អង្គការ​អន្តរជាតិ​មួយ​វាយតម្លៃ​ពីរ​បត់​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​

​ថ្មីៗ​នេះ​ភ្នាក់ងារ​ស៊ើបអង្កេត​សេដ្ឋកិច្ច​(The Economist Intelligence Unit) បានចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​បង្ហាញថា ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការធ្លាក់​ទៅក្នុង​របប​ផ្ដាច់ការ​និង​វាយតម្លៃ​ទៀតថា ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​មានការ​ធ្លាក់ចុះ​យ៉ាងគំហុក បើ​ប្រៀបធៀប​ទៅនឹង​បណ្ដា​ឆ្នាំកន្លងមក​។ តាម​សន្ទុះ​របស់​ភ្នាក់ងារ​ស៊ើបអង្កេត​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ទី​១១៣​ក្នុងចំណោម​១៦៧​ប្រទេស​នៅក្នុង​សន្ទុះ​ប្រជាធិបតេយ្យ ហើយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤ គឺ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​មានការ​ថយចុះ​។

​តាម​របាយការណ៍​បានបង្ហាញ​ឲ្យ​ឃើញថា នៅ​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា​ទទួលបាន​ពិន្ទុសរុប​៤,២៧ គឺ​ស្ថិតក្នុង​ក្រុម​ប្រទេស​របប​កូនកាត់​ប្រជាធិបតេយ្យ​ពាក់កណ្ដាល ផ្ដាច់ការ​ពាក់កណ្ដាល ហើយ​បើតាម​ពិន្ទុ​នេះ​កម្ពុជា​ជិត​ធ្លាក់ចូល​ទៅក្នុង​របប​ផ្ដាច់ការ​។ មន្ត្រី​សង្គម​ស៊ីវិល​ក្នុងប្រទេស​កម្ពុជា​បាន​ទទួលស្គាល់ថា របាយការណ៍​ខាងលើ​ស្របទៅតាម​ស្ថានភាព​ជាក់ស្តែង ព្រោះ​ការអនុម័ត​ច្បាប់​ស្ដីពី​អង្គការ​សមាគម ច្បាប់​សហជីព​ជាដើម គឺជា​ភស្តុតាង​នៃ​ការវាយតម្លៃ​ខាងលើនេះ​។ ជាពិសេស​ការវាយប្រហា​រ​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ គឺជា​ភស្តុតាង​យ៉ាងច្បាស់​ក្រឡែត​។

ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ មានការ​យល់ស្រប ហើយ​លោក​ចង់​ឲ្យ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​វិលត្រឡប់​ទៅរក​ភាពប្រក្រតី​មុន​ការបោះឆ្នោត​ឈានចូល​មកដល់​។ តាម​របាយការណ៍​រប​ស់​ភ្នាក់ងារ​ស៊ើបអង្កេត​សេដ្ឋកិច្ច​បានបញ្ជាក់​ថា ក្រុម​ប្រទេស​កាន់​របប​កូនកាត់​ដែល​កម្ពុជា គឺជា​សមាជិក​មួយ​ដែល​នោះ សំដៅ​ទៅលើ​ភាពមិនប្រក្រតី​ក្នុង​ដំណើរការ​បោះឆ្នោត ហើយ​ជារឿយៗ​រដ្ឋាភិបាល​តែង​ដាក់​សម្ពាធ​លើ​ក្រុមប្រឆាំង​។ ជាងនេះទៅទៀត​ការអនុវត្ត​ច្បាប់​នៅ​ទន់ខ្សោយ មានការ​រឹតត្បិត​ទៅលើ​ក្រុម​សង្គម​ស៊ីវិល ប្រព័ន្ធតុលាការ​មិន​ឯករាជ្យ ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​បរិស្ថាន និង​អ្នកសារព័ត៌មាន​ជាដើម​៕

07      ​