អ្នកមាន​លុយ អ្នកមានអំណាច រំលោភ​យក​ដី​ចង្កេះភ្នំ​ក្រាំង​ដី​មាស​ក្នុង​ខេត្តកំពង់ឆ្នាំង ធ្វើជា​កម្មសិទ្ធិ​

ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ដី​នៅ​ចង្កេះភ្នំ​ក្រាំង​ដី​មាស ដែលជា​ភ្នំ​ប្រវត្តិសាស្ត្រ​ល្បីល្បាញ​នោះ កំពុង​ត្រូវ​ក្រុម​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន​។ អ្នកមាន​លុយ អ្នកមានអំណាច​ខ្លះ នៅក្នុង​ខេត្តកំពង់ឆ្នាំង គឺជា​អ្នក​នៅ​ពីក្រោយ​ក្រុម​ជនល្មើស​កាប់បំផ្លាញ​កូនឈើ​និង​ហ៊ុមព័ទ្ធ​ដី​ចង្កេះភ្នំ​ក្រាំង​ដី​មាស យក​ធ្វើជា​កម្មសិទ្ធិ​។ ប្រការនេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ មិនត្រូវ​ទុក​ឲ្យ​មាន​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ចង្កេះភ្នំ​ក្រាំង​ដី​មាស​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ឡើយ​។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ពង្រ បាន​ឲ្យ​ដឹងថា អ្នកមាន​លុយ អ្នកមានអំណាច នៅក្នុង​ខេត្តកំពង់ឆ្នាំង បាន​ទន្ទ្រានព្រៃ​និង​ហ៊ុមព័ទ្ធ​ដី​ចង្កេះភ្នំ​៤​កន្លែង​ដាំចេក​និង​ស្វាយ ហើយ​ដី​នៅ​កន្លែង​ខ្លះ​មាន​ដាក់​ស្លាក​លក់​ដី​ទៀតផង​។ មន្ត្រី​អាជ្ញាធរ​ភូមិ អាជ្ញាធរ​ឃុំ ពុំមាន​លទ្ធិភាព​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ចង្កេះភ្នំ​ក្រាំង​ដី​មាស​នោះទេ ព្រោះ​អ្នក​រំលោភបំពាន​កាន់កាប់ គឺជា​មន្ត្រី​មានអំណាច​ក្នុង​ខេត្តកំពង់ឆ្នាំង​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ភ្នំ​ក្រាំង​ដី​មាស គឺ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ខេត្តកំពង់ឆ្នាំង បន្ថែម​ពីលើ​អត្តសញ្ញាណ​ក្អមឆ្នាំង​ដែលជា​និមិត្តរូប​នៃ​ទឹកដី​ខេត្តកំពង់ឆ្នាំង​។​

ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ពង្រ បាន​ឲ្យ​ដឹងថា ភ្នំ​ក្រាំង​ដី​មាស លាតសន្ធឹង​ពី​កើ​តទៅ​លិច​ស្ថិតក្នុង​ទឹកដី​រដ្ឋបាល​ឃុំ​ស្រែ​ថ្មី ឃុំ​ពង្រ និង​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ហើយ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ក្នុង​តំបន់​នេះ បានកើត​ឡើងជា​បន្តបន្ទាប់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​មាន​សេចក្ដី​ព្រួយបារម្ភ​ចំពោះ​ករណី​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​ដី​ចង្កេះភ្នំ​ក្រាំង​ដី​មាស ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​នេះ​។ ដូច្នេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ហើយ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ ថ្នាក់ស្រុក មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះឡើយ​៕

chandoeun-620លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង cde7dd8c-c3b1-4b10-b594-d3a73a658929