គ.ជ.ប ពិបាកស្វែងរក មានអ្នកជំនាញ ជាបញ្ហាចោទ ក្នុងការចុះ ឈ្មោះ បោះឆ្នោត សាកល្បង តាមកុំព្យូទ័រ

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការ ជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានថ្លែងថា បញ្ហាលំបាក សម្រាប់ដំណើរ ការចុះឈ្មោះសាកល្បង តាមប្រព័ន្ធកុំព្យូទ័រ គឺការស្វែងរកអ្នក ជំនាញច្បាស់លាស់មិនបាន។

លោក ស៊ិក ប៊ុនហុក បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយសម្រាក់វគ្គទី១ នៃកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តី ព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី  នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ថា  “មិនសំបូរអ្នកដែលចេះប្រើប្រព័ន្ធកុំព្យូទ័រ ហើយឲ្យត្រូវជាមួយ កម្មវិធី ដែលត្រូវការទេ។ យើងរើសជាបណ្តោះអាសន្នទេ សម្រាប់ការចុះឈ្មោះ ជួនកាលអ្នកមានជំនាញ គេមិនមកបម្រើការនៅក្នុងការងារហ្នឹងទេ (ចុះឈ្មោះបោះឆ្នោត) នេះវាចំណុចពិបាក មិនមែនជាចរឹកអចិន្រ្តៃយ៍ និងមិនមែនជាចរឹក តាមដំណាក់កាលទេ នេះជាបញ្ហាចោទឡើងយ៉ាងពិបាក”។

លោកបន្តថា គ.ជ.ប កំពុងរិះរកមធ្យោបាយក្នុងការ ដោះស្រាយបញ្ហាទាំងអស់នេះ  ហើយបុគ្គលិកដែលរើសយកមកនេះ មិនមែនឲ្យមករៀនប្រើប្រព័ន្ធកុំព្យូរទ័រទេ គឺមកឲ្យចេះប្រើតែម្តង។

លោកបន្ថែមថា ពួកគេត្រូវចេះត្រូតពិនិត្យ ពីដំណើរការចុះឈ្មោះបោះឆ្នោត ការត្រួតពិនិត្យឈ្មោះស្ទួនគ្នា។

ប្រធានរូបនេះបន្តថា បញ្ហាចំបងក្នុងការ រកអ្នកចេះប្រើប្រាស់កុំព្យូរទ័រនេះ គឺនៅតំបន់ដាច់ស្រយាលតែម្តង ព្រោះតំបន់ទាំងនោះ មិនសូវមានចេះជំនាញអស់នេះ ដោយសារការ ចុះឈ្មោះបោះឆ្នោតសាកល្បង ធ្វើឡើងនៅទូទាំងប្រទេស ហើយបើយកអ្នកចេះស្រាប់ ពីភ្នំពេញទៅតំបន់ទាំងនោះ ត្រូវចំណាយថវិកាច្រើន ព្រោះគ.ជ.ប មិនបានត្រៀមថវិកាទៅដល់ គោដៅទាំងនោះឡើយ។

លោក ស៊ិក ប៊ុនហុក អះអាងថា ជំនួយបច្ចេកទេស ដែលឧបត្ថម្ភដោយ EU កំពុងធ្វើការចរចាគ្នានៅឡើយ ដែលបច្ចេកទេស ទាំងនោះមិនទាន់ឆ្លើយតបទាំងស្រុង ដែលត្រូវការនៅឡើយទេ ។

លោកបន្តថា បើការជ្រើសរើសបុគ្គលិក មិនគ្រប់ចំនួន នឹងធ្វើឲ្យដំណើរការ ចុះឈ្មោះសាកល្បងនឹងមានបញ្ហាជាមិនខាន។

ចំណែក លោក គល់ បញ្ញា ប្រធានអង្គការខុមហ្វ្រែល បានថ្លែងថា ការខ្វះបុគ្គលិកលើជំនាញព័ត៌មានវិទ្យានេះ ពិតជាមានឧបសគ្គ ក្នុងដំណើរការ ចុះឈ្មោះបោះឆ្នោតសាកល្បង ។

លោកបញ្ជាក់ថា “ខ្ញុំនៅតែមានជំនឿលើយុវជន យើងដែលទើបតែបញ្ចប់ការសិក្សា ហើយសព្វថ្ងៃយុវជនមានការឆ្លាតវាងវៃ លើការ ប្រើប្រាស់កុំព្យូរទ័រនេះ ។ចឹងពីពេលនេះ រហូតដល់ថ្ងៃចុះឈ្មោះយើងនៅមានឱកាសក្នុងការជ្រើសរើសពួកគេមក បម្រើការងារលើការចុះឈ្មោះបោះឆ្នោតសាកល្បងនេះ“។

លោកអំពាវនាវឲ្យយុវជន ត្រូវពង្រឹងសមត្ថភាពខ្លួនឯងលើប្រព័ន្ធកុំព្យូរ ដើម្បីចុះឈ្មោះបម្រើការងារនៅគ.ជ.បលើផ្នែកចុះឈ្មោះនេះ ព្រោះនៅកម្ពុជាមានយុវជនច្រើន។

លោកថា ចំពោះតំបន់ដាច់ស្រយាលមិនមែនជា បញ្ហាចោទក្នុងការ រកអ្នកពូកែខាងកុំព្យូរទ័រមិនបាននោះទេ ព្រោះបើតាមខុមហ្វ្រែលបានចុះ ទៅដល់តំបន់ដាច់ ស្រយាលនៅ ខេត្តរតនគិរី និងខេត្តកំពង់ឆ្នាំងហើយធ្វើការស្ទាបស្ទងនោះ  គឺមានយុវជនច្រើនមាន ជំនាញខាងកុំព្យូរទ័រដែរ។

សូមបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត សាកល្បងតាមប្រព័ន្ធកុំព្យូទ័រនេះ គឺជាលើកទី១ហើយសម្រាប់កម្ពុជា ក្រោយពី គ.ជ.ប បានកែប្រែសារជាថ្មី ក្រោយពីកិច្ចព្រមព្រៀងផ្នែក នយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ រយៈពេល មួយឆ្នាំក្រោយបន្ទាប់ពីការ បោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣កន្លងមក៕

គ.ជ.ប ពិបាកស្វែងរក មានអ្នកជំនាញ ជាបញ្ហាចោទ ក្នុងការចុះ ឈ្មោះ បោះឆ្នោត សាកល្បង តាមកុំព្យូទ័រ

គ.ជ.ប ពិបាកស្វែងរក មានអ្នកជំនាញ ជាបញ្ហាចោទ ក្នុងការចុះ ឈ្មោះ បោះឆ្នោត សាកល្បង តាមកុំព្យូទ័រ

គ.ជ.ប ពិបាកស្វែងរក មានអ្នកជំនាញ ជាបញ្ហាចោទ ក្នុងការចុះ ឈ្មោះ បោះឆ្នោត សាកល្បង តាមកុំព្យូទ័រ