ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ការ​នាំ​ចេញ​ផលិតផល​គ្រឿងសម្អាង និង​ថែរក្សា​សម្ផស្ស​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ទៅ​កាន់​ប្រទេស​ចិន បាន​កើនឡើង​ទ្វេ​ដង​នៅ​ក្នុង​ឆ្នាំ​២០១៥ ដែល​ជា​តួលេខ​ដ៏​ខ្ពស់​ប្រចាំឆ្នាំ មាន​ទឹកប្រាក់​សរុប​១.០៨៨​ពាន់​លាន​ដុល្លារ ។ នេះ​បើ​យោង​តាម​ការ​របាយការណ៍​ចុង​ក្រោយ​នៃ​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ខាងត្បូង ។
តាម​របាយការណ៍​បង្ហាញ​ទៀត​ថា ការ​នាំ​ចេញ​ផលិតផល​គ្រឿងសម្អាង​សរុប​របស់​កូរ៉េ​ខាងត្បូង មាន​ទឹកប្រាក់​ចំនួន​២,៧៥​ពាន់​លាន​ដុល្លារ កើនឡើង​៥៣,៦% ។ ក្នុង​នោះ​ដែរ ការ​នាំ​ចេញ​ផលិតផល​គ្រឿងសម្អាង​ប្រចាំឆ្នាំ​របស់​កូរ៉េ​ខាងត្បូង បាន​កើនឡើង​ទ្វេ​ដង​ចាប់តាំងពី​ឆ្នាំ​២០១០​មក ។ ចំណែក​នៅ​ឆ្នាំ​២០១៤​វិញ គឺ​មាន​កំណើន​យ៉ាង​ខ្ពស់​រហូត​ដល់​ទៅ​៩៥% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​កើនឡើង​ខ្ពស់កប់ពពក​នៅ​ឆ្នាំ​២០១៥ ដែល​មាន​អត្រា​១០០,៦% ឯណោះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផលិតផល​ម៉ាក Innisfree គឺជា​ផលិតផល​នាំមុខ​គេ​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដែល​ផលិត​ដោយ​ក្រុមហ៊ុន​គ្រឿងសម្អាង​កូរ៉េ​ខាងត្បូង AmorePacific​។ មិនតែប៉ុណ្ណោះ ម៉ាក​ដ៏​ល្បី​នេះ​បាន​ដាក់​ទីតាំង​លក់​នៅ​ប្រទេស​ចិន​ដល់​ទៅ​១០០​កន្លែង ចាប់តាំងពី​បើក​លក់​ជា​ផ្លូវការ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១២ មក​ម្ល៉េះ។

ក្រុមហ៊ុន AmorePacific ឲ្យ​ដឹង​ថា ពួក​គេ​មាន​គម្រោង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួន​ក្លាយជា​ក្រុមហ៊ុន​ផលិត​គ្រឿងសម្អាង​នាំមុខ​គេ​នៅ​ក្នុង​អាស៊ី ជាមួយនឹង​ការ​រំពឹង​ទុក​លក់​ជាស​កល​៧០ ពាន់​លាន​យន់ (១១,៤​ពាន់​លាន​បាត​) នៅ​ក្នុង​ឆ្នាំ​២០២០ ។ ម្យ៉ាងទៀត ចិន​បាន​ក្លាយជា​ទីផ្សារ​ធំ​បំផុត​របស់​កូរ៉េ​ខាងត្បូង និង​ព្យាករ​ថា វា​នឹង​អាច​ចូល​រូ​ម​ចំណែក​២៨% នៃ​ការ​លក់​ជា​សកល​របស់​ក្រុមហ៊ុន​ផង​ដែរ ។

អ្នកវិភាគ​ផ្នែក​ស្រាវជ្រាវ​ថែទាំ​នៃ​ក្រុមហ៊ុន Mintel Group Ltd អ្នកស្រី Laurie Du បាន​មាន​ប្រសាសន៍​ថា ៖ « ប្រជាប្រិយភាព​របស់​ផលិតផល​គ្រឿងសម្អាង​ម៉ាក​ល្បី​របស់​កូរ៉េ​ខាងត្បូង គឺ​មានការ​ពេញ​និយម​បំផុត​សម្រាប់​អតិថិជន​វ័យក្មេង​ជនជាតិ​ចិន ដែល​ពួក​គេ​តែង​ទិញ​ផលិតផល​ដែល​មាន​តម្លៃ​មធ្យម និង​តម្លៃ​ខ្ពស់ នៅ​ពេល​ចូល​ហាង​ម្តងៗ» ។

ការ​នាំ​ចេញ​ផលិតផល​ម៉ាក​ល្បី​ៗ​របស់​កូរ៉េ​ខាងត្បូង គឺ​មាន​តម្រូវការ​ខ្លាំង​ជាង​ប្រទេស​ជប៉ុន ដែល​ជា​ដៃគូ​របស់​ខ្លួន ហើយ​ពួក​គេ​តែងតែ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ទីផ្សារ​ដែល​មាន​ភាព​ច្នៃប្រឌិត​ដូច​ជា ការ​បង្កើត​រឿង​ខ្លី​ដើម្បី​ទាក់ទាញ​អតិថិជន​ដែល​ចូល​ចិត្ត​ទិញ​ទំនិញ ។

អ្នកស្រី Laurie Du បាន​ទម្លាយ​ឲ្យ​ដឹង​ទៀត​ថា ៖ « របាយការណ៍​លក់​អន​ឡាញ​នៅ​ក្រៅប្រទេស នឹង​ត្រូវ​ចេញផ្សាយ​នា​ខែ​ក្រោយ​នេះ​ហើយ និង​រំពឹង​ថា ចំនួន​ជិត​ពាក់កណ្តាល​គឺ​៤៧% នៃ​ផលិតផល​គ្រឿងសម្អាង និង​ថែរក្សា​សម្ផស្ស​នៅ​ចិន នា​ខែធ្នូ ដល់​ខែវិច្ឆិកា ២០១៥ គឺ​បាន​ទៅ​លើ​កូរ៉េ​ខាងត្បូង ដែល​ធ្វើ​ឲ្យ​កូរ៉េ​ខាងត្បូង​ក្លាយជា​ប្រទេស​ដែល​មាន​ប្រជាប្រិយ​បំផុត​លើ​ផលិតផល​គ្រឿងសម្អាង គឺ​មាន​អត្រា​លើស​ប្រទេស​ជប៉ុន​ក្នុង​អត្រា​២៩% និង​បារាំង​មាន​អត្រា​២៧% » ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​-​កូរ៉េ​ខាងត្បូង ដែល​ចូល​ជា​ធរមាន​កាលពី​ខែធ្នូ គឺ​មាន​ឥទ្ធិពល​តិចតួច​ទៅ​លើ​វិស័យ​ផលិតផល​ថែរក្សា​សម្ផស្ស ។ សាប៊ូ និង​ផលិតផល​ថែរក្សា​ស្បែក​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ដែល​មាន​អត្រា​២០% ទៅ​៣៥% ៕​