បដិសេធថា មិនមែន​ប្លន់ គ្រាន់តែ​លួច​កាច់​សោក យក​ម៉ូតូ បានសម្រេច

បន្ទាយមានជ័យ: មាន​ករណី​ចោរលួច​កាច់​សោ​-​ក យក​ម៉ូតូ​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ អស់​១​គ្រឿង ពី​អាជីវករ​លក់ដូរ​ម្នាក់បានសម្រេច ហើយ​បន្ទាប់មកក៏មាន​ការបាញ់​កាំភ្លើង​ខ្លី ម៉ាក​រ៉ូឡូ​១​គ្រាប់ ដែល​ផ្អូក​ផ្អើល​ថាជា​អំពើ​ប្លន់​ទៅវិញ​។​

​ហេតុការណ៍​នោះ បានកើត​ឡើង កាលពី​វេលា ម៉ោង​៧​និង​៣០​នាទី យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ នៅ​ខាងជើង​ផ្សារ​អគ្គ​ថ្មី មុខ​ផ្សារ​ត្រី ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ជនរងគ្រោះ ឈ្មោះ សូត នី ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ជា​អាជីវករ​លក់ដូរ ក្នុង​នៅ​ផ្សារ​អគ្គ​ថ្មី រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា​: មុនពេល​កើតហេតុ ម្ចាស់​រវល់​នៅក្នុង​ផ្ទះរៀបចំ​ទុកដាក់​របស់របរ​។ ឃើញ​ចន្លោះប្រហោង​ដូច្នេះ ក៏មាន​ចោរ​ម្នាក់បានមក​លួច​កាច់​សោ​-​ក យក​ម៉ូតូ​របស់គាត់ដែល​ចត​ចោល​ខាងមុខ​តូប​លក់ដូរ ។ ប៉ុន្តែ​ខណ​:​នោះ ម្ចាស់ផ្ទះ​ឃើញ ហើយ​ស្រែក​ឲ្យ​គេ​ជួយ និង​ស្រែក​បន្ទរ​ថា "​ចោរ ចោរ " ។ ភ្លាមៗ​នោះ ក៏មាន​ស្នូរ​ផ្ទុះ​អាវុធខ្លី ១​គ្រាប់ ដែល​ក្រោយមក សមត្ថកិច្ច​អះអាងថា ជា​គ្រាប់​កាំភ្លើងខ្លី ម៉ាក​រ៉ូឡូ​របស់​ចោរ ដែល​បាន​បាញ់ ហើយ​សល់​សំបក​កា​ទូ​ស ១ គ្រាប់​លើដី​។ នោះ​ជាការ​បាញ់​គម្រាម​របស់​ចោរ ដើម្បី​កុំអោយ​ម្ចាស់ ឬ​អ្នកជិតខាង​រារាំង​ខ្លួន ។​

​សមត្ថកិច្ច ប្រញាប់​ច្រានចោល​ការហៅ​របស់​សាធារណ​ជន បណ្តាញ​សង្គម និង​សារព័ត៌មាន​ខ្លះ ដែលថា​ជា​អំពើ​ប្លន់​ប្រដាប់អាវុធ​។ សមត្ថកិច្ច បាន​បញ្ជាក់ថា​: នោះ​ជា​អំ​ពើលួច​កាច់​សោ​-​ក យក​ម៉ូតូ​។​

​ដូចគ្នា​ដែរ ស្ត្រី​រងគ្រោះ និង​ជា​ម្ចាស់​ម៉ូតូ ក៏​អះអាងថា​: នោះ​ជា​អំពើ​លួច​ទេ មិនមែន​ប្លន់​ឡើយ​។ តែ​លួចបាន ទើប​គេ​ឮ​សម្លេង​ចោរ​ស្រែក​គំរាម ព្រមាន​ថា គេ​នឹង​បាញ់សម្លាប់ អ្នកណា​ហ៊ាន មក​ពាំង​ផ្លូវ ជិះ​រត់គេច​របស់គេ​។​

​លោក អ៊ុំ សុផល អធិការនគរបាល ក្រុង​ប៉ោយប៉ែត  បាន​ឲ្យ​ដឹងថា​: "​វា​ជា​អំពើ​លួច​កាច់​សោ​-​ក យក​ម៉ូតូ​របស់​ពលរដ្ឋ មិនមែន​ប្លន់​ប្រដាប់អាវុធ កណ្តាល​ក្រុង​ទេ​"៕V/S 

បដិសេធថា មិនមែន​ប្លន់ គ្រាន់តែ​លួច​កាច់​សោក យក​ម៉ូតូ បានសម្រេច