ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ថៃ ៖ ទីផ្សារ​ស្មា​ត​ហ្វូ​ន​ថៃ នឹង​មាន​កំណើនថេរ​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​មាន​កំណើន​ខ្ពស់កប់ពពក​កាលពី​ឆ្នាំ​២០១៥ កន្លង​មក ។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​បច្ចេកវិទ្យា​សកល​ប្រចាំ​ប្រទេស​ថៃ ។

ការ​លក់​ស្មា​ត​ហ្វូ​ន​នៅ​ប្រទេស​ថៃ​បាន​ជាប់​ក្នុង​កំណត់​ត្រា​លក់ដាច់​បំផុត ដែល​មាន​ចំនួន​២២​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៥ និង​កើន​៤៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៤ ។ ជាង​នេះ​ទៀត ប្រទេស​ថៃ គឺជា​ប្រទេស​ដែល​មាន​អត្រា​លក់​ស្មា​ត​ហ្វូ​ន​ខ្ពស់​ជាងគេ​ទី​២ បន្ទាប់​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ស្រាវជ្រាវ​បច្ចេកវិទ្យា​សកល IDC លោក Jarit Sidhu បាន​មាន​ប្រសាសន៍​ថា ៖ « អ្នក​ប្រើប្រាស់​បាន​ទិញ​ទូរស័ព្ទ​ដែល​អាច​ប្រើ​សេវា 4G បាន​កាលពី​ឆ្នាំ​មុន មុន​ពេល​ដែល​ប្រតិបត្តិ​ករ​ផ្តល់​សេវា 4G ទៅ​ទៀត ដែល​នេះ​គួរតែ​អរគុណ​ដល់​ការ​ផ្សព្វផ្សាយ​យ៉ាង​សម្បើម​របស់​ប្រតិបត្តិ​ករ​ផ្សេង​ទៀត ។ សេដ្ឋកិច្ច​ថៃ​អាច​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ស្ថិត​នៅ​ទ្រឹង ឬ​ក៏​ធ្លាក់​ចុះ​តែ​ម្តង » ។

ក្នុង​នោះ​ដែរ ប្រទេស​ថៃ​មាន​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ចំនួន​៣៥​លាន​នាក់ ស្មើនឹង​ពាក់កណ្តាល​នៃ​ប្រជាពលរដ្ឋ​សរុប ជា​ហេតុ​ធ្វើ​ឲ្យ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ថៃ​មាន​អត្រា​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ។

គណៈកម្មការ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍​ជាតិ កាលពី​ពេល​ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា អត្រា​ប្រើប្រាស់​ប្រព័ន្ធ 3G ពី 2G នៅ​ប្រទេស​ថៃ គឺ​មាន​ល្បឿន​លឿន​ជាងគេ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៤ នៅ​លើ​ពិភពលោក ហើយ​មាន​ល្បឿន​លឿន​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។ លោក Jarit Sidhu លើក​ឡើង​ទៀត​ថា ៖ « ប្រតិបត្តិ​ករ​ទូរស័ព្ទ​ប្រហែលជា​មាន​គម្រោង​ផ្តល់​សេវា 4G ដោយ​ឥត​គិតថ្លៃ ឬ​ក៏​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដើម្បី​បង្កើន​អ្នក​ប្រើប្រាស់​សេវា 4G ឲ្យ​កាន់តែ​ច្រើន​ទៀត​ផង » ។

ក្រុមហ៊ុន IDC រំពឹង​ថា ស្មា​ត​ហ្វូ​ន​នឹង​មាន​តម្លៃ​ក្រោម​៣​ពាន់​បាត ស្មើនឹង​៥០% នៃ​ការ​លក់​សរុប​ក្នុង​ប្រទេស​នៅ​ឆ្នាំ​នេះ ហើយ​ច្រើន​ជាង​ពាក់កណ្តាល​នៃ​ទីផ្សារ​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ទាប​បំផុត នឹង​ត្រូវ​គ្របដណ្តប់​ទូរស័ព្ទ​ដែល​ផ្តល់​ដោយ​ប្រតិបត្តិ​ករ​ទូរស័ព្ទ ។

លោក Jarit Sidhu បញ្ជាក់​ថា ៖ « ការ​លក់​ស្មា​ត​ហ្វូ​ន​ដែល​អាច​ប្រើ​សេវា 4G បាន នឹង​ធ្លាក់​ចុះ​ដល់​២.០០០​បាត​នៅ​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​មុន គឺ​មាន​ដល់​ទៅ​២.៤៩០​បាត​ឯណោះ » ។

ទោះជា​យ៉ាងណា​ក្តី លោក​ឲ្យ​ដឹង​ថា ៖ « តម្លៃ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​របស់​ថៃ នឹង​មាន​កំណើន​យ៉ាង​ហោច​ណាស់​ក៏​១៥%​ដែរ ឬ​ស្មើនឹង​១២៤​ពាន់​លាន​បាត បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៥ ។ លទ្ធភាព​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​មាន​កំណើន ដោយសារ​តែ​តម្លៃ​ស្មា​ត​ហ្វូ​ន​ដែល​អាច​ប្រើ​សេវា 4G បាន គឺ​មាន​តម្លៃ​មធ្យម​។ តម្លៃ​នេះ​អាច​ឲ្យ​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​មាន​លទ្ធភាព​ទិញ​ប្រើប្រាស់​បាន » ។

ចំណែក​លោក Narathip Wirunchatapant ប្រធាន​គ្រប់គ្រង​ទីផ្សារ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ចែកចាយ​ទូរស័ព្ទ Jay Mart Plc មាន​ប្រសាសន៍​ថា ៖ « ការ​ផ្តល់​ទូរស័ព្ទ​លក់រាយ​មាន​តម្លៃ​ថោក អាច​នឹង​ប៉ះពាល់​ដល់​ការ​លក់​ស្មា​ត​ហ្វូ​ន ដែល​មាន​តម្លៃ​ពី​២.០០០ ទៅ​៤.០០០​បាត​ក្នុង​មួយ​គ្រឿង​នៅ​ឆ្នាំ​នេះ » ។

រីឯ​អនុប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​នៃ​ក្រុមហ៊ុន​សាម​ស៊ុ​ង​អេ​ឡិច​ត្រូ​និក លោក Wichai Pornpratang បាន​បញ្ជាក់​ថា ៖ « ការ​ប្រកួតប្រជែង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​ប្រទេស​ថៃ គឺ​កំពុង​តែ​រង​នូវ​ភាព​រង្គោះរង្គើ ដោយសារ​តែ​ស្មា​ត​ហ្វូ​ន​ចិន​បាន​ឈាន​ជើង​ចូល​ទីផ្សារ​នៃ​យុទ្ធសាស្ត្រ​ឧបត្ថម្ភ ដែល​ផ្តល់​ដោយ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត » ៕