រាជរដ្ឋាភិបាល សម្រេច​ផ្តល់ប្រាក់​រង្វាន់ និង​ប្រាក់ឧបត្ថម្ភ ដល់​ជនពិការ ដែល​ដណ្តើមបាន​ជ័យលាភី មេដាយ​

ភ្នំពេញ: សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានចេញ​អនុក្រឹត្យ កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ ស្តីពី ការផ្តល់ប្រាក់​រង្វាន់​ចំពោះ​ជ័យលាភី​ជនពិការ ក្នុងការ​ប្រកួតប្រជែង​មុខជំនាញ ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់ អូឡាំពិក និង​ប្រាក់ឧបត្ថម្ភ​សម្រាប់​គ្រូបង្វឹក គ្រូបង្វឹក​ជំនួយ​។ ការផ្តល់​ប្រាក់រង្វាន់ និង​ប្រាក់ឧបត្ថម្ភ​ដល់​ជនពិការ ដែល​ដណ្តើម​បាន​ជ័យលាភី មេដាយ នាពេលនេះ មាន​គោលបំណង​លើកកម្ពស់​សិទ្ធិ​ជនពិការ និង​លើកទឹកចិត្ត ក្នុង​ការចូលរួម​ប្រកួតប្រជែង​មុខជំនាញ និង​ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​។​

​តាម​អនុក្រឹត្យ ប្រាក់រង្វាន់​ចំពោះ​ជនពិការ ដែល​ដណ្តើមបាន​ជ័យលាភី ទទួលបាន​មេដាយមាស មេដាយប្រាក់ ឬ​មេដាយសំរិទ្ធ ក្នុងការ​ប្រកួតប្រជែង​មុខជំនាញ ត្រូវ​កំណត់ ដូចខាងក្រោម​៖
​មេដាយមាស​៖
​កម្រិត​ជាតិ ១០ លាន​រៀល​
​កម្រិត​អាស៊ាន ២០ លាន​រៀល​
​កម្រិត​អាស៊ី​ប៉ាស៊ីហ្វិក ៣០ លាន​រៀល​
​កម្រិត​ពិភពលោក ៤០ លាន​រៀល​

​មេដាយប្រាក់​៖
​កម្រិត​ជាតិ​    ​៥ លាន​រៀល​
​កម្រិត​អាស៊ាន ១៥ លាន​រៀល​
​កម្រិត​អាស៊ី​ប៉ាស៊ីហ្វិក ២០ លាន​រៀល​
​កម្រិត​ពិភពលោក ៣០ លាន​រៀល​

​មេដាយសំរិទ្ធ​៖
​កម្រិត​ជាតិ ៣ លាន​រៀល​
​កម្រិត​អាស៊ាន ១០ លាន​រៀល​
​កម្រិត​អាស៊ី​ប៉ាស៊ីហ្វិក ១៦ លាន​រៀល​
​កម្រិត​ពិភពលោក ២០ លាន​រៀល​

​ចំណែក​គ្រូបង្វឹក ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ ស្មើនឹង ៧០% នៃ​ប្រាក់រង្វាន់​ជ័យលាភី ដែល​ទទួលបាន​ចំណាត់ថ្នាក់​មេដាយ​ខ្ពស់​ជាងគេ ក្នុង​វិញ្ញាសា​ប្រកួត​ក្នុង​ក្រុម ដែល​ខ្លួន​ទទួលបន្ទុក​បង្វឹក​។ រីឯ​គ្រូបង្វឹក​ជំនួយ​ម្នាក់ៗ ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៥០% នៃ​ប្រាក់ឧបត្ថម្ភ​សម្រាប់​គ្រូបង្វឹក​។ អ្នកដឹកនាំ ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៤០% នៃ​ប្រាក់ឧបត្ថម្ភ សម្រាប់​គ្រូបង្វឹក​។ អ្នក​ថែទាំ​ជនពិការ​ម្នាក់ៗ ត្រូវ​ទទួល​ប​បាន​ប្រាក់ឧបត្ថម្ភ ចំនួន ២០% នៃ​ប្រាក់ឧបត្ថម្ភ​សម្រាប់​គ្រូបង្វឹក​។​

​ក្នុង​អនុក្រឹត្យ​នោះ ក៏បាន​កំណត់ថា ប្រាក់រង្វាន់​ចំពោះ​ជនពិការ ដែល​ដណ្តើមបាន​ជ័យលាភី ទទួលបាន​មេដាយមាស មេដាយប្រាក់ ឬ​មេដាយ​សំរឹទ្ធ ក្នុងការ​ប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់ អូឡាំពិក ត្រូវ​កំណត់ ដូចខាងក្រោម​៖
​មេដាយមាស​៖
​អនុតំបន់​ទន្លេមេគង្គ ១០ លាន​រៀល​
​អាស៊ី​ប៉ាស៊ីហ្វិក រដូវក្តៅ ឬ​រដូវរងា ២០ លាន​រៀល​
​ពិភពលោក រដូវក្តៅ ឬ​រដូវរងា ៣០ លាន​រៀល​

​មេដាយប្រាក់​៖
​អនុតំបន់​ទន្លេមេគង្គ ៧,៥ លាន​រៀល​
​អាស៊ី​ប៉ាស៊ីហ្វិក រដូវក្តៅ ឬ​រដូវរងា ១០ លាន​រៀល​
​ពិភពលោក រដូវក្តៅ ឬ​រដូវរងា ២០ លាន​រៀល​

​មេដាយ​សំរឹទ្ធ​៖
​អនុតំបន់​ទន្លេមេគង្គ ៤ លាន​រៀល​
​អាស៊ី​ប៉ាស៊ីហ្វិក រដូវក្តៅ ឬ​រដូវរងា ៦ លាន​រៀល​
​ពិភពលោក រដូវក្តៅ ឬ​រដូវរងា ១៦ លាន​រៀល​

​រីឯ​គ្រូបង្វឹក ត្រូវបាន​ប្រាក់ឧបត្ថម្ភ ស្មើនឹង​ប្រាក់រង្វាន់​ជ័យលាភី ដែល​ទទួលបាន​ចំណាត់ថ្នាក់​មេដាយ​ខ្ពស់​ជាងគេ ក្នុង​វិញ្ញាសា​ប្រកួត ក្នុង​ក្រុម ដែល​ខ្លួន​ទទួលបន្ទុក​បង្វឹក​។​

​គ្រូបង្វឹក​ជំនួយ​ម្នាក់ៗ ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៧០% នៃ​ប្រាក់ឧបត្ថម្ភ​សម្រាប់​គ្រូបង្វឹក​។ អ្នកដឹកនាំ ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៤០% នៃ​ប្រាក់ឧបត្ថម្ភ សម្រាប់​គ្រូបង្វឹក​។ អ្នក​ថែទាំ​ជនពិការ​ម្នាក់ៗ ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ២០% នៃ​ប្រាក់ឧបត្ថម្ភ​សម្រាប់​គ្រូបង្វឹក​។ ចំពោះ​ជ័យលាភី ជា​ក្រុម ប្រាក់រង្វាន់​ត្រូវបាន​ផ្តល់ជូន​សមាជិក​ក្រុម​ម្នាក់ៗ ទៅតាម​កម្រិត​ចំណាត់ថ្នាក់ ដែល​ក្រុម​ទទួលបាន​៕​