ក្រុម​ឈ្មួញ​មួយចំនួន​ផ្គើន​ទៅនឹង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​

​ក្នុងខណៈដែល​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុងបើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​នោះ ស្រាប់​តែមាន​ឈ្មួញ​មួយចំនួន​បន្តសកម្មភាព​ដឹកឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រការនេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ហើយ​សង្ឃឹមថា គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​តាមច្បាប់​ទៅលើ​ឈ្មួញ​ទាំងនោះ​ជាមិនខាន​។ លើស​នេះ​ទៅទៀត​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​បណ្ដា​ខេត្ត​ខាងលើ បាន​ជំរុញ​ឲ្យ​មានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាប្រចាំ​ផងដែរ​។

​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ រថយន្ត​ដឹកឈើ​ប្រណីត​២​គ្រឿង​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូររាំង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ស្ទាក់​ចាប់បាន​នៅលើ​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​។ ប្រភពពី​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា រថយន្ត​ទាំង​២​គ្រឿង​ខាងលើ គឺ​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៤៥០ និង​១​គ្រឿង​ទៀត​ម៉ាក​ឡង់​គ្រឺ​ស័​រ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ទាំង​២​គ្រឿង​។ ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង​នេះ​មានបំណង​ដឹកឈើ​ទៅ​លក់​នៅ​ស្រុក​យួន ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទើប​អាច​ចាត់វិធានការ​បង្ក្រាបរ​ថ​យន្ត​ដឹកឈើ​ប្រណីត​ទាំង​២​គ្រឿង​នៅ​ចំណុច​និយាម​កាលេ​ខ​០៧៣ ៣៦២៩-១៣ ៦២៧៣៨ ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​។

សមត្ថកិច្ច​ដែល​ចូលរួម​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​ទាំង​២​គ្រឿង​នោះ បាន​រកឃើញ​ឈើ​បេង​ចំនួន​៣០​ដុំ​ស្មើនឹង​១​ម៉ែត្រគូប​១៩​ផ្លាន និង​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​បញ្ជូនទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូររាំង ចាត់វិធានការ​តាមច្បាប់​។ ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន មិន​ខ្វល់​ពី​វិធានការ​បង្ក្រាប​របស់​គ​ណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ​។ ជាក់ស្តែង​ក្នុងពេល​ដែលមាន​បទបញ្ជា​ពី​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​ទប់ស្កាត់​បទល្មើស​រត់ពន្ធ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​នោះ ស្រាប់តែ​ក្រុម​ជនល្មើស​នៅតែ​ហ៊ាន​ដឹកជញ្ជូន​ឈើ​យ៉ាង​គឃ្លើន​ដដែល​។ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​ចាត់វិធានការ​ឲ្យ​បាន​តឹងតែង​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដើម្បី​ទទួលបាន​នូវ​ទំនុកចិត្ត​និង​ការជឿជាក់​ពី​ប្រជាពលរដ្ឋ​៕

KA-27-12-2015-54 KA-27-12-2015-51 KA-27-12-2015-52