ក្រសួងពាណិជ្ជកម្ម គាំទ្រ​គម្រោង​សូត្រ​ប្រណិត នៅ​ស្រុក​ពារាំង​

ភ្នំពេញ: ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៨​ខែមករា​នេះ បាន​ផ្សាយ​ថា នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ ២០១៦ លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម និង​ក្រុមការងារ​គម្រោង​សូត្រ​ប្រណិត នៃ​កម្មវិធី​ពី​ពិធ​កម្ម និង​ពង្រីក​ការនាំចេញ ជំហាន​ទី​១ (CEDEP I-High Value Silk Component) ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​សហគម​ទទួលផល​ពី​គម្រោង​សូត្រ​ប្រណិត នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង​។

​នៅពេល​អញ្ជើញ​ត្រឡប់មក​ភ្នំពេញ​វិញ លោកស្រី ក៏បាន​ទស្សនា និង​សំណេះសំណាល​ជាមួយ​ក្រុមហ៊ុន​សូត្រ ទទួលផល​ពី​គម្រោង​នៅ​ភ្នំពេញ ក្នុង​គោលបំណង​សិក្សា​ស្វែងយល់​ពី​ឱកាស​អាជីវកម្ម និង​ចក្ខុវិស័យ​សម្រាប់​អាជីវកម្ម​សូត្រ​នាពេល​អនាគត​។​

​ទស្សនកិច្ច​នេះ មាន​គោលបំណង​ស្វែងយល់​ពី​សហគមន៍​ទទួលផល​ពី​គម្រោង​សូត្រ​ប្រណិត ដែល​បាន​អនុវត្ត ក៏ដូចជា​ចំណេះដឹង​ទទួលបាន​ពី​ការបណ្តុះបណ្តាល និង​សកម្មភាព​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​ការ​តម្បាញ ក្រោម​កិច្ច​ជ្រោមជ្រែង​របស់​ក្រសួងពាណិជ្ជកម្ម និង​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ផ្តល់​ដោយ​សមាសភាគ​សូត្រ​ប្រណិត (EIF CEDEP I-High Value Silk Component)​។​

​ក្រុមការងារ ក៏បាន​ស្តាប់​រាល់​បញ្ហា​ជាក់លាក់ ដែល​លើកឡើង​ដោយ​សហគមន៍​អ្នកទទួលផល​ទាំងអស់ និង​យក​ឱកាស​សិក្សា​រៀនសូត្រ ពី​ទស្សនៈ​គម្រោង​សូត្រ​ប្រណិត និង​និយាយ​ជារួម ផលប៉ះពាល់​សម្រាប់​សហ​គម​ន៍ និង​ផលប៉ះពាល់​សម្រាប់​គ្រួសារ​ក្រីក្រ​និយាយ​ដោយឡែក​។​

​ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នោះដែរ លោកស្រី​រដ្ឋលេខាធិការ បាន​ម្តែ​ង​ការពេញចិត្ត ដោយបាន​មើលឃើញ​ពី​ជីវភាព​ប្រសើរ​ជាង​មុន របស់​ក្រុមគ្រួសារ​អ្នក​តម្បាញ តាមរយៈ​ការកែលម្អ​ជំនាញ​ផលិត​សូត្រ ការ​ជ្រលក់​ពណ៌ និង​ការ​ត្បាញ​ក្រោម​ការគាំទ្រ​ដោយ​ក្រសួងពាណិជ្ជកម្ម​។​

​រស់នៅក្នុង​ភូមិ​ព្រែក​ជ្រៃ​លើ ស្រុក​ពារាំង ខេត្តព្រៃវែង លោកស្រី ថា​ង អន អាយុ ៦១ ឆ្នាំ មានគ្រួសារ និង​មានកូន ៣ នាក់ បាន​ជម្រាបជូន​ក្រុមការងារ ពី​សមិទ្ធផល​ដែល​លោកស្រី​ទទួលបាន​ថា​៖ លោកស្រី​ជា​អ្នកផ្គត់ផ្គង់​ផលិតផល​សូត្រ​សំខាន់​មួយ ឱ្យទៅ​ក្រុមហ៊ុន​សូត្រ​ផ្ទះ​ក្រ​វ៉ាន់ នៅ​ភ្នំពេញ​។ លោកស្រី​បាន​ប្រកប​របរ​ផលិត​សូត្រ​ប្រណិត​នេះ អស់​រយៈពេល​ជាង ២០​ឆ្នាំ​មកហើយ​។
​លោកស្រី​បាន​រៀន​ជំនាញ​តម្បាញ​តរ​ពី​ឪពុកម្តាយ និង​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោកស្រី​បានទទួល​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​គម្រោង​សូត្រ​ប្រណិត​ក្រោម​កម្មវិធី EIF CEDEP I ។ ដោយមាន​ការគាំទ្រ​ពី​គម្រោង បច្ចុប្បន្ន លោកស្រី​អាចមាន​លទ្ធភាព​បង្កើន​ប្រាក់ចំណូល​ពី​ការផលិត​សូត្រ​។ លោកស្រី​អាចមាន​លទ្ធភាព បញ្ជូន​កូន​ទៅ​សាលារៀន​។
​បច្ចុប្បន្ន​កូន​ទាំងបី​របស់លោក​ស្រី មានការ​ងារ​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​។ លោកស្រី​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ចំពោះ​អាជីវកម្ម​សូត្រ​របស់​លោកស្រី ដោយសារ​លោកស្រី​បានទទួល​ប្រាក់ ចំណូល​យ៉ាងច្រើន​ពី​ការលក់​ផលិតផល​សូត្រ ហើយក៏​បាន​ជួយ​ឲ្យ​កូនៗ​របស់លោក​ស្រី ទទួលបាន​ការងារ​ស​ម​រម្យ​ផងដែរ​៕

ក្រសួងពាណិជ្ជកម្ម គាំទ្រ​គម្រោង​សូត្រ​ប្រណិត នៅ​ស្រុក​ពារាំង​

ក្រសួងពាណិជ្ជកម្ម គាំទ្រ​គម្រោង​សូត្រ​ប្រណិត នៅ​ស្រុក​ពារាំង​

ក្រសួងពាណិជ្ជកម្ម គាំទ្រ​គម្រោង​សូត្រ​ប្រណិត នៅ​ស្រុក​ពារាំង​