ក្រុម​ខ្មាន់កាំភ្លើង បាន​បាញ់រះ​ចូល​ក្រុមហ៊ុន​របស់​ឧកញ៉ា អ៊ុក ឃុន ស្លាប់​ម្នាក់ និង​របួស​មួយចំនួន​

ភ្នំពេញ: ក្រុម​ខ្មាន់កាំភ្លើង បានធ្វើ​សកម្មភាព​បាញ់​​រះ​ជាច្រើន​គ្រាប់ ចូល​ក្រុមហ៊ុន​របស់​ឧកញ៉ា អ៊ុក ឃុន កាលពី​យប់​ថ្ងៃទី​២៧ ខែមករា បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​មួយចំនួន​របួស​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​បាញ់ រួច​ជនល្មើស​បាន​គេចខ្លួនបាត់​ដោយ​​សុវត្ថិភាព​។

មួយសន្ទុះ​ក្រោយមក​ ទើប​សមត្ថកិច្ច​ចុះទៅពិនិត្យ​កន្លែង​កើតហេតុ​។ ​ករណី​បាញ់​សម្លាប់​​មនុស្ស​ដ៏​សាហាវ​ព្រៃផ្សៃ​នេះ បានកើត​ឡើង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ គីឡូម៉ែត្រ លេខ​៨៣ ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច បាន​​អោយដឹងថា ជនល្មើស​បាន​ប្រើ​កាំភ្លើង AK បាញ់ប្រហារ​ទៅលើ​ប្រជាពលរដ្ឋ ដែល​ចាំចម្ការ​អោយ​ក្រុមហ៊ុន អ៊ុក ឃុន ចំនួន ៦​គ្រាប់ ​បណ្តាលអោយ​ត្រូវ​ជនរងគ្រោះ​ឈ្មោះ ស៊ុន សា​វិត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូង​ថ្មី
​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

​ជនរងគ្រោះ ត្រូវ​ចំនួន ៣​គ្រាប់ លើ​ផ្ទៃមុខ ស្លាប់​នៅ​កន្លែងកើតហេតុ​។ សាកសព ត្រូវបាន​តំកល់ទុក​នៅ​កន្លែងកើតហេតុ រង់ចាំ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។​

​សូម​រម្លឹកថា កាលពី​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ យ៉ាងហោចណាស់ ក៏មាន​អំពើ​ប្លន់ និង​បាញ់ប្រហារ កើតមាន ៤ ករណី​ធំៗ រួមមាន​៖ ១-​ការបាញ់ប្រហារ នៅ​ខេត្តកំពង់ស្ពឺ បណ្តាល​ឲ្យ​បុរស​ម្នាក់ ស្លាប់ ២-​បាញ់​នៅ​ឫស្សីកែវ របួស​ម្នាក់ ៣-​ប្លន់​នៅ​ផ្សារ​អគ្គ ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​៤-​បាញ់ ប្លន់​នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួស ២ នាក់​៕​