ប្រជាពលរដ្ឋ​ចាំមើល​វិធានការ​របស់​សមត្ថកិច្ច​ទៅលើ​ក្រុម​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ​

​កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះទៅពិនិត្យ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​២​កន្លែង​នៅក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ នៅក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​ស្ករត្នោត​ក្លែងក្លាយ​រាប់សិប​តោន​និង​សារធាតុ​គីមី​ជាច្រើន​ទៀត​រួមជាមួយ​ម្សៅ​ពណ៌​ស សម្រាប់​លាយ​ផលិត​ជា​ស្ករត្នោត​ក្លែងក្លាយ​យកទៅ​ចែ​កា​ចាយ​លើ​ទីផ្សារ​។

ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​ពិនិត្យ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នោះ បាន​ឲ្យ​ដឹងថា ទីតាំង​ទី​១​នៅផ្ទះ​លេខ​៨ ផ្លូវ​លេខ​៦៦៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក និង​ទី​តាំងទី​២​នៅផ្ទះ​៤៨ ផ្លូវ​លេខ​២៥៥ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក គឺ​នៅក្បែរ​ទីតាំង​ទី​១​នោះដែរ​។ តាម​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ទីតាំង​ដែល​សមត្ថកិច្ច​ចុះទៅ​ត្រួតពិនិត្យ​នោះ គឺជា​ទីតាំង​លាយ​ស្ករ​ដែលមាន​សារធាតុ​គីមី​ជាតិ​សូ​ដ្យូ​ម​អ៊ី​ត្រូ​ហ្វី​ត​។ សារធាតុ​គីមី​នេះ គឺជា​សារធាតុ​គីមី​ដែល​ត្រូវ​ហាមឃាត់ ហើយ​ម្ចាស់​ទីតាំង​បាន​យកទៅ​លាយ​ជា​ស្ករត្នោត​ក្លែងក្លាយ ដើម្បី​រក្សាទុក​បានយូរ​។

តាម​ការអះអាង​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ស្ករត្នោត​ក្លែងក្លាយ​នោះ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​អ្នក​ទទួលទាន ព្រោះ​គេ​ប្រើ​ស្ករត្នោត​ប្រភេទ​អន់​បំផុត​ទៅ​លាយ​ជាមួយ​ម្សៅ​ស ឲ្យ​ក្លាយទៅជា​ស្ករត្នោត​ប្រភេទ​លេខ​១​មានតម្លៃ​ខ្ពស់​លក់​នៅលើ​ទីផ្សារ​។ នៅក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់​យកទៅ​សាកសួរ​ផងដែរ ដែល​បញ្ហា​នេះ​កំពុង​ត្រូវបាន​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​វិធានការ​របស់​សមត្ថកិច្ច​ទៅលើ​ម្ចាស់​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​។ ប្រជាពលរដ្ឋ​នៅ​ជិត​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​នេះ​រកស៊ី​របៀប​ទុច្ចរិត​យូរ​ឆ្នាំ​មកហើយ ដូច្នេះ​សមត្ថកិច្ច​គួរ​ចាត់វិធានការ​តាមច្បាប់​។

ផលប៉ះពាល់​ដែល​កើតចេញពី​ការផលិត​ស្ករត្នោត​លាយ​ម្សៅ​ស ប្ដូរ​ពណ៌​ដើម្បី​រក្សាទុក​បានយូរ​នោះ គឺអាច​បណ្ដាល​ឲ្យ​អ្នក​ទទួលទាន​ស្ករត្នោត​ក្លែងក្លាយ​កើត​ជំងឺហឺត ជំងឺ​ក្រពះ​ពោះវៀន​ជាដើម ដូច្នេះ​សមត្ថកិច្ច​មិនត្រូវ​លើកឡើង​ឲ្យ​ម្ចាស់​ទីតាំង​នោះឡើយ​។ ចំណែក​វត្ថុតាង​ដែល​រឹបអូស​បាន គួរតែ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បានដឹង​ឮ​ពី​ករណី​ផលិត​ស្ករត្នោត​ក្លែងក្លាយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​មានការ​ប្រុងប្រយ័ត្ន​ទៅលើ​ផលប៉ះពាល់​។ ការអនុវត្ត​តាមច្បាប់​ទៅលើ​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ គឺជា​បញ្ហាសំខាន់​បំផុត​ព្រោះ​គេ​បាន​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

Hong-0843f43048ae-d2d6-43e6-a7b4-cf146f389aed image_43 image_35 image_18