ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ចិន ៖ តម្រូវការ​នាំ​ចូល​ប្រេង​ឆៅ​របស់​ប្រទេស​ចិន​បាន​កើនឡើង​រហូត​ដល់​ជាង ៦០%​កាលពី​ឆ្នាំ​មុន គ្រា​ដែល​តម្លៃ​ប្រេង​ធ្លាក់​ចុះ និង​តម្រូវការ​ថាមពល​ដើម្បី​ឲ្យ​មាន​ស្ថិរភាព​។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក ។

ចិន​បាន​នាំ​ចូល​ប្រេង​ចំនួន​៣២៨​លាន​តោន កើនឡើង​៦,៤% ស្មើនឹង​អត្រា​៦០,៦% នៃ​ការ​ប្រើប្រាស់​ប្រេង​សរុប​នៅ​ឆ្នាំ​២០១៥ ។ ការ​ប្រើប្រាស់​ប្រេង​បាន​កើនឡើង​៤,៤% ដែល​មាន​ចំនួន​៥៣៤​លាន​តោន​ក្នុងអំឡុងពេល​ដូច​គ្នា ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​នៃ​ក្រុម​ហ៊ុន​សាជីវកម្ម​ប្រេងឥន្ធនៈ​ជាតិ​ប្រទេស​ចិន ។

តាម​របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា តម្រូវការ​ប្រេង​ឆៅ​នឹង​កើនឡើង​៦២%​នៅ​ឆ្នាំ​នេះ ដោយ​គេ​ព្យាករ​ថា ប្រេង​ប្រមាណ​ជា​៣៥៧​លាន​តោន​នឹង​ត្រូវ​នាំ​ចូល ។ ចំណែក​តម្រូវការ​ប្រេង​ឆៅ​នឹង​កើនឡើង​៤,៣% ឬ​៥៦៦​លាន​តោន​ក្នុង​រយៈពេល​ដូច​គ្នា ។

អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ប្រឹក្សា​ព័ត៌មាន​លើ​ទំនិញប្រើប្រាស់​ក្នុងស្រុក លោក Gao Jian ឲ្យ​ដឹង​ថា ៖ « ការ​កើនឡើង​នេះ គឺជា​ការ​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការ​ចុះ​ខ្សោយ​នៃ​តម្រូវការ​ថាមពល ប៉ុន្តែ​តម្រូវការ​ក្នុងស្រុក​បាន​កើនឡើង ។ អ្នក​នាំ​ចូល​ប្រេង​ឆៅ​នឹង​ទិញ​បន្ថែម​ទៀត​នៅ​ពេល​តម្លៃ​ប្រេង​ឆៅ​ចុះថោក ។ ជាក់ស្តែង តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​នៅ​ក្រោម​៣០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ខែ​នេះ » ។

អ្នកជំនាញ​និយាយ​ថា ៖ « ការ​នាំ​ចូល​ច្រើន​ជាង​៥០% បាន​ធ្វើ​ឲ្យ​មានការ​ទទួលស្គាល់​ជាស​កល​ទៅ​លើ​សុវត្ថិភាព​សន្តិសុខ ។ ការ​ពង្រីក​នូវ​ការ​នាំ​ចូល​អាច​ធ្វើ​ឲ្យ​សុវត្ថិភាព​ថាមពល​របស់​ចិន​ប្រឈម​មុខ​នឹង​ហានិភ័យ » ។

ចំណែក​លោក Lin Boqiang អគ្គនាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​ថាមពល​ចិន ប្រចាំ​សកល​វិទ្យាល័យ Xiamen បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ « ចិន​ជា​ប្រទេស​ដែល​ប្រើប្រាស់​ថាមពល​ច្រើន​ជាងគេ​ក្នុង​ពិភពលោក ដែល​គួរតែ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ខ្លួន​លើ​ការ​ប្រើប្រាស់​ដ៏​ច្រើន​លើសលប់​នេះ » ។

ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ប្រើប្រាស់​ថាមពល​នេះ គឺជា​វិធី​តែ​មួយ​គត់​ក្នុង​ការ​កាត់​បន្ថយ​តម្រូវការ​នាំ​ចូល ។ ជា​ពិសេស រដ្ឋាភិបាល​គួរតែ​លើកទឹកចិត្ត​ប្រជាជន​របស់​ខ្លួន​ឲ្យ​ងាក​មក​ប្រើប្រាស់​យានយន្ដ​ប្រើ​អគ្គិសនី ខណៈ​ការ​ប្រើប្រាស់​យានយន្ត ជា​បញ្ហា​ចម្បង​នៃ​ការ​ប្រើប្រាស់​ថាមពល​ប្រេង​ច្រើន​ជាងគេ ។

អ្នកវិភាគ​ជឿជាក់​ថា នៅ​ឆ្នាំ​២០២០ ប្រេង​ចំនួន​៦៥% សម្រាប់​ប្រើប្រាស់​ក្នុង​ប្រទេស​ចិន នឹង​ត្រូវ​នាំ​ចូល ដែល​មាន​អត្រា​៤៥% នៅ​ឆ្នាំ​២០០៦ និង​កើនឡើង​២% ជា​រៀង​រាល់​ឆ្នាំ ។ ក្នុង​នោះ​ដែរ ចិន​ជា​ប្រទេស​ដំបូង​បំផុត​ក្នុង​ការ​នាំ​ចូល​ប្រេង​ឆៅ​ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក ។

កម្រិត​នៃ​យុទ្ធសាស្ត្រ ផ្ទុក​ប្រេង​របស់​ចិន​បាន​ធ្លាក់​ចុះ​០,៧%​នៅ​ដំណាច់ឆ្នាំ​មុន ហើយ​ប្រេង​ដែល​ចម្រាញ់​រួច​បាន​កើនឡើង​៥,៣% ។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ទៀត ដែល​បាន​ចុះ​ផ្សាយ​ដោយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ និង​ឧស្ម័ន គ្រប់គ្រង​ដោយ​ភ្នាក់ងារ​ព័ត៌មាន Xinhua ដែល​មិន​បាន​បញ្ជាក់​ពី​ប្រភព​តួលេខ​នោះ​ទេ ។ 

ចិន​មិន​ត្រឹមតែ​ជា​ប្រទេស​ដែល​បាន​ទិញ និង​ប្រើប្រាស់​ប្រេង​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​អ្នកលក់​ប្រេង​ដែល​ចម្រាញ់​រួច​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​ដែរ ។ ជាក់ស្តែង វិទ្យាស្ថាន​ស្រាវជ្រាវ​បាន​ព្យាករ​ថា ការ​នាំ​ចេញ​ប្រេង​ចម្រាញ់​រួច​របស់​ចិន បាន​កើនឡើង​៣១% ឬ​ស្មើនឹង​២៥​លាន​តោន​ក្នុងឆ្នាំនេះ ។

យោង​តាម​របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា តម្រូវការ​ប្រេងឥន្ធនៈ​ដទៃ​ទៀត​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើនឡើង​ដូច​គ្នា ។ តួយ៉ាង គេ​រំពឹង​ថា ការ​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​នឹង​កើនឡើង ៧,៣% ឬ​ស្មើនឹង​២០៥​ពាន់​លាន​ម៉ែត្រគូប​ក្នុង​ឆ្នាំ​២០១៦ ។ ចំណែក​ការ​នាំ​ចូល​ឧស្ម័ន​របស់​ចិន​រំពឹង​ថា អាច​នឹង​កើនឡើង​១០,៦% ឬ​៦៩​ពាន់​លាន​ម៉ែត្រគូប ៕