ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ ចេញពី​ធ្វើការ​ត្រលប់​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​ប៉ូលិស​២​នាក់​ជិះ​ម៉ូតូ FTR ពណ៌​ខៀវ មួយ​គ្រឿង​ដេញ​តាម​ឃាត់​ឱ្យ​ឈប់ តែ​យុវជន​ទាំង​២​នាក់​នោះ​ទំនងជា​ភ័យ​ពេក ក៏​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​រហូត​ដល់​កែង​ផ្លូវ​ច្រកចូល​ផ្ទះ ក៏​ផ្តួល​ម៉ូតូ​ហៅ​ឱ្យ​ក្រុម​គ្រួសារ​ជួយ បែរជា​ត្រូវ​ប៉ូលិស​ចាប់​បាន​ម្នាក់​វាយ​ឡើង​ទ្រោម​ខ្លួន រួច​ដក​កាំភ្លើង​បាញ់ប្រហារ​១​គ្រាប់​ចំ​ដៃ​ខាងឆ្វេង បណ្តាល​ឱ្យ​របួសធ្ងន់​ដេក​ដួល​ក្នុង​ថ្លុកឈាម ។

ហើយ​មិន​អស់ចិត្ត នៅ​វាយ​ថែម​១​ស្នាប់​កាំភ្លើង​ទៀត រួច​ប៉ូលិស​ទាំង​២​នាក់​នោះ ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ទៅ  ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ មក​រា ២០១៦ ស្ថិត​តាម​បណ្តោយ​ផ្លូវ​៧០ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។

យុវជន​រង​គ្រាះ​ឈ្មោះ​សុខ ឡាយ អាយុ​២១​ឆ្នាំ ជា​ជាង​ជួសជុល​រថយន្ត​នៅ​ម្តុំ​រង្វង់​ទួល​គោក ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ MSX ពណ៌​ស អត់​ស្លាក​លេខ​មួយ​គ្រឿង តាម​បណ្តោយ​ផ្លូវ​៧០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក៏​មាន​ប៉ូលិស​២​នាក់ (​ស្លៀក​ឯកសណ្ឋាន​ប៉ូលិស​) ជិះ​ម៉ូតូ FTR ពណ៌​ខៀវ មួយ​គ្រឿង​អត់​ចាំ​ស្លាក​លេខ​តាម​ពីក្រោយ ហើយ​ស្រែក​ឱ្យ​យុវជន​ទាំង​២​នាក់​នោះ​ឈប់ ដោយ​មាន​កាំភ្លើង​វែង​មួយ​ដើម ដេញ​ភ្ជង់​យុវជន​ទាំង​២​នាក់​ឱ្យ​ឈប់​រហូត ទើប​ធ្វើ​ឱ្យ​យុវជន​ទាំង​២​នាក់​ភ័យ​ស្លន់ស្លោរ ក៏​ព្យាយាម​ជិះ​ដល់​ផ្លូវកែង​បត់​ចូល​ផ្ទះ ក៏​ផ្តួល​ម៉ូតូ​ហើយរ​ត់ទៅ​ហៅ​ក្រុម​គ្រួសារ​ឱ្យ​ជួយ ។

តែ​ពេល​នោះ ក៏​ត្រូវ​ប៉ូលិស​ចាប់​បាន​យុវជន​ម្នាក់ ជា​អ្នក​ជិះ​ពីក្រោយ ហើយ​ប៉ូលិស​ទាំង​២​នាក់​នោះ ក៏​បាន​វាយ​យ៉ាង​ចាស់ដៃ ហើយ​ស្រែ​កថា យុវជន​រង​គ្រោះ​នេះ​ជា​ចោរប្លន់ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ៗ​នោះរ​ត់ទៅ​មើល​ស្រាប់តែ​ប៉ូលិស​ម្នាក់ ក្នុង​ចំណោម​២​នាក់​នោះ​បាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​បាញ់ប្រហារ​១​គ្រាប់​ចំ​ក្រោម​ក្លៀក​ខាងឆ្វេង ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង ។ ប៉ូលិស​នោះ​មិន​អស់ចិត្ត​ថែម​​ទាំង​យក​ស្នាប​កាំភ្លើងខ្លី​វាយ​ក្បាល​យុវជន​ម្នាក់​នោះ​ថែម​ទៀត ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្រែក​ឆោឡោ​ស្តីឱ្យ​ប៉ូលិស​ទាំង​២​នាក់​ថា ធ្វើ​អ៊ីចឹង​មិន​សម ទើប​ធ្វើ​ឱ្យ​ប៉ូលិស​ទាំង​២​នាក់ ភ័យ​ក៏​ជិះ​ម៉ូតូ​រត់គេច​បាត់​ទៅ ។ ក្រោយ​ពេល​កើតហេតុ យុវជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ ហៅ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។

មក​ដល់ព្រឹកថ្ងៃទី២៨ មករា នេះ សមត្ថកិច្ច​នៅ​មិនទាន់​កំណត់​អត្តសញ្ញាណ​ប៉ូលិស ដែលបាញ់​យុវជន​ខាងលើ​នេះនៅឡើយទេ។