បុរាណ​វិទូ បាន​រកឃើញ​សំណង់​បុរេប្រវត្តិ នៅក្នុង​បឹង​ហ្វ៊ូ​ស៊ាន​ហ៊ូ​

ភ្នំពេញ: បឹង​ហ្វ៊ូ​ស៊ាន​ហ៊ូ ដែល​ស្ថិតនៅ​ទីក្រុង​យួ​ស៊ី ខេត្ត​យូ​ន​ណាន មិន​គ្រាន់​តែមាន​ទឹកថ្លា និង​ទេសភាព​ស្រស់ស្អាត នៅមាន​អាថ៌កំបាំង​ជាច្រើន​ដែរ​។ ប៉ុន្មាន​ឆ្នាំនេះ សមាគម​សិក្សា​ពី​អរិយធម៌ នៃ​ខេត្ត​យូ​ន​ណាន បាន​ស៊ើបអង្កេត​ក្រោម​ទឹក ជាច្រើនលើក នៅក្នុង​បឹង​ហ្វ៊ូ​ស៊ាន​ហ៊ូ ហើយ​បាន​រកឃើញ​វត្ថុ (​សំណង់​) បុរាណ​ថ្ម ចំនួន​៤២ ដែល​ឆ្លា​ក់ដោយ​ឧបករណ៍​ដែក ។ អ្នកស្រាវជ្រាវ យល់ឃើញថា ក្រោម​បឹង​ហ្វ៊ូ​ស៊ាន​ហ៊ូ​នេះ មាន​សំណង់​បុរេប្រវត្តិ​មួយ​។​

​សំណង់​បុរេប្រវត្តិ​នេះ មាន​សំណង់​ថ្ម ៣០ កន្លែង ដែលមាន​ទំហំ ២,៤ គីឡូម៉ែត្រ​ការ៉េ​។ ក្នុងចំណោម​សំណង់​ទាំងនោះ មាន​សំណង់​មួយ មាន​កំពស់ ១០ ម៉ែត្រ ហើយ​មាន​រាង​ហាក់ដូចជា ពីរ៉ាមីត​។ នៅមាន​សំណង់​មួយទៀត មាន​ទទឹង ៦៣ ម៉ែត្រ និង​កំពស់ ២១ ម៉ែត្រ ហាក់ដូចជា Colosseum នៃ​ទីក្រុង​រ៉ូម​បុរាណ ប្រហែលជា​កន្លែង គោរពបូជា​មួយ​។ រវាង​សំណង់​ទាំងនេះ មាន​ផ្លូវ​មួយ​ប្រវែង ៣០០ ម៉ែត្រ និង​ទទឹង ៧ ម៉ែត្រ ដែល​ក្រាល​ដោយ​ថ្ម ហើយ​មាន​រូបចម្លាក់​ស្អាត​ជាច្រើន​។

​លោក ហួង យី​លូ អនុប្រធាន សមាគម​សិក្សា​ពី​អរិយ​ប្រទេស​ចិន នៃ​ខេត្ត​យូ​ន​ណាន បាន​ណែនាំ​ថា បុរាណ​ដ្ឋា​ន​នេះ ចែកជា​ជំនាន់​ជាច្រើន​។ សំណង់​ដែល​ត្រូវ​រកឃើញ​ទាំងនោះ គឺ​សុទ្ធតែ​ស្ថិតនៅ​ជំនា​ន់ទី​៤ ។ សំណង់​នោះ រួមមាន រូបចម្លាក់​រាង​ត្រីកោណ ជាច្រើន រូបភាព “​មុខ​នៃ​ព្រះអាទិត្យ​” ក៏​ឆ្លាក់​ក្នុង​រាង​ត្រីកោណ​មួយ ព្រមទាំង​មាន​រូបចម្លាក់ “​ដើមឈើ​” ផងដែរ​។​

​ក្រៅពីនេះ បុរាណ​វិទូ​នៅបាន​រកឃើញ ផ្លូវ​មួយ​ដែល​ឆ្ពោះទៅ​ជំនា​ន់ទី​៥​។ ជុំវិញ​ផ្លូវ​នេះ មាន​ជំរៅ​ទឹក ៦-៦,៥ ម៉ែត្រ ផ្លូវ​នេះ​ចែកជា​២​ផ្លូវ ផ្លូវ​ឆ្ពោះ​ខាងជើង មាន​ប្រវែង​៥១​ម៉ែត្រ ទទឹង​៧​ម៉ែត្រ និង​មាន​ជំរៅ​ទឹក ៦​ម៉ែត្រ​។ រីឯ​ផ្លូវ​ឆ្ពោះ​ខាងត្បូង មាន​ប្រវែង​៤៦​ម៉ែត្រ ទទឹង​៧,១​ម៉ែត្រ និង​មាន​ជំរៅ​ទឹក ៦,៥​ម៉ែត្រ​។ នៅ​កន្លែង​នេះ ពួកគេ​នៅ​រកឃើញ​ជញ្ជាំង ដែល​កសាង​ដោយ​ថ្ម​។ ទន្ទឹមនឹងនេះ​បុរាណ​វិទូ នៅបាន​រកឃើញ​រូបចម្លាក់ នៃ​ព្រះអាទិត្យ ព្រះ​ច័ន្ទ ប្រដាប់​ភេទបុរស និង​ស្ត្រី និង​លេខ​ជាដើម​។ ​បុរាណ​វិទូ​សមាគម​សិក្សា ពី​អរិយធម៌​ចិន នៃ​ខេត្ត​យូ​ន​ណាន បាន​បាន​យល់ឃើញថា អរិយធម៌​នេះ គឺ​ស្ថិតនៅ​សម័យ ដែល​គោរព​ព្រះអាទិត្យ ព្រះ​ចន្ទ ប្រដាប់​ភេទបុរស និង​ស្ត្រី​៕V/S

បុរាណ​វិទូ បាន​រកឃើញ​សំណង់​បុរេប្រវត្តិ នៅក្នុង​បឹង​ហ្វ៊ូ​ស៊ាន​ហ៊ូ​

ជញ្ជាំងដែលសាងសង់ដោយមនុស្ស

រូបថតផ្តល់ដោយសមាគម YunnanChinese Civilization ResearchSociety