ត្រឹម​ឆ្នាំ​២០២០ កម្ពុជា​នឹង​លែងមាន ជំងឺគ្រុនចាញ់

ភ្នំពេញ: ក្រសួងសុខាភិបាល បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ពី​ក្របខ័ណ្ឌ​ផែនការ សកម្មភាព​លុបបំបាត់ ជំងឺគ្រុនចាញ់ ឆ្នាំ​២០១៦-២០២០ មាន​រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃទី​២៧-២៨ ខែមករា ខិតខំ​លុបបំបាត់​ជំងឺគ្រុនចាញ់ ឱ្យអស់​យ៉ាងយូរត្រឹម​ឆ្នាំ​២០២០​ខាងមុខ​។​

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល បាន​ថ្លែង​នៅ​សណ្ឋាគារ Raffles Hotel Le Royal កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ ថា ក្រសួង​នឹង​ខិតខំ​លុបបំបាត់​ជំងឺគ្រុនចាញ់ ឱ្យអស់​យ៉ាងយូរ ត្រឹម​ឆ្នាំ​២០២០​ខាងមុខ​។​

​លោក ម៉ម ប៊ុនហេង មានប្រសាសន៍​បន្តថា ច្រើន​ឆ្នាំ​មកនេះ ការប្រយុទ្ធ​នឹង​ជំងឺ គ្រុនចាញ់ នៅ​ប្រទេស​កម្ពុជា ទទួលបាន​ជោគជ័យ គួរឱ្យគត់សម្គាល់ គឺ​កាត់បន្ថយ​បន្ទុក​នៃ​ជំងឺ ដោយបាន​ធ្វើឱ្យ​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់ ធ្លាក់ចុះ​។ ដូច្នេះ សមិទ្ធផល​នេះ បញ្ជាក់ថា កម្ពុជា​មានឱកាស​ចាប់​ផ្ដើម បង្កើត​ប្រព័ន្ធ​ការងារ ដ៏​ចាំបាច់​មួយ​ដើម្បី ការលុបបំបាត់​ជំងឺ​នេះ ជា​ដំណាក់កាល​។​

​លោក​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ក្រសួងសុខាភិបាល ព្រមទាំង​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ដ្រ និង​បាណក​សាស្ដ្រ បានធ្វើការ​បេ្ដ​ជ្ញា​ចិ​ត្ដ ដើម្បី​សម្រេច​គោលដៅ​នៃ ការលុបបំបាត់​ជំងឺគ្រុនចាញ់ ប្រភេទ​មេរោគ ផ្លាស់​ស្មូម​ដ្យូ​ម ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម ឱ្យអស់​ត្រឹម​ឆ្នាំ​២០២០ និង​ការ​លុប​បាត់​ជំងឺគ្រុនចាញ់ គ្រប់​ប្រភេទ មេរោគ​ទាំងអស់ ត្រឹម​ឆ្នាំ​២០២៥​។​

​លោក​រដ្ឋមន្ដ្រី បញ្ជាក់​បន្ថែមថា ការប្ដេជ្ញា​ចិ​ត្ដ​ថ្នាក់ជាតិ​នេះ ត្រូវបាន​ជំរុញ​លើក​ទឹក​ចិ​ត្ដ ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ខាងកើត លើក​ទី​៩ ដែល​បាន​ប្រារព្ធ​ធ្វើឡើង នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​ឆ្នាំ​២០១៤​។ ទោះបីជា​ទទួលបាន​ជោគជ័យ យ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ ក៏​នៅមាន​ឧបសគ្គ​មួយចំនួន ដែល​ទាំងអស់គ្នា ត្រូវ​ចូលរួម​ដោះស្រាយ និង​លុបបំបាត់​ជំងឺគ្រុនចាញ់ ដែលមាន​សុំា​នឹង​ថ្នាំ ជាច្រើន​ប្រភេទ នៅ​ទូទាំងប្រទេស​កម្ពុជា ពិសេស​នៃ​ប្រភេទ​មេរោគ​ផ្លាស់​ស្មូម​ដ្យូ​ម ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម តម្រូវឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​ពង្រឹង និង​ព​ន្លឿ​ន​នៃ​ការលុបបំបាត់ ជំងឺគ្រុនចាញ់ ដើម្បី​សម្រេចបាន​នូវ គោលដៅ​របស់​យើង​»​។

​ដើម្បី​សម្រេចបាន​នូវ​គោលដៅ លុបបំបាត់​ជំងឺគ្រុនចាញ់ កម្ពុជា​ត្រូវមាន​ផែនការ​យុទ្ធសាស្ដ្រ ច្បាស់លាស់​មួយ បង្ហាញ​ពី​ផែនការ​សកម្មភាព ក្នុងការ​អនុវត្ដ ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោលដៅ​នោះ ដោយ​ត្រូវមាន​មូលដ្ឋាន ភ័ស្ដុតាង​ច្បាស់លាស់ និង​លក្ខណៈ​លម្អិត​ពី​ទីកន្លែង ពេលវេលា អនុវត្ដ​ន៍​ដោយ​វិធី​ណា និង​អ្នកណា​ជា​អ្នក​អនុវត្ដ​ន៍ នូវ​សកម្មភាព​ទាំងនោះ​។​

​លោក​បាន​និយាយថា ការលុបបំបាត់ ទាមទារ​ឱ្យមាន​ការរៀបចំ មាន​លក្ខណៈ​ច្បាស់លាស់ ជាក់លាក់ និង​ចាំបាច់ ត្រូវមាន​ការសម្របសម្រួល រវាង​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ដ្រ និង​បាណក​សាស្ដ្រ ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍​នានា​។ ពេលនេះ យើង​មាន​យុទ្ធសាស្ដ្រ​មួយ ដែល​ត្រូវបាន​រំពឹងទុក​ថា នឹង​ជំរុញ​ឱ្យ​យើង​ឆ្ពោះទៅរក ការលុបបំបាត់​ជំងឺគ្រុនចាញ់ នៅក្នុង​ដំណាក់កាល​នេះ វា​ជាការ​ចាំបាច់​ណាស់ ដែល​ក្រសួងសុខាភិបាល និង​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ត្រូវ​ធ្វើជា​ម្ចាស់ ក្នុង​ភាពជា​អ្នកដឹកនាំ និង​អនុវត្ដ​ន៍​សកម្មភាព លើ​យុទ្ធសាស្ដ្រ ថ្នាក់ជាតិ ដោយ​ធ្វើ​ការសហការ ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ដែលនាំឱ្យ​មាន​លទ្ធផល ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​ឈាន​ឆ្ពោះទៅ សម្រេច​នូវ​គោលដៅ​ថ្នាក់ជាតិ​៕V​/S