ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ ៖ នគរបាល​ព្រហ្មទណ្ឌ​ចុះ​អនុវត្ត​ដីកា​ឃាត់ខ្លួន​ឥណ្ឌា​ម្នាក់ មានមុខ​ងារ​ជា​ប្រធាន​បច្ចេកទេស​កសិកម្ម​ដំណាំ​អំពៅ​នៅ​ស្រុក​​សំបូរ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ជំពាក់​លុយ​កម្មករ​ខ្មែរ​ជាង​៣​ម៉ឺន​ដុល្លារ​រយៈពេល​ជាង​២​ឆ្នាំ នៅ​មិន​ទាន់​មាន​សំណង ។
ជន​ជាតិ​ឥណ្ឌា​ម្នាក់​នេះ​ឈ្មោះ​កា​ម៉ា​ឌឺ នូ មា​នទី​តាំងនៅ​ចំណុច​អូរ​កក់ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ មក​រា ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វរសេនីយ៍ទោ គុណ សោ​ភ័​ណ្ឌ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​បុរស​ជនជាតិ​ឥណ្ឌា ជា​តំណាង​ក្រុមហ៊ុន និង​ជា​ប្រធាន​បច្ចេកទេស​រូប​នេះ ធ្វើ​ឡើង​ទៅ​តាម​ពាក្យបណ្តឹង​របស់​មេការ និង​កម្មករ​ខ្មែរ ប្រុស​-​ស្រី​ចំនួន​៦​នាក់ ក្នុង​សំណុំរឿង​ជំពាក់​លុយ​ថ្លៃ​ឈ្នួល​ក​ម្រ៉ៃ​ធ្វើការ​ចំនួន​ជាង​៣​ម៉ឺន​ដុល្លារ ។ ហើយ​ការ​ជំពាក់​លុយ គឺ​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ដែល​ក្រុម​កម្មករ​ខ្មែរ​បាន​ទន្ទឹងរង់ចាំ តែ​ក្រុមហ៊ុន​មិន​បាន​ទូទាត់​សំណង ។

លោក​ថា ក្រោយ​ពី​មានការ​ឃាត់ខ្លួន បុរស​ជនជាតិ​បាន​នាំ​ឃុំខ្លួន​នៅ​ការិយាល័យ​បណ្តោះអាសន្ន ដោយ​បុរស​រូប​នេះ បាន​ស្នើ​ឱ្យ​តំណាង​ក្រុមហ៊ុន​មក​ពី​ភ្នំពេញ ចូល​មក​ធ្វើការ​ដោះស្រាយ​សំណង​ជាមួយ​កម្មករ ។