បញ្ហា​ប្រឈម​ពន្ធនាគារ​៖ ជន​ជាប់ឃុំ​ចាប់ពី ២​ដង​ឡើងទៅ មាន​ចំនួន ៣២៧ នាក់ ស្ត្រី​ចំនួន ១៧​នាក់​

ភ្នំពេញ: សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ពង្រឹងសមត្ថភាព​មន្ត្រី​តុលាការ និង​នគរបាល​យុត្តិធម៌ ក្នុងការ​អនុវត្ត​ច្បាប់ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា​នេះ ក្រោម​អធិបតីភាព​លោក តាន់ ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយមាន​កា​រចល​រួម​ពី​សំណាក់​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេ​ប៉េអឹម និង​អធិការនគរបាល​ទាំង ១២​ខណ្ឌ រួមទាំង​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​ពន្ធនាគារ​ផងដែរ​។​

​របាយការណ៍​របស់​ព​ន្ធ​នាគារ បាន​នៅក្នុង​អង្គប្រជុំ​ថា ជន​ជាប់ឃុំ​ចាប់ពី​ពីរដង​ឡើងទៅ ( មិន​រាងចាល ) មាន​ចំនួន ៣២៧ នាក់ ស្ត្រី​ចំនួន ១៧​នាក់​។ ជាមួយគ្នានេះ ខាង​ពន្ធនាគារ និង​មណ្ឌល សូម​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ជួយផ្តល់​សាលក្រម​ស្ថាពរ ឬ​សាលដីកា​ស្ថាពរ ដល់​មណ្ឌល និង​ពន្ធនាគារ ដើម្បី​ដាក់ចូល​ក្នុង​កម្មវិធី​ស្តារនីតិសម្បទា​ទណ្ឌិត ដែល​បាន​ខិតខំ​កសាង និង​កែប្រែ​ខ្លួន​បានល្អ ក្នុងការ​ស្នើសុំ​បន្ធូរ​បន្ថយទោស​។​

​មន្ត្រី​ពន្ធនាគារ ក៏បាន​សំណូមពរ​ឲ្យ​ខាង​តុលាការ​ផ្តល់​សាលក្រម ឬ​សាលដីកា អ្នក​ដែល​ត្រូវផុត​ទោស​ចំពោះ​ជន​ជាប់ឃុំ ដែលមាន​កំណត់​ទោ​សត​តិច និង​ជាប់​ប្រាក់​ពិន័យ​។ រាល់​ដីកា​បង្គាប់​ឲ្យ​នាំ​ជនជាប់ចោទ​មក​សវនាកា​រ​របស់​សាលាឧទ្ធរណ៍ សូម​ឲ្យ​មាន​ចុះ​លេខ​សំណុំរឿង​ដើម (​លេខ​សំណុំរឿង​របស់​សាលាដំបូង​) មកជា​ផង​។ រាល់​ការហៅ​ជន​ចាប់​ឃុំ​មក​សាកសួរ​នៅ​សាលាដំបូង សូម​ឲ្យ​ក្រឡាបញ្ជី​មក​សាកសួរ​នៅ​មណ្ឌល ឬ​ពន្ធនាគារ​វិញ ដើម្បី​កុំ​ឲ្យ​ពិបាក​ក្នុងការ​ដឹកជញ្ជូន និង​ការពារ ពីព្រោះ​មណ្ឌល​មាន​កន្លែង​ឲ្យ​សាកសួរ​។​

​មន្ត្រី​តំណាង​ពន្ធនាគារ ក៏បាន​សូម​ឲ្យ​តុលាការ​ធ្វើការ​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​ចំពោះ​ជន​ជាប់ឃុំ ដែល​មិន​រាងចាល ដើម្បី​កុំ​ឲ្យ​ជះឥទ្ធិពល និង​គំរូ​អាក្រក់​ដល់​ជន​ជាប់ឃុំ​ដទៃទៀត ព្រោះ​កន្លងមក នៅក្នុង​មណ្ឌល ឬ​ពន្ធនាគារ​មាន​ជន ដែល​មិន​រាងចាល​ធ្លាប់​ជាប់ពន្ធនាគារ​មួយដង ឬ​ពីរដង នៅតែ​ជាប់ពន្ធនាគារ​ដដែល​។

សូមរម្លឹកថា កាលព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ មន្ត្រី​តុលាការ ប៉ូលិស និង​ប៉េអឹម បាន​ជួបប្រជុំ​ពិភាក្សា ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​​តុលាការ និង​នគរបាល​យុត្តិធម៌ ក្នុងការ​អនុវត្ត​ច្បាប់ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​។​
 
​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នោះ បាន​លើកឡើងថា សំណុំរឿង​ព្រហ្មទណ្ឌ មាន​ជិត ២០០០ សំណុំ​​រឿង ធ្វើអោយ​ចំនួន​អ្នក​ជាប់ឃុំ​កើនឡើង​។ ចំណែក​សំណុំរឿង​ចាត់​ជាង ៦០០០ មនុស្ស​នៅ​ពន្ធនាគារ ត្រូវ​ដោះស្រាយ​បន្ត​។​ បង្កើន​បន្ទប់​សវនាកា​រ ដើម្បី​កុំអោយ​កកស្ទះ​សំណុំរឿង​។ ដាក់ទោស​ជនជាប់ចោទ ដែល​មិន​រាងចាល​អោយបាន​ធ្ងន់ធ្ងរ​។​ បញ្ហា​កង្វះ​សាលក្រម ត្រូវ​រក​វិធានការ​អោយបាន​ទាន់ពេលវេលា​៕​

បញ្ហា​ប្រឈម​ពន្ធនាគារ​៖ ជន​ជាប់ឃុំ​ចាប់ពី ២​ដង​ឡើងទៅ មាន​ចំនួន ៣២៧ នាក់ ស្ត្រី​ចំនួន ១៧​នាក់​