តុលាការ ខេត្តកណ្តាល លើក​ពេល​សវនាការ​ករណី លោក អាំង មាលតី​

ភ្នំពេញ: បន្ទាប់ពី​បើកសវនាការ​ដោយ​បិទទ្វារ​ប្រមាណ ២ ម៉ោង រួចមក នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ តុលាការ ខេត្តកណ្តាល បានសម្រេច​ចិត្ត​លើក​ពេល​សវនាការ ដោយ​គ្មាន​កំណត់ ក្នុងករណី​លោក អាំង មាលតី អតីត​ប្រធាន​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​តុលាការ​ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ មករា ឆ្នាំ​២០១៦​។

​សវនាការ​នោះ មាន​លោក ងួន វុទ្ធី អនុប្រធាន​តុលាការ​ខេត្តកណ្តាល ជា​ចៅក្រម​ជំនុំជម្រះ និង​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង ខេត្តកណ្តាល ជា​តំណាង​អយ្យការ​។ សវនាការ​នោះ មិន​អនុញ្ញាត​ឲ្យ​អ្នកកាសែត ចូល​យក​ព័ត៌មាន​ទេ ហើយក៏​គេ​មិនដឹងថា មូលហេតុ​អ្វី​បានជា​ចៅក្រម បានសម្រេច​លើក​ពេល​សវនាការ​នោះទេ​។​

​គួរ​បញ្ជាក់ថា លោក អាំង មាលតី ត្រូវបាន​លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែ សីហា ឆ្នាំ​២០១៥ កន្លងទៅ នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ក្រោម​ការចោទប្រកាន់​ពីបទ បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត យោងតាម​មាត្រា​៦០១ នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ ត្រូវ​ផ្តន្ទាទោស​ពី ៥ ទៅ ១០ ឆ្នាំ​។​

​លោក អាំង មាលតី ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ១២ ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ​២០១៥ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចំនួន ៤៥​ម៉ោង​។ បន្ទាប់ពី​កសាង​សំណុំរឿង​រួចរាល់​ហើយ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជូន​លោក អាំង មាលតី ទៅ​តុលាការ​សាលាដំបូង ខេត្តកណ្តាល នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥៕ H