ្វើ​អាជីវកម្ម​ផង​ដែរ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ។ ចំណែក​លោក អ៊ុ​ន ឈាន​លឹ​ម ប្រធាន​សហគមន៍​រ៉ែ​មាស​ឃុំ​ចុង​ផ្លាស់ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​ព្រោះ​ទូរស័ព្ទ​ទាក់ទង​មិន​បាន ។
លោក សាន់ ដា​រិ​ទ្ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ក៏​ធ្លាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា លោក​ក៏​មានការ​សង្ស័យ​ថា អាច​ថៅកែ​រណ្តៅ​ទាំងនោះ​ធ្វើ​អាជីវកម្ម​ខុស​ទៅ​នឹង​ច្បាប់ តែ​លោក​បាន​បញ្ជាក់​ថា គ្មាន​នរណា​ម្នាក់​ហ៊ាន​ចុះ​វាស់វែង​នៅ​ក្នុង​រណ្តៅ​នោះ​ទេ បើ​ត្រឹម​២០​ម៉ែត្រ​គឺ​ស្រប​តាម​ច្បាប់​ហើយ តែបើ​មាន​ជម្រៅ​រាប់រយ​ម៉ែត្រ​គឺ​ខុសច្បាប់ ។

លោក​បាន​បញ្ជាក់​ចុង​ក្រោយ​ថា បើសិន​ខាង​មន្ត្រី​ជំនាញ​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា មានការ​ធ្វើ​អាជីវកម្ម​ខុស​ទៅ​នឹង​ច្បាប់ អនុញ្ញាត លោក​ផ្ទាល់​អាច​ធ្វើការ​លុប​ច្បាប់​នេះ​ចោល ៕