ពលរដ្ឋ​តាម​បណ្តោយ​ផ្លូវដែក​ស្ងប់ចិត្ត ក្រោយ​ក្រសួង​សន្យាថា​ដោះស្រាយ​បញ្ហា​ជូន​

​តំណាង​ប្រជាពលរដ្ឋ​ជិត​២០០​នាក់ ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវដែក​ទាំង​៨​សហគមន៍ ក្នុង​រាជធានី​ភ្នំពេញ បាននាំគ្នា​តវ៉ា​នៅមុខ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​សាជាថ្មី នៅ​ព្រឹក​ថ្ងៃទី​២៨ មករា​នេះ​។ ក្រសួង​បាន​សន្យាថា នឹង​ដោះស្រាយ​បញ្ហា ព្រមទាំង​បើក​វេទិកាសាធារណៈ​ជូន​ពួកគេ មុខ​ពេល​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក ចាប់ផ្តើម​ដំណើរការ​។ ប្រជាពលរដ្ឋ​ទាំងនោះ បាន​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ក្រោយ​ទទួលយក​ចំណាត់ការ​របស់​ស្ថាប័ន​នេះ​។​

​ក្នុងចំណោម​តំណាង​ពលរដ្ឋ​ប្រមាណ​២០០​នាក់​ដែល​មក​តវ៉ា តំណាង​៨​រូប ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ចរចា​ជាមួយ​តំណាង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក ចាប់ពី​ផ្លូវ​ចំណត​រថភ្លើង​ចាស់ ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ ប្រជា​ពល​បានស្នើ​ឲ្យ​ក្រសួង​បើក​វេទិកាសាធារណៈ ដើម្បី​សួរដេញដោល​លម្អិត​អំពី​គម្រោង​នេះ ដែល​ពួកគេ​ព្រួយ​ប្រារ​ម្ភ​ថា នឹង​ប៉ះពាល់​ដល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ទាំង​៨​សហគមន៍ ស្ថិតក្នុង​ខណ្ឌ​ទាំងបី​គឺ ខណ្ឌ​ឫស្សកែវ ខណ្ឌដូនពេញ និង​ខណ្ឌ​ទួល​សង្កែ​។​

​ក្រោយពី​បញ្ជ​ប់​កិច្ចចរចា​នេះ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ លោក លីម ស៊ី​ដេ​នី​ន បាន​ចេញមក​ថ្លែង​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ទាំងអស់​ថា ក្រសួង​នឹង​បើក​វេទិកាសាធារណៈ ជូន​ពួកគេ មុខ​ពេល​គម្រោង​អភិវឌ្ឍន៍​ចាប់ផ្តើម​ដំណើរការ​។ ប៉ុន្តែ​លោក​ថា វេ​ទិ​ក​នេះ អាច​កើតឡើង​បាន ដរាបណា​ក្រសួង​សម្រេចចិត្ត​ជ្រើស​ក្រុមហ៊ុន​ជា​មុខ​សិន​។ នាបច្ចុប្បន្ន មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​និង​ក្រៅ​ស្រុក​មួយ ដែល​កំពុងតែ​ដេញថ្លៃ​គ្នា ដើម្បី​បាន​សិទ្ធិ​វិនិយោគ​លើ​គម្រោង​សាងសង់​ផ្លូវដែក​នេះ​។​

​លើសពីនេះ​ទៀត លោក លីម ស៊ី​ដេ​នី​ន ក៏បាន​អះអាង​ដែ​ថ​ថា ប្រសិនបើ​គម្រោង​នេះ សម្រេច​ថា​ចាប់ផ្តើម​ដំណើរការ រដ្ឋាភិបាល​ប្រាកដជា​ដោះស្រាយ​ជា​សំណង​ឲ្យ​បាន​សមរម្យ​ជូន​ប្រជាពលរដ្ឋ​ជាមិនខាន​។ រដ្ឋលេខាធិការ​រូបនេះ​បានបញ្ជាក់​ប្រាប់​ពលរដ្ឋ​ដូច្នេះ​ថា​៖«​យើង​ដោះស្រាយ​ផលប៉ះពាល់​ជាមុនសិន ទើប​យើង​ចាប់ផ្តើម​ធ្វើបាន​។ ហើយ​ការបើក​វេទិកាសាធារណៈ យើងខ្ញុំ​នឹង​រៀបចំ​ជូន តែ​ចាំ​ជ្រើសរើស​ក្រុមហ៊ុន​បាន​សិន​»​។​

​ប្រជាពលរដ្ឋ បាន​ស្រែក​អបអរសាទរ​ជាមួយ​ស្នូរ​ទះដៃ​ព្រមៗ​គ្នា ចំពោះ​ប្រសាសន៍​របស់លោក លីម ស៊ី​ដេ​នី​ន​។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​មិនទាន់​បង់ចិត្ត​ជឿជាក់​លើ​ពាក្យសន្យា​នេះ​ទេ ដោយ​ពួកគេ​អះអាងថា រង​ចាំមើល​ការអនុវត្ត​ជាមុនសិន​។

​តំណាង​ពលរដ្ឋ​មួយ លោក នូ សារិន បាន​សម្តែង​ក្តី​រីករាយ​ចំពោះ​ចំណាត់ការ​ខាងលើ ដែល​ធ្វើ​ឲ្យ​រូបលោក និង​ប្រជាពលរដ្ឋ​ផ្សេងទៀត ធូរ​ស្បោ​យ​ក្នុង​ចិត្ត​។ ប៉ុន្តែ​លោក នៅតែ​ខ្វល់ខ្វាយ​ថា ក្រសួង​ក៏ដូចជា​រដ្ឋាភិបាល អាច​មិន​ធ្វើតាម​ពាក្យសន្យា​។​

​តំណាង​ពលរដ្ឋ​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ​ស្ងប់​ក្នុង​អារម្មណ៍​ហើយ​ពេលនេះ តែ​សំខាន់​ឲ្យ​ឯកឧត្តម លោក លីម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​ហ្នឹង គោរព​ពាក្យសន្យា​របស់​គាត់​ផង​។ បើ​គាត់​មិន​គោរព​ទេ ខ្ញុំ​នឹង​នាំ​បងប្អូន​ខ្ញុំ​មក​តវ៉ា នៅ​ថ្ងៃមុខ​ទៀត ឥត​ឈប់​ទេ លុះត្រាតែ​បាន​ផល​»​។​

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​ប្រជាពលរដ្ឋ​មក​តវ៉ា​នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​បើក​វេទិកាសាធារណៈ ក្នុង​គោលបំណង​ដេញដោល​លម្អិត​ជាមួយ​ពួកគេ ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​។ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៥ ពលរដ្ឋ​បានដាក់​លិខិត​ឲ្យ​ក្រសួង បំភ្លឺ​ជា​លើក​ទី​១ ប៉ុន្តែ​ក្រសួង​បាន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ដោះស្រាយ​ជាមួយ នាយកដ្ឋាន​ផ្លូវដែក​។ ប៉ុន្តែ​ក្រោយមកទៀត នាយកដ្ឋាន​នេះ បាន​បង្វិល​ឲ្យ​ប្រជាពលរដ្ឋ​មក​ដោះស្រាយ​ជាមួយ​ក្រសួង​វិញ ដោយហេតុ​ផល​ថា បញ្ហា​នេះ​ជា​សមត្ថកិច្ច​របស់​ក្រសួង​។ នៅ​ទីបំផុត ក្រសួង​ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​សាលា​រាជធានី ដោយហេតុ​ផល​ថា ក្រសួង​មិនមាន​សិទ្ធិ​និង​កាតព្វកិច្ច ក្នុងការ​ដោះស្រាយ​បញ្ហា​នេះឡើយ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​