ក្រុម​ចោរ​ប្រដាប់​អាវុធ​​ធ្វើ​សកម្មភាព​ប្លន់​​ម៉ូតូ​​របស់​​នាយការិយាល័យ​​នគរបាល​ប្រឆាំង​​ភេរវកម្ម

នគរ​បាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ​ក្នុង​ចំណោម​​ការ​ផ្ទុះ​​អំពើ​ប្លន់​ប្រដាប់​អាវុធ​​​​​ថ្មី បំផុត​​នៅ​ទូទាំង​ប្រទេស នាយការិយាល័យ​ប្រឆាំង​ភេរវកម្ម​​​រាជធានី​ភ្នំពេញ​​ត្រូវ​​ក្រុម​ប្រដាប់​ដោយ​ដាវ និង​​កាំភ្លើង​ខ្លី​​​ប្លន់​​យក​ម៉ូតូ​ហុងដា​ឌ្រីម​​កាលពី​យប់​ថ្ងៃ​អង្គារ។

លោក ជា សុវណ្ណ នាយ​នគរបាល​​​ព្រហ្ម​ទណ្ឌ​ខណ្ឌ​​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ​លោក ឡេង ឡា ​កំពុង​ជិះម៉ូតូ​​ហុង​ដា​ឌ្រីម​​​ស៊េរី​​២០១៣​​របស់​គាត់​ទៅ​ពិនិត្យ​​កិច្ច​ការ​សំណង់​​ក្នុង​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍សែន​​​​ជ័យ នៅ​​​​ម៉ោង​​៧យប់​ នៅ​ពេល​គាត់​​​ទទួល​បាន​ព័ត៌មាន​​​​ថា មាន​ជម្លោះ​មួយ​កើត​ឡើង​នៅ​ក្បែរ​នោះ។

លោក​បាន​និយាយ​ថា “​គាត់​​ទទួល​បាន​ការ​​​ហៅ​ទូរស័ព្ទ​​​អំពី​កម្មករ​​កំពុង​មាន​ជម្លោះ​​នឹង​គ្នា។ ប៉ុន្តែ​ពេល​គាត់​ទៅ​ដល់​កន្លែង​ស្ងាត់​មួយ​​ប្រហែល​១គីឡូម៉ែត្រ​ពី​ទីនោះ​…​បុរស​ពីរ​នាក់​​មាន​ដាវ​សាមូរ៉ៃ​​ឈរ​រាំង​ផ្លូវ​គាត់។ បុរស​ពីរ​នាក់​ផ្សេង​ទៀត​មាន​កាំភ្លើង​ខ្លី​ឈរ​​​នៅទី​ងងឹត​ ហើយ​បាន​បាញ់​ជាច្រើន​គ្រាប់​។ នៅ​ពេល​គាត់​ឃើញ​​ស្រមោល​ពួកគេ​ម្នាក់​ គាត់​​​ក្រាប​ទៅ​នឹងដី ហើយ​រត់​ទៅ​​​ពួន​ និង​បាន​បាញ់​​បក​វិញ​​ជាច្រើន​គ្រាប់”។

លោក សុវណ្ណ ​និយាយ​ថា ​ចោរ​ម្នាក់​​នៅ​ពេល​នោះ​បាន​ឆ្លៀត​ឱកាស​​​យក​​ម៉ូតូ​របស់​​​មន្ត្រី​នគរ​បាល​​​​​ដែល​ស្ថិត​​​ក្នុង​​​ឯក​សណ្ឋាន​​​រូប​នេះ។

លោក​បាន​និយាយ​ទៀត​ថា ”​នៅ​ពេល​គាត់​​​រវល់​តដៃ​ជាមួយ​ជន​សង្ស័យ​ ម៉ូតូ​របស់​គាត់​​ដែល​ចតក្បែរ​នោះ ត្រូវ​បាន​គេ​លួច​​ហើយ​បើក​​​យ៉ាង​លឿន​​ចេញទៅ”។ លោក​បាន​បន្ថែម​ថា ​គ្មាន​នរណា​របួស​ទេ​ក្នុង​ការ​តដៃ​គ្នា​នោះ។

“ពិត​ជា​គួរ​ឲ្យ​​ចាប់​​អារម្មណ៍​មែន។ សូម្បី​តែ​​មន្ត្រី​ស្លៀក​ពាក់​ឯកសណ្ឋាន​នគរ​បាល​​​ និង​មាន​កាំភ្លើង​ខ្លី​នៅ​ចង្កេះ​ ក៏​​ពួក​​ចោរ​​នៅ​តែ​ហ៊ាន​ប្លន់​ និង​បាញ់​គាត់​ទៀត”។

លោក សុវណ្ណ បាន​និយាយ​ថា មន្ត្រី​មួយ​ក្រុម​​បាន​ស៊ើបអង្កេត​កន្លែង​កើត​ហេតុ​កាល​ពី​ម្សិលមិញ និង​បាន​រក​ឃើញ​សំបក​គ្រាប់​កំាភ្លើង​​មួយ។ ​”យើង​​មិន​​ទាន់​​បាន​ចាប់​ខ្លួន​នរណា​ម្នាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​យើង​កំពុង​បន្ត​​ស៊ើបអង្កេត”។

មន្ត្រី​នគរបាល​រូប​នេះ​​បាន​បន្ថែម​ថា លោក​​ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​​​កាលពី​ម្សិលមិញ​បាន​ប្រគល់​​​អំណោយ​ម៉ូតូ​ពណ៌​ទឹក​ប្រាក់​មួយ​គ្រឿង​​ដល់​​នាយ​ការិយាល័យ​​ប្រឆាំង​​​​ភេរវកម្ម​រងគ្រោះ​រូប​េនះ។

លោក​បាន​​និយាយ​ថា “​ស្នងការ​នគរបាល​​​បាន​​ធ្វើ​អំណោយ​ម៉ូតូ​មួយ​គ្រឿង​​ដល់​គាត់​​ដើម្បី​​​ជិះ​បន្ត​ការ​ងារ​របស់​គាត់​ទៀត”៕ និត

The post ក្រុម​ចោរ​ប្រដាប់​អាវុធ​​ធ្វើ​សកម្មភាព​ប្លន់​​ម៉ូតូ​​របស់​​នាយការិយាល័យ​​នគរបាល​ប្រឆាំង​​ភេរវកម្ម appeared first on ខេមបូឌា ដេលី.