វេស្ទើន មានមហិច្ឆតា ចង់ឈរ លេខរៀង ទី៥ ក្នុងតារាង លិករដូវ កាលថ្មី

ភ្នំពេញ៖ បន្ទាប់ពីសម្រេចចិត្ត ចែកផ្លូវគ្នាជាមួយក្រុម Cambodian Tiger ដើរផ្លូវរៀងៗខ្លួនវិញ ថ្នាក់ដឹកនាំក្រុមវេស្ទើនភ្នំពេញ បាននឹងកំពុង ពង្រឹងការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតពាន MCL-2016 និងពាន Hun Sen Cup លើកទី១០ ដែលគ្រោងនឹងចាប់ផ្ដើម ប្រកួតនៅអំឡុងចុងខែកុម្ភៈខាងមុខ លើសពីនេះទៅទៀត ក្រុមនេះមានមហិច្ឆតា ចង់ឈរលំដាប់លេខរៀងទី៥ ឬទី៦ សម្រាប់រដូវកាលថ្មី ។

សូមរំឮកថា កាលពីចុងឆ្នាំ២០១៥កន្លងទៅ ក្រុមវេស្ទើន និងក្រុម Cambodian Tiger បានសម្រេចឯកកិច្ចព្រមព្រៀម រួមបញ្ចូលជាក្រុមតែមួយ ដោយប្រើឈ្មោះ ក្រុម Cambodian Tiger ប៉ុន្ដែប្រមាណជាកន្លះខែក្រោយមក ក្រុមទាំងពីរ បានប្រកាសមិនចូលគ្នាវិញ ដោយលើកហេតុផលថា មិនត្រូវរ៉ូវលក្ខខណ្ឌមួយចំនួន ដែលជាហេតុធ្វើឲ្យក្រុមវេស្ទើន សម្រេចចិត្តដាក់ពាក្យ ចូលរួមប្រកួតពាន MCL-2016 និងពាន Hun Sen Cup ដូចធម្មតាវិញ ។

ទន្ទឹមជាមួយនឹងការប្រកាស ចែកផ្លូវគ្នាជាផ្លូវការនេះ លោក ប៉ែន ផាត គ្រូបង្វឹកក្រុម វេស្ទើនបានរៀបចំ ក្រុមទាំងប្រញាប់ប្រញាល ដើម្បីត្រៀមរដូវកាលថ្មី ស្របពេលកីឡាករមួយចំនួន បានចាកចេញទៅហើយក៏ដោយ។ ប៉ុន្ដែដោយសារវេស្ទើនមានថ្នាលយុវជនU គ្រូបង្វឹកជើងចាស់កម្ពុជារូបនេះ បានបង្ខំចិត្តជ្រើស រើសកីឡាករក្មេងៗមួយចំនួន មកបង្គ្រប់កីឡាករចាស់ៗ ហើយក៏មាននាំចូលកីឡាករក្នុងស្រុក និងកីឡាករបរទេស មួយចំនួនពង្រឹង សមត្ថភាពក្រុមបន្ថែមផងដែរ ។

ទោះជាយ៉ាងនេះក្ដី លោក ប៉ែន ផាត នៅតែមានជំនឿចិត្តលើសមត្ថភាព កូនក្រុមរបស់ខ្លួន ដែលទើបប្រមូលផ្ដុំហ្វឹកហាត់ ជាពិសេសលោកបាន ប្ដេជ្ញាចិត្តថា នឹងដឹកនាំក្រុមសាកលវិទ្យាល័យមួយនេះ ឡើងទៅឈរលេងរៀងទី៥ ឬទី៦ ក្នុងតារាងចំណាត់ថ្នាក់លិកកំពូលកម្ពុជា(MCL) ឆ្នាំ២០១៦នេះឲ្យបាន ព្រោះលោកជឿជាក់លើការខិតខំ និងភាពរីកចម្រើននៃ កូនក្រុមដែលបានប្ដេជ្ញាចិត្តរួមគ្នា ធ្វើឲ្យបានល្អបំផុត សម្រាប់រដូវកាលថ្មីនេះ ។

គួរបញ្ជាក់ថា កាលពីរដូវកាលមុន ក្រុមវេស្ទើនភ្នំពេញ បានបញ្ចប់ លទ្ធផលការប្រកួត ២ជើង ក្នុងពាន MCL-2015 ត្រឹមចំណាត់ថ្នាក់លេខ១១ ដោយ ២២ប្រកួត ឈ្នះ៤, ចាញ់១៧ និងស្មើ ១ប្រកួត រកបាន ១៣ពិន្ទុ ។ ប៉ុន្ដែវេស្ទើន មិនត្រូវបានធ្លាក់ពីតំណែង ទៅលេងក្របខណ្ឌក-១ ដូចការកំណត់នោះទេ ព្រោះគ្មានក្រុមឡើងមកជំនួស ដូច្នេះវេស្ទើន នៅតែបន្ដលេងក្នុង លីកកំពូលកម្ពុជាដដែល ៕

វេស្ទើន មានមហិច្ឆតា ចង់ឈរ លេខរៀង ទី៥ ក្នុងតារាង លិករដូវ កាលថ្មី

វេស្ទើន មានមហិច្ឆតា ចង់ឈរ លេខរៀង ទី៥ ក្នុងតារាង លិករដូវ កាលថ្មី