SCG រកប្រាក់ចំណេញច្រើនជាង ៣៥% នៅឆ្នាំ២០១៥ ធៀបនឹង២០១៤

ភ្នំពេញ៖ ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយក្នុងតំបន់អាស៊ានបានបញ្ចេញរបាយការណ៍លទ្ធផលប្រតិបត្តិការរបស់ខ្លួន ដោយប្រកាសពីផលចំណេញដែលខ្លួនទទួលបានក្នុងឆ្នាំ២០១៥។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ SCG បានឲ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះថា ក្នុងឆ្នាំ២០១៥កន្លងទៅ ក្រុមហ៊ុន SCG រកប្រាក់ចំណេញបានច្រើនជាងឆ្នាំ២០១៤ រហូតដល់ ៣៥% ដោយសារការរីកចំរើននៃអាជីវកម្មផ្សេងៗរបស់ខ្លួន ហើយ ក្រុមហ៊ុននឹងបន្តផ្តោតលើការអភិវឌ្ឍផលិតផលថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អតិថិជនក្នុងតំបន់អាស៊ាន ។

លោក Roongrote Rangsiyopash ប្រធាន និងអគ្គនាយកក្រុមហ៊ុន SCGបានថ្លែងថា សម្រាប់ឆ្នាំ២០១៥ទាំងមូល សរុបចំណូលពីការលក់នៅទូទាំងពិភពលោក គឺមានចំនួន ៥១.៧១៩ ពាន់លានរៀល (ឬ ១២.៨៣៥ លានដុល្លារអាមេរិក) ដែលជាការថយចុះ ១០% ពីឆ្នាំមុន ដោយសារតម្លៃប្រេងធ្លាក់ចុះ ។ ប៉ុន្តែប្រាក់ចំណេញសរុបក្នុងឆ្នាំ២០១៥ បានកើនឡើងទៅដល់ ៥.៣៤១ ពាន់លានរៀល (ឬ ១.៣២៥ លានដុល្លារអាមេរិក) ដែលជាការកើនឡើងរហូតដល់ ៣៥% ធៀបនឹងឆ្នាំ២០១៤ ។

លោក Roongrote Rangsiyopash បានបន្ថែមទៀតថា “យើងកំពុងបន្តធ្វើការវិនិយោគនៅក្នុងតំបន់អាស៊ាន ដូចការគ្រោងទុក ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនក្នុងតំបន់ ។ រោងចក្រស៊ីម៉ង់ត៍នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមដំណើរការហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅខណៈដែលរោងចក្រស៊ីម៉ង់ត៍ ដែលកំពុងសាងសង់ក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ គ្រោងនឹងចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០១៦ និង២០១៧ ខាងមុខនេះ ហើយការវិនិយោគថ្មីៗទាំងនេះ គឺដើម្បីគាំទ្រការពង្រីកទីផ្សាររបស់យើងក្នុងតំបន់អាស៊ាន និងបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជន។

យើងជឿជាក់ថា តំបន់អាស៊ាននឹងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយទីផ្សារនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម នឹងរីកចំរើនឡើងដោយសារសហគមន៍សេដ្ឋកិច្ចអាស៊ាន ។”

គិតត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៥ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន SCG នៅទូទាំងពិភពលោក គឺស្មើនឹងទឹកប្រាក់ ៥៦.៦៦៥ ពាន់លានរៀល (ឬ ១៤.១៣៦ លានដុល្លារអាមេរិក) ខណៈដែលទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន SCG នៅក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) មានចំនួន ១២.០២០ ពាន់លានរៀល (ឬ ២.៩៩៩ លានដុល្លារអាមេរិក) ស្មើនឹង ២១% នៃទ្រព្យសកម្មប្រមូលផ្តុំសរុប ។ គួរកត់សម្គាល់ផងដែរថាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន SCG Concrete Roof (Cambodia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ SCG បានក្លាយជាក្រុមហ៊ុនផលិតក្បឿងបេតុង ដំបូងគេនៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001:2008 ៕