អាជ្ញាធរ​ខេត្តកោះកុង មិន​ទប់ស្កាត់​សំណង់​ដែល​រំលោភ​លើ​ឆ្នេរសមុទ្រ​

លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង និង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នៃ​ខេត្ត​នេះ ត្រូវ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​សង្ស័យថា ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មានការ​សាងសង់​សំណង់​ខុសច្បាប់​លើ​ឆ្នេរសមុទ្រ​តាម​អំពើ​ចិត្ត​។ មន្ត្រីរាជការ​នៅក្នុង​សាលាខេត្ត​កោះកុង បាន​ឲ្យ​ដឹងថា មានការ​សាងសង់​សំណង់​ផ្សេងៗ​និង​កំពង់ផែ​រឹងមាំ​ជាច្រើន​កន្លែង​នៅតាម​បណ្ដោយ​ឆ្នេរ​កោះ​ប៉ោ ហើយ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ខេត្តកោះកុង មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ជាក់ស្តែង​សំណង់​អគារ​កម្ពស់​៣​ជាន់​របស់​ឈ្មួញ ដួង ប៊ុនធឿន នៅក្នុង​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ដែល​ស្ទើរ​រួចរាល់​ជា​ស្ថាពរ​ទៅហើយនោះ មិនឃើញ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ទប់ស្កាត់​ឡើយ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សំណង់​រំលោភ​លើដី​ឆ្នេរសមុទ្រ​នៅតែ​បន្ត​កើតមាន ហើយ​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ ត្រូវគេ​សង្ស័យថា​ឃុបឃិត​គ្នា​ដើម្បី​ផលប្រយោជន៍​។ មន្ត្រីរាជការ​សាលាខេត្ត​កោះកុង បាន​លើកឡើងថា ទោះបី​ក្រសួង​ដែនដី​នគរូបនីយកម្ម ចេញ​លិខិត​ឲ្យ​មានការ​រឹតបន្តឹង​ចំពោះ​សំណង់​លើផ្លូវ​សាធារណៈ តំបន់ឆ្នេរ ព្រែក ស្ទឹង យ៉ាងណាក៏ដោយ ក៏​មន្ត្រី​មន្ទីរជំនាញ និង​អាជ្ញាធរ​ខេត្តកោះកុង មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​ឡើយ​។ ហេតុនេះហើយ​ទើប​សំណង់​ខុសច្បាប់​ជាច្រើន​ត្រូវគេ​សាងសង់​លើ​តំបន់ឆ្នេរ​ក្នុង​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌលសីមា យ៉ាង​រលូន​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា កន្លងមក​លោក រស់ វី​រ៉ា​វុ​ទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ខេត្តកោះកុង គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​មានការ​សាងសង់​សំណង់​រំលោភ​លើដី​ឆ្នេរសមុទ្រ​តាម​អំពើ​ចិត្ត​។ ចំណែក​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង ក៏​មិនដែល​យកចិត្តទុកដាក់​ទប់ស្កាត់​សំណង់​ខុសច្បាប់​ទាំងនោះ​ឡើយ ផ្ទុយទៅវិញ​លោក ប៊ុន លើ​ត តែងតែ​ចេញមុខ​ការពារ បម្រើ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន ដែល​ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ស្រុកស្រែ​អំបិល ស្រុក​បុ​ទុម​សាគរ និង​ស្រុក​គិរីសាគរ យ៉ាង​ក្រអឺតក្រទម​។ ហេតុនេះ​ក្រសួងមហាផ្ទៃ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​បទល្មើស​ផ្សេងៗ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ជាពិសេស​សំណង់​ខុសច្បាប់​ត្រូវបាន​គេ​បន្ត​សាងសង់​លើ​ឆ្នេរសមុទ្រ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

09លោក ប៊ុន លើត អភិបាលខេត្តកោះកុងa17