ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ក្រុង​ប៉ោយ​ប៉ែ​ត ៖ ​មាន​ករណី​​ចោរ​ប្លន់​ម៉ូតូ​​មួយ​គ្រឿង​​ម៉ាក​​ហុង​ដា ស៊េរី​ឆ្នាំ​២០១៥​ ពណ៌​ខ្មៅ​ ​ពាក់​​ស្លាក​លេខបន្ទាយ​មាន​ជ័យ 1K-2636 ​​​ពី​​ស្ត្រី​ម្នាក់​ឈ្មោះ​ សូត្រ​ នី​ ​អាយុ​៥៧​ឆ្នាំ ​​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ ​សង្កាត់​​ប៉ោយ​ប៉ែ​ត​ ​ក្រុង​ប៉ោយ​ប៉ែ​ត​ កាល​ពី​វេលា​ម៉ោង​​៨​យប់​ថ្ងៃ​ទី​២៧ ​ខែមករា ​ឆ្នាំ​២០១៦​ ​នៅ​​ចំណុច​​ជ្រុង​ខាងជើង​ផ្សារ​អគ្គ​:(​ផ្សារ​ថ្មី​ប៉ោយ​ប៉ែ​ត​) ​​ក្រុង​ប៉ោយ​ប៉ែត ។​

​​ប្រភព​​​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​​​ជន​ល្មើស​មាន​គ្នា​២នាក់​ជិះ​ម៉ូតូ​​មួយ​គ្រឿង​មក​ឈប់​ធ្វើ​ជា​និយាយ​ទូរស័ព្ទ ​​បន្ទាប់​មកក៏​​​ធ្វើ​សកម្មភាព​កាច់​សោ.ក​ម៉ូតូ​​ តែ​ត្រូវ​​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​​ក៏​​ស្រែ​ក​សួរ​ថា​ «​ធ្វើ​អី​នឹង​ម៉ូតូ​ខ្ញុំ​ទេ​» ​​ស្រាប់​តែ​ជន​ល្មើស​ដក​កាំភ្លើងខ្លី​​​បាញ់​១​គ្រាប់​គំរាម​ម្ចាស់​ម៉ូតូ​ រួច​ប្លន់​​​​​យក​ម៉ូតូ​​ជិះ​ទៅ​ទិស​ខាងកើត​ គេចខ្លួន​បាត់​ស្រមោល​​ ​។

​ក្រោយ​កើត​ហេតុ ​ស្ត្រី​ម្ចាស់​ម៉ូតូ​ ​បាន​​ទៅ​ដាក់​ពាក្យបណ្តឹង​​​ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​​ស្រាវ​ជ្រាវ​​​ចាប់​ជន​ល្មើស​មក​ផ្តន្ទាទោស​​តាម​ច្បាប់ ៕