រដ្ឋបាល​ខេត្ត​ព្រះសីហនុ​លើក​យក​វិស័យ​ចំនួន​៦​ពិភាក្សា​កំណត់​ទិសដៅ​ការងារ​ឆ្នាំ​២០១៦

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បង្ហាញ​មោទនភាព​ក្នុង​ការ​ដឹក​នាំ​ការ​អភិវឌ្ឍ​មូលដ្ឋាន​នេះ ដោយ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣ ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ឆ្នាំ​២០១៥ កន្លង​ទៅ។

ទន្ទឹម​គ្នា​នេះ ក៏​ទទួល​ស្គាល់​ថា នៅ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ទៀត​ដែល​រដ្ឋបាល​ខេត្ត​នេះ បន្ត​ទិសដៅ​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​នៅ​ឆ្នាំ​២០១៦។

លទ្ធផល​ការងារ​ឆ្នាំ​២០១៥ ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ សម្រេច​បាន មាន​ដូចជា សេវា​ផ្នែក​រដ្ឋបាល បញ្ហា​ការពារ​សន្តិសុខ បញ្ហា​ផ្នែក​សេដ្ឋកិច្ច បញ្ហា​ការងារ​គ្រប់គ្រង​ដីធ្លី និង​បរិស្ថាន បញ្ហា​ផ្នែក​សង្គមកិច្ច និង​ការ​គ្រប់គ្រង​រដ្ឋបាល ជាដើម។

របាយការណ៍​សង្ខេប​ស្ដីពី​សមិទ្ធផល​ការងារ​សម្រេច​បាន និង​បញ្ហា​ប្រឈម​ប្រចាំ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ កម្រាស់ ៨​ទំព័រ នាយក​រដ្ឋបាល​សាលា​ខេត្ត​ព្រះសីហនុ លោក គង់ វិតាណៈ ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ ខែ​មករា បង្ហាញ​ថា ឆ្នាំ​២០១៥ ការងារ​គ្រប់គ្រង​រដ្ឋបាល គឺ​រដ្ឋបាល​ខេត្ត​នេះ​បាន​ចុះ​បញ្ជី​អត្រានុកូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង ១១.២០០​នាក់ (១១.២៦៣​នាក់) បំពេញ​ឯកសារ​ផ្តល់​សៀវភៅ​គ្រួសារ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ជិត ២​ពាន់​គ្រួសារ (១.៧៨៩​គ្រួសារ) និង​ផ្តល់​អត្តសញ្ញាណប័ណ្ណ​បាន​ចំនួន​ជិត ៤​ម៉ឺន​នាក់ (៣៩.១៥៨​នាក់)។

ចំណែក​ការងារ​សន្តិសុខ​វិញ អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ស្ថាប័ន បាន​ពង្រឹង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​មាន​សុវត្ថិភាព​ល្អ។ បន្ថែម​លើ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ខិតខំ​ចលនា​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នានា។

លោក គង់ វិតាណៈ បន្ថែម​ថា កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​បើក​ឲ្យ​មាន​វេទិកា​សាធារណៈ​ជាង ៨០​លើក សម្រាប់​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​សម្ដែង​មតិ និង​លើក​យក​នូវ​កង្វល់​ផ្សេងៗ​ដាក់​ជូន​អាជ្ញាធរ​ខេត្ត ជួយ​រក​ដំណោះស្រាយ។

ទោះ​ជា​បែប​នេះ​ក្តី អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ទទួល​ស្គាល់​ថា នៅ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​រដ្ឋបាល​ខេត្ត​នេះ សហការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ដោះស្រាយ ដើម្បី​ឆ្លើយ​តប​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល ពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣ ឲ្យ​សម្រេច​ជោគជ័យ​ល្អ​ថែម​ទៀត​ចាប់​ពី​ឆ្នាំ​២០១៦។ ទិសដៅ​បន្ត ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវ​ពង្រឹង​ជា​អាទិភាព​នោះ មាន​ចំនួន ១៤​ចំណុច មាន​ដូចជា បន្ត​ពង្រឹង​ការ​ថែ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ពង្រឹង​ការ​អនុវត្ត​ច្បាប់ ពង្រឹង​កែលំអ​សោភ័ណភាព​ទីក្រុង និង​ពង្រឹង​ការពារ​បរិស្ថាន​នៅ​តាម​តំបន់​ឆ្នេរ តំបន់​កោះ ធនធាន​ធម្មជាតិ ផ្កា​ថ្ម និង​តំបន់​ទេសចរណ៍​ផ្សេងៗ សំដៅ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ធម្មជាតិ។

យ៉ាង​នេះ​ក្តី បញ្ហា​រំលោភ​ដីធ្លី​មក​ទល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​មិន​ទាន់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ មាន​ជាង ២០​សហគមន៍ ហើយ​បញ្ហា​អសន្តិសុខ ចោរ​ប្លន់​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំៗ​កាល​ពី​ឆ្នាំ​២០១៥ បាន​កើត​មាន​ចំនួន ៣​ករណី។

នៅ​ក្នុង​បទ​អន្តរាគមន៍​ចំនួន ៦​ចំណុច ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​លើក​យក​មក​ពិភាក្សា រួម​មាន បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​គ្រប់គ្រង​តំបន់​ឆ្នេរ និង​កោះ ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ការ​ផ្តល់​សេវា​សាធារណៈ ការ​កែលំអ​សណ្ដាប់ធ្នាប់ និង​ការ​អភិវឌ្ឍ​ក្រុង បញ្ហា​បរិស្ថាន និង​បញ្ហា​វិស័យ​ទេសចរណ៍ ប៉ុន្តែ​បទ​អន្តរាគមន៍​ទាំង ៦​ចំណុច​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ធ្វើ​ឡើង​ដោយ​អាថ៌កំបាំង ហើយ​បិទ​ទ្វារ​បន្ទប់​ប្រជុំ និង​ហាម​អ្នក​កាសែត​មិន​ឲ្យ​ចូល​ស្តាប់​ខ្លឹមសារ​នៃ​កិច្ច​ពិភាក្សា​នោះ​ទេ។

ការ​ហាម​ឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចូល​ស្តាប់​កិច្ច​ពិភាក្សា​ទៅ​លើ​ចំណុច​ផ្សេងៗ ដើម្បី​កំណត់​ទិសដៅ​ការងារ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ សម្រាប់​ឆ្នាំ​២០១៦ បាន​រង​ការ​រិះគន់​ពី​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថា​មិន​បាន​បើក​ទូលាយ​ដល់​ក្រុម​អ្នក​សារព័ត៌មាន និង​សង្គម​ស៊ីវិល បាន​ស្តាប់ ឬ​ចូលរួម​ជា​មតិ​យោបល់​ផ្សេងៗ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ពេល​នេះ៖ «ការ​ប្រជុំ ឬ​ការ​ពិភាក្សា​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​លើក​យក​មក​អនុវត្ត​បន្ត​នា​ឆ្នាំ​២០១៦ នេះ គឺ​ខេត្ត​គួរ​តែ​រៀបចំ​ឲ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ជាប់​ពាក់ព័ន្ធ​នានា មាន​អង្គការ​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ពីព្រោះ​រាល់​បញ្ហា​ទាំងឡាយ​ដែល​កើត​មាន​ឡើង គឺ​មាន​តែ​បុគ្គល​ទាំងអស់​ហ្នឹង​ទេ ដែល​គាត់​ចុះ​ជួប​ប្រជាពលរដ្ឋ និង​អ្នក​រងគ្រោះ​នានា​នូវ​គ្រប់​ច្រកល្ហក ដែល​គាត់​ប្រមូល​បាន​ព័ត៌មាន​ច្រើន​សម្រាប់​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ខេត្ត​ឲ្យ​មាន​ប្រសិទ្ធភាព»

យ៉ាង​ណា​ក៏ដោយ​ចុះ សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ ដឹក​នាំ​ដោយ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ និង​លោក ជាម ហ៊ីម ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ជំនាញ​ក្រោម​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ បាន​ប្ដេជ្ញា​ថា នឹង​ខិតខំ​ជំរុញ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣ ជាពិសេស​ទិសដៅ​អនុវត្តន៍​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០១៦ ទាំង ១៤​ចំណុច​ឲ្យ​មាន​លទ្ធផល​ល្អ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។