អភិបាល​​​ខេត្ត​​​តាកែវ​​​​​​​​​ថា ថ្ម​​​បី​​​ដុំ​​​​​​មិន​​​បាន​​​បាត់​​​បង់​​​ទៅ​​​​​​វៀតណាម​​​ទេ

កាលពី​​​ម្សិលមិញ លោក ឡាយ​​​ វណ្ណៈ ​អភិបាល​​​ខេត្ត​​​តាកែវ បាន​​​គំរាម​​​ចាប់​​​ខ្លួន​​​ជន​ទាំង​ឡាយ​​ណា​​​​ដែល​​​អះអាង​​​ថា ក្រុម​​​មន្ត្រី​​​បាន​​​​​​ប្រគល់​​​ឲ្យ​​​ប្រទេស​​​វៀតណាម​​​នូវ​​​ថ្ម​​​ពីរ​ដុំ​​​​ដែល​​​​តំណាង​​​​”ភូមិ​​​ថ្ម​​​៣ដុំ” ជា​​​​ភូមិ​ប្រវត្តិសាស្ត្រ​​​នៅ​​​ព្រំដែន​​​បែ៉ក​​​ខាង​​​កើត​​​នៃ​ស្រុក​​​បូរី​​​ជលសារ។

នៅ​​​ក្នុង​ពិធី​​​សន្និបាត​​​បូក​​​សរុប​​​ការងារ​​​ឆ្នាំ​​​២០១៥​​​ លោក ឡាយ វណ្ណៈ បាន​ទទួល​ស្គាល់​​​​​ថា តំបន់​​​​ផ្ទាំង​​​ថ្ម ដែល​​​នីមួយ​​​ៗ​​​មាន​ទំហំ​​​​ប្រហែល​​​​​៤ម៉ែត្រ​នោះ ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​វៀតណាម​​​យោង​​​តាម​​​ផែន​​​ទី​​​ព្រំដែន​​​ ប៉ុន្តែ លោក​​​បាន​​​មានប្រសាសន៍​​​ថា រដ្ឋាភិបាល​​​កំពុង​​​ខិត​​​ខំ​​​ដើម្បី​​​​​យក​​​វា​​​មក​​​វិញ។

លោក​​​ ឡាយ វណ្ណៈ​​​ និយាយ​​​តាម​​​ទូរស័ព្ទ​​​ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​ ដោយ​រៀបរាប់​ឡើង​វិញ​​​​នូវ​​​សារ​​​របស់​​​លោក​ផ្ញើ​ជូន​​​​ក្រុម​​​មន្ត្រី​​​ថា ”គណៈ​កម្មាធិការ​​​ជាតិ​​​ព្រំដែន​​​ឥឡូវ​​​នេះ​​​កំពុង​​​ចរចា​​​ជាមួយ​​​ប្រទេស​​​វៀតណាម​​​ ដើម្បី​​​យក​​​វា​​​មក​​​ខាង​​​កម្ពុជា​​​វិញ​​​សម្រាប់​​​ប្រជា​​​ពលរដ្ឋ​​​ជា​​​ច្រើន​​​របស់​​​យើង​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​តំបន់​​​នោះ”។

តាម​​​សន្ធិ​​​សញ្ញា​​​​​​ព្រំដែន​​​របស់​​​កម្ពុជា​​​ជាមួយ​​​​​វៀតណាម​​​ តំបន់​​​ដី​​​ដែល​​​មាន​​​ពលរដ្ឋ​​​របស់​​​ប្រទេស​​​មួយ​​​រស់​​​នៅ​​​ច្រើន ប៉ុន្តែ ស្ថិត​​​នៅ​​​ក្នុង​​​ទឹក​​​ដី​​​របស់​​​ប្រទេស​​​ផ្សេង​​​តាម​​​ផែនទី​​​ព្រំដែន​​​ផ្លូវ​​​ការ​​​ អាច​​​ត្រូវ​​​ប្តូរ​គ្នា​​នៅ​​​ពេល​​​ចរចា​​​កំណត់​​​ព្រំដែន។

លោក​​​ ឡាយ វណ្ណៈ បាន​​​និយាយ​​​ថា “​អំឡុង​​​​​​រដ្ឋាភិបាល​​​យើង​កំពុង​​​​ការ​​​ចរចា​​​​​​ មនុស្ស​​​មួយ​​​ចំនួន​​​មក​​​ពី​​​​​គណបក្ស​ប្រឆាំង​​​បាន​​​បង្កើត​​​ការ​​​ជ្រួល​​​ច្របល់​​​​​​ជាមួយ​​​វៀតណាម​​​មួយ​​​ខែ​​​មក​​​ហើយ​​​ ខ្ញុំ​​​មិន​​​អាច​​​ឲ្យ​​​ការជ្រួល​​​ច្របល់​​​នេះ​​​កើត​​​មាន​​​បន្ត​​​ទៀត​​ និង​​​ប៉ះពាល់​​​ដល់​​​ប្រទេស​​​ទាំង​​​សង​​​ខាង​​​បាន​​​ទេ”។

លោក​​​និយាយ​សំដៅ​ដល់​អ្នក​ដែល​អះ អាង​​​​ថា​​​បាត់​​​ថ្ម​​​នោះ​​​ថា ”ខ្ញុំ​​​អំពាវនាវ​​​ដល់​​​នគរ​​​បាល​​​ និង​​​​​​សមត្ថកិច្ច​​​ឲ្យ​​​តាម​​​ចាប់​​​វៃ​​​ខ្នោះ​​​តែ​​​ម្តង”។

កាលពី​​​ខែ​​​មុន​​​ អ្នក​​​យក​​​ព័ត៌មាន​​​ម្នាក់​​​មក​​​ពី​​​វិទ្យុ​​​អាស៊ី​​​សេរី​​​​​​ (RFA) និង​​​សកម្ម​​​ជន​​​យុវជន​​​មួយ​​​ក្រុម​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​លោក កែម​​​ ឡី ​ស្ថាបនិក​​​ក្រុម​​​តស៊ូ​​​មតិ​​​ “ខ្មែរ​​​ដើម្បី​​​ខ្មែរ​​​” បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​តំបន់​​​ភូមិ​​​ថ្ម​​​៣​​​ដុំ​​​​​​តាម​​​ទូក​​​លឿន។

សេចក្តី​​​​​​រាយការណ៍​​​របស់​​​វិទ្យុ​​​​​​អាស៊ី​​​សេរី ​ដោយ​​​ដក​​​ស្រង់​​​សម្ដី​​​អ្នក​​​ភូមិ​​​ខ្មែរ​​​នៅ​​​ទី​​​នោះ​​​បាន​​​និយាយ​​​ថា កសិករ​​​វៀតណាម​​​បាន​​​ធ្វើ​​​ស្រែ​​​​កាន់​​​តែ​​​កៀក​​​ភូមិ​​​ថ្ម​​​៣​​​ដុំ​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ ​រហូត​​​ដល់​​​​​​ផ្នែក​​​ខ្លះ​​​នៃ​​​ដី​​​តំបន់​​​​ទីបំផុត​​​ត្រូវ​​​បាន​​​​​អះអាង​សិទ្ធិ​​កាន់​​​កាប់​​​ដោយ​​​អាជ្ញាធរ​​​វៀតណាម​​​​​នៅ​​​ខែ​​​ធ្នូ។

អត្ថបទ​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជាក់​កាលពី​​​ថ្ងៃ​​​ម្សិលមិញ ដោយ​​​លោក​​​ ណាក់​​​ សាគ្រឿន ​ជា​មេ​​​ឃុំ​​​កំពង់​​​ក្រសាំង​​​​មកពី​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ដែល​​ភូមិ​​​​ថ្ម​​​​​​៣ដុំ​​​​ស្ថិត​​នៅ​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តំបន់​​​នោះ​​​​​​ជា​​​ទឹក​​​ដី​​​ខ្មែរ​​​តាំងពី​​​យូរ​​​យារ​​​ណាស់​​​មក​​​ហើយ​​​ រហូត​​​ដល់​​​​​​មាន​​​ការ​​​ទន្ទ្រាន​​​យក​​​នេះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”រហូត​​​មក​​​ដល់​​​ពេល​​​សព្វ​​​ថ្ងៃ ​​​ថ្ម​​​២​​​ដុំ​​​បាន​​​អង្កិល​​​ចូល​​​តំបន់​​​ព្រំដែន​​​វៀតណាម​​​ស្រេច​​​ទៅ​​​ហើយ​​​ ហើយ​​​ពួក​​​គេ​​​គ្រប់​​​គ្រង​​​វា”។

លោក​​​អភិបាល​​​ខេត្ត​​​ ឡាយ​​​ វណ្ណៈ ​​​មិន​​​អាច​​​​​​ទាក់​​​ទង​​​ដើម្បី​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​អះ​អាង​​​​​របស់​​​មេឃុំ​​​រូប​​​នេះ​​​បាន​​​ទេ។

លោក កែម ឡី បាន​​​មាន​​​ប្រសាសន៍​​​ថា ​ច្បាស់​​​ណាស់​​​ថា ភូមិ​​​ថ្ម​​​៣​​​ដុំ​​​នោះ​​​​​​ត្រូវ​​​គេ​​​ប្រគល់​​​​​ទៅ​​​ឲ្យ​​​វៀតណាម​​​ហើយ។

លោក​​​ កែម ឡី បាន​​​មាន​​​ប្រសាសន៍​​​ថា ​”នៅ​​​ខាង​​​ព្រំដែន​​​ខ្មែរ​​​ នគរបាល​​​និយាយ​​​ថា ​មិន​​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​ថត​​​រូប​​​ទេ​​​ ព្រោះ​​​ពួក​​​គេ​​​ខ្លាច​​​ទាហាន​​​វៀតណាម​​​ព្រមាន​​​​​​ សូម្បី​​​តែ​​​នៅ​​​​​​ចម្ងាយ​​​​​​មួយ​​​គីឡូម៉ែត្រ​​​ពី​​​ព្រំ​​​ដែន​​​ នៅ​​​ពេល​​​ដែល​​​យើង​​​​​​គ្រាន់​​​តែ​​​អង្គុយ​​​លើ​​​ឈើ​​​ក៏​​​ដោយ”។

លោក អ៊ូ ចាន់​​​រិទ្ធ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​តំណាង​​​នៅ​​​ខេត្ត​​​តាកែវ​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ទៅ​​​មើល​​​តំបន់​​​នោះ​​​​​​៣​​​ខែ​​​មុន​​​នេះ និង​​​បាន​​​ដឹង​​​ថា មួយ​​​ផ្នែក​​​នៃ​​​​ភូមិ​​​ថ្ម​​​៣​​​ដុំ​​​ត្រូវ​​​បាន​​​កាត់​​​ចូល​​​ទឹក​​​ដី​​​វៀត​ណាម​​​ ហើយ​​​លោក​​​បាន​​​បន្ថែម​​​ថា ​​​លោក​​​​​មិន​​​ខ្លាច​​​ការ​​​​​​គំរាម​​​ចាប់​​​ខ្លួន​​​ដោយ​​​លោក ​ឡាយ វណ្ណៈ​​​ ទេ។

លោក​​​បាន​​​សួរ​​​ថា “ច្បាប់​​​ណា​​​អនុញ្ញាត​​​ឲ្យ​​​ចាប់​​​ខ្លួន​​​តំណាង​​​រាស្ត្រ​​​នៅ​​​ពេល​​​គេ​​​ទៅ​​​ទី​​​នោះ​​​​​​ពិនិត្យ​​​ព្រំដែន? ខ្ញុំ​​​ជា​​​តំណាង​​​រាស្ត្រ​​​មួយ​​​រូប​​​នៅខេត្ត​​​តាកែវ តើ​​​ខ្ញុំ​​​មិន​​​អាច​​​ធ្វើ​​​ការងារ​​​របស់​​​​ខ្ញុំ​​​​​​បាន​​​ទេ​​​ឬ?”៕និត (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Alex Willemyns)

 

The post អភិបាល​​​ខេត្ត​​​តាកែវ​​​​​​​​​ថា ថ្ម​​​បី​​​ដុំ​​​​​​មិន​​​បាន​​​បាត់​​​បង់​​​ទៅ​​​​​​វៀតណាម​​​ទេ appeared first on ខេមបូឌា ដេលី.