ករណី​ប្លន់​ប្រដាប់អាវុធ​នៅ​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​យ៉ាងខ្លាំង​

មជ្ឈដ្ឋាន​នានា​បាន​វាយតម្លៃថា វិធានការ​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម មិន​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​នោះទេ ហើយ​ករណី​ប្លន់​ប្រដាប់អាវុធ​កើតឡើង​កាន់តែច្រើន​និង​កាន់តែ​សាហាវ​ជាង​មុន​ទៅទៀត​។ ជាក់ស្តែង​កាលពី​ម៉ោង​១០​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់​និង​៣​នាក់​រងរបួស​ដោយសា​រ​ក្រុមចោរ​៥​នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង​និង​កាំភ្លើងខ្លី​ចូលធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ហើយ​ក្រោយពេល​ប្លន់​រួច​ក្រុមចោរ​អាច​គេចខ្លួន​ដោយ​សុវត្ថិភាព​។

​ប្រភពពី​សមត្ថកិច្ច​នៅ​ស្រុក​កំរៀង បាន​ឲ្យ​ដឹងថា ក្នុង​អំពើ​ប្លន់​នោះ​ក្រុមចោរ​បាន​ប្រើ​កាំភ្លើង​អាកា​១​ដើម កាំភ្លើងខ្លី​២​ដើម ចូល​ប្លន់​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ កូយ សេង​លី ជា​អ្នករកស៊ី​លក់​ចាប់ហួយ​និង​ដូរ​លុយ​នៅក្នុង​ភូមិ ហើយ​ក្រុមចោរប្លន់​យក​ទ្រព្យសម្បត្តិ​លុយកាក់​មួយចំនួនធំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមចោរ​បាញ់កាំភ្លើង​អាកា​៥​គ្រាប់ និង​កាំភ្លើងខ្លី​៣​គ្រាប់ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ ភៀ​ង ភុ​ន ត្រូវជា​ឪពុក​ម្ចាស់ផ្ទះ​ឈ្មោះ កូយ សេង​លី ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​សៀម​។ ចំណែក​ជនរងគ្រោះ​៣​នាក់​ទៀត ទី​១​ឈ្មោះ ភុ​ន ឡៃ​ម៉េង អាយុ​៣២​ឆ្នាំ ទី​២​ឈ្មោះ កូយ សេង​លី អាយុ​៥២​ឆ្នាំ ត្រូវបាន​ក្រុមចោរ​វាយ​ឲ្យ​របួស​ស្មា​ឆ្វេង និង​ទី​៣​ឈ្មោះ ម៉េង ជុំ អាយុ​៣៦​ឆ្នាំ ត្រូវ​ចោរ​វាយ​ឲ្យ​របួស​ដៃស្ដាំ​។ ករណី​ប្លន់​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បឹងរាំង ស្រុក​កំរៀង មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ព្រោះ​ក្រោយពេល​ប្លន់​រួច​ក្រុមចោរ​គេចខ្លួន​យ៉ាង​ស្រួល​។

​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ឯណោះ​វិញ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ អាជីវករ​លក់ដូរ​ម្នាក់​ត្រូវ​ចោរ​បាញ់​១​គ្រាប់​ប្លន់​យក​ម៉ូតូ​សេ​១២៥​មួយគ្រឿង​បានសម្រេច​នៅ​ខាងជើង​ផ្សារ​អគ្គ​ថ្មី មុខ​ផ្សារ​រាត្រី​កណ្ដាល​ក្រុង​ប៉ោយប៉ែត​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សូត នី ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ជា​អជីវ​ករ​លក់ដូរ​នៅ​ផ្សារ​អគ្គ​ថ្មី ហើយ​រស់នៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។ អំពើ​ប្លន់​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​សមត្ថកិច្ច​មិនអាច​បង្ក្រាប​ក្រុមចោរ​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​បានឡើយ​៕

37 40 34 CH-00112 CH-00111 CH-00110