ការងារ​អប់រំ គឺជា​ការងារ​អាទិភាព ធ្វើឱ្យ​ពលរដ្ឋ​គ្រប់រូប បានទទួល​សេវាកម្មប្រកបដោយ​គុណភាព​

តាកែវ: លោក ស៊ីវ សុខន ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តតាកែវ បាន​ថ្លែងថា ការងារ​អប់រំ គឺជា​ការងារ​អាទិភាព ដែល​យើង​ម្នាក់ៗ មាន​កាតព្វកិច្ច ធ្វើឱ្យ​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប បានទទួល​សេវាកម្ម​អប់រំ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។
​លោក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តតាកែវ បានលើកឡើង​ដូច្នេះ នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប ការងារ​អប់រំ​យុវជន និង​កីឡា​ឆ្នាំ ២០១៤-២០១៥ និង​លើក​ទិសដៅ​អប់រំ ឆ្នាំ ២០១៥-២០១៦ នា​ព្រឹក​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០១៦ នៅ​សាល​សហ​សិក្សា មជ្ឈមណ្ឌល​គរុកោសល្យ ភូមិភាគ​តាកែវ ដែលមាន ប្រធាន​-​អនុប្រធាន​មន្ទីរ អប់រំ​កីឡា គ្រប់​ស្រុក និង​នាយក​សាលា វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា ចំនួន ៣៤០​នាក់ អញ្ជើញ​ចូលរួម ។

​លោក ស៊ីវ សុខន បាន​មានប្រសាសន៍ថា  ឆ្នាំ​សិក្សា ២០១៤-២០១៥ បាន​កន្លងទៅ យើង​បាន​ខិតខំ​ធ្វើឱ្យ​វិស័យ​អប់រំ យុវជន និង​កីឡា​ខេត្តតាកែវ របស់​យើង មានការ​ប្រែប្រួល រីកចម្រើន​ឈានឡើង ក្នុង​បរិបទ​ថ្មី គួរ​ជាទី​មោទនៈ ក្រោម​ការអនុវត្ត​គោលនយោបាយ កំណែទម្រង់​ស៊ីជម្រៅ ជាមួយនឹង​ការធានា​ផ្តល់ សេវាកម្ម​អប់រំ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។

​លោក​ប្រធាន​មន្ទីរ បាន​មានប្រសាសន៍ ដោយ​មានជំនឿថា សន្និបាត​បូកសរុប​ការងារ អប់រំ យុវជន និង​កីឡា នាពេលនេះ វា​មិន​គ្រាន់តែ​បានបង្ហាញ​ឱ្យឃើញ ពី​សមិទ្ធផល​សំខាន់ៗ ដែល​មន្ត្រី​គ្រប់គ្រង​អប់រំ គ្រប់លំដាប់​ថ្នាក់ សម្រេចបាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការប្រជុំ​បច្ចេកទេស​មួយ ដែលមាន​លក្ខណៈ ជា​ទ្រង់ទ្រាយ​ធំ ដោយមាន​ការប្រមូលផ្តុំ នូវ​បញ្ហា ស្មារតី របស់​មន្ត្រី​ដឹកនាំ​គ្រប់គ្រង តាម​អង្គភាព​នីមួយៗ សម្រាប់​ពិភាក្សា​ផ្លាស់ប្តូរ បទពិសោធន៍ គ្នា​ទៅវិញទៅមក និង​រិះរក​វិធានការ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ ដែលជា​ចំណុចខ្លាំង និង​ចំណុចខ្សោយ  ព្រមទាំង​កំណត់​ទិសដៅ ដើម្បី​អនុវត្ត​បន្ត ដោយ​ឈរលើ​ទស្សនៈ​សុទិដ្ឋិនិយម ហើយ​និង​ត្រូវធ្វើ​បន្តទៀត នា​ឆ្នាំ​សិក្សា​ថ្មី​នេះ ដើម្បី​ត្រៀមលក្ខណៈ​ជួយ​ជំរុញ ឱ្យ​ដំណើរការ​រៀនសូត្រ និង​លទ្ធផល​សិក្សា​របស់​សិស្ស ក្នុង​ឆ្នាំ​សិក្សា​បន្តបន្ទាប់​ទៀត ប្រព្រឹត្ត​ទៅដោយ​គុណភាព​៕V/S

ការងារ​អប់រំ គឺជា​ការងារ​អាទិភាព ធ្វើឱ្យ​ពលរដ្ឋ​គ្រប់រូប បានទទួល​សេវាកម្មប្រកបដោយ​គុណភាព​

ការងារ​អប់រំ គឺជា​ការងារ​អាទិភាព ធ្វើឱ្យ​ពលរដ្ឋ​គ្រប់រូប បានទទួល​សេវាកម្មប្រកបដោយ​គុណភាព​