មេទ័ពជើង ទឹកអាមេរិក ប្តេជ្ញាការពារប្រជុំកោះ ស៊ិនកាគុ របស់ជប៉ុន ប្រសិនបើចិន វាយប្រហារ

វ៉ាស៊ីនតោន៖ មេបញ្ជាការកំពូល នៃកងទ័ពជើងទឹក អាមេរិក បានប្រកាសពី ការប្តេជ្ញារបស់ ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ ២០១៦ ក្នុងកិច្ចការពារប្រជុំកោះ ស៊ិនកាគុ (ចិនហៅ តាវយុ) ស្ថិតនៅក្នុងដែន សមុទ្រចិនខាងកើត ក្រោមសន្និសញ្ញាសន្តិសុខ រវាងប្រទេសទាំងពីរ ប្រសិនបើមានការ វាយប្រហារណាមួយ។ ទោះបីមិនបានបង្ហើបថា នរណាជាអ្នកអាច វាយប្រហារក៏ដោយ តែការថ្លែងបែបនេះ គឺចង់សំដៅទៅលើចិន តែម្តង។

ទីភ្នាក់ងារ ព័ត៌មានជប៉ុនក្យូដូ ចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍ នេះ ដោយលើកឡើងពីសម្តី របស់ លោកឧត្តមនាវីឯក ហារី ហារីស ប្រចាំតំបន់ ប៉ាស៊ីហ្វិក ថា “យើងមានភាពច្បាស់លាស់ ក្នុងការការពារជប៉ុន នៅពេលដែលមានការ វាយប្រហារដោយចិន។” នេះជាការថ្លែងក្នុង កិច្ច សម្ភាសន៍មួយ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយសំដៅលើ បញ្ហាកោះតាវយុ។

គួរបញ្ជាក់ថា លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់បានលើកឡើង ផងដែរ ចំពោះសន្និសញ្ញា សន្តិសុខរវាងអាមេរិក និង ជប៉ុន កាលពីឆ្នាំ ១៩៦០ ដែលបាន សរសេរថា អាមេរិក មានតួនាទីការពារ ដោយយោធា ចំពោះប្រទេសជប៉ុន ក្នុងពេលមាន ការ វាយប្រហារណា មួយកើតឡើង ហើយក្នុងនោះក៏ ក្តោបទៅលើប្រជុំកោះ ស៊ិនកាគុ ផងដែរ។

ប៉ុន្តែ ចំពោះការគឃ្លើនដាក់គ្នា នាពេលកន្លងមកនេះ រវាងចិន និង ជប៉ុន នៅប្រជុំកោះ ស៊ិនកាគុ នោះ អាមេរិកធ្លាប់បានអះអាងថា ខ្លួនពុំទាន់មានលទ្ធភាព អាចជ្រៀតចូលទៅដោះ ស្រាយ ឬ មួយក៏អាចឈរនៅខាង ណាមួយបាននោះឡើយ៕

មេទ័ពជើង ទឹកអាមេរិក ប្តេជ្ញាការពារប្រជុំកោះ ស៊ិនកាគុ របស់ជប៉ុន ប្រសិនបើចិន វាយប្រហារ