ក្រសួង​ព័ត៌មាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​គេហទំព័រ​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​ផ្លូវការ

ក្រសួង​ព័ត៌មាន​ប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃ​ទី២៨ ខែ​មករា នូវ​គេហទំព័រ​សិទ្ធិ​ទទួល​ព័ត៌មាន សម្រាប់​សាធារណជន ចូលរួម​បញ្ចេញ​មតិ​យោបល់ ដើម្បី​ឲ្យ​ច្បាប់​នេះ​ស្រប​តាម​ស្តង់​ដារ​អន្តរជាតិ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី១​ហើយ ដែល​ក្រសួង​ព័ត៌មាន បាន​សហការ​ជាមួយ អង្គការ​យូណេស្កូ (UNISCO) ប្រចាំ​កម្ពុជា បង្កើត គេហទំព័រ ដែល​មាន​ឈ្មោះ www.a2i.info.gov.kh នេះ​ឡើង។

លោក​ថា គេហទំព័រ​នេះ បង្កើត​ឡើង​ក្នុង​គោល បំណង​ឲ្យ​សាធារណជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ ចូល​រួម​ផ្ដល់​មតិ​យោបល់ ដើម្បី​ប្រមូល​បាន​ជា​ធាតុ​ចូល មួយ​សម្រាប់​យក​មក​ធ្វើ​ការ​កែ​លំអ​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដើម្បី​ឲ្យ​បាន​ច្បាប់​នេះ ស្រប​តាម​ស្តង់ដារ​អន្តរជាតិ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ក្រសួង​ព័ត៌មាន និង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា រំពឹង​ថា គេហទំព័រ ដែល​មាន​ឈ្មោះ​ថា www.a2i.info.gov.kh គឺ​ជា​ឧបករណ៍​សំខាន់ ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម តម្លាភាព អភិបាលកិច្ច​ល្អ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ ជាង​នេះ​ទៀត ឈាន​ទៅ​សម្រេច​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី សិទ្ធិ​ទទួល​ព័ត៌មាន ដែល​មាន​៩​ជំពូក និង​៣៧មាត្រា កាន់​តែ​មាន​ប្រសិទ្ធិ ភាព និង​មាន​ការ​អនុវត្ត​រឹងមាំ​ក្រោយ​ពី​បាន​អនុម័ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។