ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានីភ្នំពេញ ៖ បុរស​ពីរ​នាក់​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ហើយ​ស្រវឹងស្រា​បាន​រអិល​ខ្សាច់​នៅ​តាម​ចិញ្ចើម​ផ្លូវ បណ្ដាល​ឱ្យ​​ដួល​រង​របួស​​បែក​មុខ​បែក​មាត់ ​​កាលពី​វេលា​ម៉ោង​១១ ​និង​៥០​នាទី​យប់​ថ្ងៃ​ទី២៧ ​មករា ត្រង់ចំណុច​មុខ​ឃ្លាំង​អត់​​មាន​​យីហោ ស្ថិត​តាម​បណ្ដោយ​ផ្លូវ២០០៤ ​​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ម៉ូតូ​រង​គ្រោះ​ម៉ាក​​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​2013 ពាក់​ស្លាក​លេខ​ភ្នំពេញ 1BV-6265 ជិះ​ដោយ​បុរស​២​នាក់​ក្នុង​ស្ថានភាព​ស្រវឹង​​ជោក​ជាំ បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

តាម​​ប្រភព​ព័ត​មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​ម៉ូតូ​រង​គ្រោះ​ខាងលើ​ ជិះ​គ្នា​ពីរ​នាក់​ក្នុង​ស្ថានភាព​ស្រវឹង​​ធ្លាក់ភ្នែក និង​ល្បឿន​លឿន​​ដូច​ហោះ​ លុះ​មក​ដល់​​ចំណុច​កើតហេតុ​ បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​មក​ខាងស្ដាំ​បន្តិច​ហើយ​បាន​​រអិល​ជាមួយ​​ខ្សាច់ ​ដែល​នៅ​ចិញ្ចើម​ផ្លូវ​នោះ​ បណ្ដាល​អោយ​ដួល​​​របួស​បែក​​មុខមាត់ ។

ប៉ុន្តែ​ដោយសារ​តែ​ជន​រង​គ្រោះ​ម្នាក់​ស្រវឹង​​ខ្លាំង​ពេក ​ដេក​ដូច​ជា​សន្លប់​ស្ដូកស្ដឹង​អ៊ីចឹង​ទៅ ។ ភ្លាម​ៗ​នោះ ​គេ​ឃើញ​មាន​រថយន្ត​សង្គ្រោះ​ឯកជន​ បាន​មក​ដល់​ចំណុច​​កើត​ហេតុ​ដឹក​ជន​រង​គ្រោះ​ទាំង​២នាក់ ​ទៅ​យក​ទៅ​ព្យាបាល ។ ចំណែក​ឯ​ម៉ូ​តួ​វិញ​ត្រូវ​បាន​ជន​រង​គ្រោះ​ទូរ​ស័ព្ទ ហៅ​សាច់ញាតិ​មក​ទទួល​យ​​ក​ទៅ​ផ្ទះ​វិញ​ទៅ ។

ពាក្យ​ស្លោកសម័យនេះចែងថា បើ​ស្រវឹង​កុំបើកបរ​ ។ បើ​នៅតែបើកបរ​ កុំ​​តូច​ចិត្ត​ចំពោះ​ការប្រកាច់ ។ល។