អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លើកឡើង​ពី​បរាជ័យ​របស់​ប្រទេស​ម្ចាស់ជំនួយ​

​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​សហគមន៍​អន្តរជាតិ​តាមដាន​ដោយ​យកចិត្តទុកដាក់ គឺ​ទាំង​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​អង្គការ​អន្តរជាតិ​នានា តែង​តាមដាន​បញ្ហា​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាក់ស្តែង​របាយការណ៍​ប្រចាំឆ្នាំ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(Human Rights Watch) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក បាន​លើកឡើងថា ប្រទេស​កម្ពុជា​បរាជ័យ​ក្នុង​ការដាក់​សម្ពាធ​លើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បញ្ឈប់​អំពើ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រេដ អាដាម បាន​ថ្លែង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦​ថា ប្រទេស​ម្ចាស់ជំនួយ​របស់​កម្ពុជា​បានបង្ហាញ​ពី​ក្ដីសង្ឃឹម​របស់ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀតថា ចង់ឃើញ​កម្ពុជា​ធ្វើកំណែទម្រង់​រួមមាន ការកែលម្អ​ក្នុង​បញ្ហា​គោរព​សិ​ទិ្ធ​មនុស្ស​ជាដើម ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​បដិសេធ​។ លោក ប្រេដ អាដាម បាន​សរសេរ​ទៀតថា លោក ហ៊ុន សែន បាន​បោះបង់ចោល​ការប្ដេជ្ញាចិត្ត​ចំពោះ​វប្បធម៌​សន្ទនា​ជាមួយ​គណបក្សប្រឆាំង ហើយ​បែរជា​ងាក​ទៅរក​វប្បធម៌​នៃ​អំពើហិង្សា​និង​ការបំភិតបំភ័យ​ទៅវិញ កាលពី​ឆ្នាំ​២០១៥​។

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់លោក ប្រេដ អាដាម បានលើកឡើង​ទៀតថា លោក ហ៊ុន សែន បាន​ប្រើប្រាស់​អំណាច​គ្រប់គ្រង​លើ​កម្លាំង​សន្តិសុខ តុលាការ និង​ស្ថាប័ន​ផ្ដល់​សេវាសាធារណៈ​ក្នុងការ​បង្ខំ​ឲ្យ​មេដឹកនាំ​គណបក្សប្រឆាំង​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស វាយដំ​អ្នកនយោបាយ​បក្សប្រឆាំង ឃុំខ្លួន​អ្នក​រិះគន់​រូបលោក និង​អនុម័ត​ច្បាប់​ដែលមាន​លក្ខណៈ​រឹតត្បិត​សេរីភាព ព្រមទាំង​បង្កើន​អំណាច​របស់ខ្លួន​លើ​ស្ថាប័នរដ្ឋ​នៅ​កម្ពុជា​។ ចំណុច​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​លោក ប្រេដ អាដាម បាន​លើកឡើងថា ប្រទេស​ម្ចាស់ជំនួយ​របស់​កម្ពុជា​មិនបាន​បញ្ចេញ​ប្រតិកម្ម​ឲ្យ​បាន​សកម្ម​ដើម្បី​តបត​វិញ​ឡើយ ហើយ​ហាក់បីដូចជា​សឹងតែ​នៅ​ស្ងៀម​មិន​ពិចារណា​ពី​ការដាក់​សម្ពាធ​លើ​លោក ហ៊ុន សែន ឲ្យ​បញ្ឈប់​របប​គ្រប់គ្រង​ដែលមាន​ការរំលោភបំពាន​នេះ​ទេ​។

ក្រុមមន្ត្រី​សង្គម​ស៊ីវិល​និង​អ្នកតាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា បាន​ទទួលស្គាល់ថា បញ្ហា​ដែល​លោក ប្រេដ អាដាម បានលើកឡើង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ គឺ​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​។ ជាក់ស្តែង​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់ គឺជា​រឿង​នយោបាយ​សុទ្ធសាធ ហើយ​ជាការ​ដាក់​សម្ពាធ​លើ​គណបក្សជំទាស់​ដែលមាន​ការគាំទ្រ​កាន់តែខ្លាំង​ពី​ប្រជាពលរដ្ឋ​។ ក្រុមអ្នកវិភាគ​នយោបាយ​បាន​វាយតម្លៃថា ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មួយ​រយៈពេល​កន្លងទៅ​នេះ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា កាន់តែ​បាត់បង់​ប្រជាប្រិយភាព ព្រោះ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​បានដឹង​ការពិត​អស់​ទៅហើយ​៕

08លោក ប្រេដ អាដាម  11227385_983126571726279_5636229605511607851_n 12063653_187192088284167_5134529868430556078_n