កម្ពុជា ជាប្រទេស ដែលប្រកាន់ របបលទ្ធិប្រជាធិបតេយ្យ ពេញលេញ និងយកច្បាប់ជាធំ

ភ្នំពេញ៖ មន្រ្តីនាំពាក្យ គណបក្សប្រជាជកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា ជាប្រទេសដែលប្រកាន់ របបលទ្ធិប្រជាធិបតេយ្យពេញលេញ ការគោរព្ធសិទ្ធមនុស្ស ដែលយកច្បាប់ជាធំ មិនមានការប្រើអំណាចផ្តាច់ការ ដូចអ្វីដែលបានលើកឡើង ដោយធ្វើសន្ទស្សន៍ ប្រជាធិបតេយ្យ របស់ភ្នាក់ងារស៊ើបអង្កេតសេដ្ឋកិច្ច (The Economist Intelligence Unit) ដែលថា ស្ថានភាព ប្រជាធិបតេយ្យនៅកម្ពុជា ក្នុងឆ្នាំ២០១៥ ធ្លាក់ចុះ នឹងស្ទើរតែធ្លាក់ចូលទៅ ក្នុងប្រទេសរបបផ្ដាច់ការនោះឡើយ។

សម្រាប់ការដាក់សន្ទស្សន៍នេះ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះបានថ្លែង ទាត់ចោលទាំងស្រុង នូវការបង្ហាញពី សន្ទស្សន៍ប្រជាធិបតេយ្យ របស់ភ្នាក់ងារស៊ើបអង្កេតសេដ្ឋកិច្ចនេះ។ លោកចាត់ទុក ការធ្វើសន្ទស្សន៍ប្រជាធិបតេយ្យនេះថា មិនបានឆ្លុះបញ្ចាំង ពីទិដ្ឋភាពពិតជាក់ស្តែងនូវ កម្ពុជាឡើយ។ មិនឆ្លុះបញ្ចាំងត្រង់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងកសាង សង្គមជាតិឲ្យ មានភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសការធ្វើដំណើរចាកផុត ពីភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ដែល រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងកាត់បន្ថយជាបន្តបន្ទាប់។

លោកមានប្រសាសន៍បន្តថា «ខ្ញុំមិនឯកភាព និងមិនចាប់អារម្មណ៍ ពីការធ្វើសន្ទស្សន៍ប្រជាធិបតេយ្យ របស់ភ្នាក់ងារស៊ើបអង្កេតសេដ្ឋកិច្ចហ្នឹងទេ ព្រោះយើងឃើញហើយថា ប្រទេសកម្ពុជាមានការរីកចម្រើន ទៅមុខជាបន្តបន្ទាប់ លើគ្រប់វិស័យ ហើយតាមការវាយតម្លៃកន្លងមក គឺភាពក្រីក្រ របស់ពលរដ្ឋ ស្ថិតក្នុងកម្រិត១៣ភាគរយ ដូច្នោះហើយតាមរយៈនេះ យើងឃើញថា ការរីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា អីចឹងមូលហេតុអ្វី បានជាវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ»។

ដោយឡែកនាយិកា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មិនមានការភ្ញាក់ផ្អើលឡើយ ជុំវិញការធ្វើសន្ទស្សន៍នេះ មិនភ្ញាក់ផ្ញើល ក៏ព្រោះតែក្នុងប្រទេសកម្ពុជារយៈពេល២ ទៅ៣ឆ្នាំចុងក្រោយនេះ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានការធ្លាក់ចុះខ្លាំង។ ពោលគឺគេឃើញមានការបង្ក្រាប ជាបន្តបន្ទាប់ទៅលើ ប្រជាពកលរដ្ឋ ក្នុងពេលការប្រមូលផ្តុំបញ្ចេញមតិ ពិសេសការប្រើអំពើហិង្សា ទៅលើក្រុម អ្នកតំណាងរាស្រ្ត គណបក្សប្រឆាំង និងការបង្កើតសេចក្តីព្រាងច្បាប់មួយចំនួន ដែលមើលទៅហាក់មានការរឹតត្បិត គាបសង្កត់មក លើកក្រុង អង្គការសង្គមស៊ីវិល។ លោកស្រីបន្តថា «ដើម្បីដោះស្រាយនូវបញ្ហានេះ បានត្រឹមត្រូវរាជរដ្ឋាភិបាល គួរតែទទួលយកនូវការរិះគន់នានា ដើម្បីកែប្រែប្រទេសឲ្យមាន លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ពិសេសពង្រឹង អភិបាលកិច្ច ឲ្យបានរឹងមាំឡើងវិញ ការលុបបំបាត់និទណ្ឌភាព នៅកម្ពុជាជាដើម”។

សម្រាប់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិវិញ បានបង្ហាញពីការពេញចិត្ត ទៅនឹងការធ្វើ សន្ទស្សន៍នេះ លោកថា ស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជារយៈពេលចុងក្រោយនេះ គឺគួរឲ្យព្រួយ  បារម្ភជាខ្លាំង។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ដល់រាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងទទួលយកនូវ មតិរិះគន់នេះ ដើម្បីកែប្រែប្រទេសកម្ពុជាទាំងមូល ឲ្យដូចអ្វីដែលមានចែក្នុងរដ្ឋធម្មនុញ្ញ ពិសេសរបប លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ព្រោះកម្ពុជាត្រូវការអ្វីទាំងអស់នេះ ដើម្បីកសាងទំនាក់ទំនង ជាមួយប្រទេស មហាអំណាចធំៗ ដើម្បីប្រយោជន៍សេដ្ឋកិច្ច នយោបាយជាដើម។ លោកថា «កម្ពុជា ត្រូវកសាងកេរ្តិ៍ឈ្មោះ ជាមួយប្រទេសដទៃ កុំឲ្យមានបញ្ហាជួបប្រទះដូច ក្នុងរបាយការណ៍នេះ”។

សូមរំលឹកថា កាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ លោក ចន ឃើរី រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក បានមកបំពេញ ទាស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ តាមរយៈដំណើរទស្សនកិច្ចនេះ បានបង្ហាញយ៉ាងច្បាស់ពីសញ្ញា វិជ្ជមានល្អយ៉ាងច្រើន សម្រាប់ប្រទេស កម្ពុជា និងអាមេរិក។ ពិសេស បរិយាកាសស្ថិរភាពនយោបាយ នៅក្នុងប្រទេសកម្ពុជា ការកសាងប្រទេសឲ្យមានភាពរីកចម្រើន ដែលធ្វើឲ្យ រដ្ឋមន្រ្តីការបរទេសរូបនេះ លាន់មាត់សរសើពីភាពរីកចម្រើន ដែលមិនគួរឲ្យជឿ ព្រោះកម្ពុជាជាប្រទេសតូច ប៉ុន្តែមានការអភិវឌ្ឍន៍បានលឿន។

តាមរយៈដំណើរទស្សនកិច្ចនេះ របស់លោក ចន ឃើរីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពី គោលជំហរកម្ពុជា ក្នុងការរួមដៃសហការជាមួយអាមេរិក ដើម្បីទប់ស្កាត់អំពីភេរកម្ម ក៏ដូចជា ជំហរកម្ពុជា គាំទ្រដំណោះស្រាយបញ្ហា លើការចរចា ពិភាក្សាដែលនាំមកនូវសន្តិភាព សម្រាប់តំបន់ទាំងមូល។

កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ភ្នាក់ងារស៊ើបអង្កេតសេដ្ឋកិច្ច បានធ្វើសន្ទស្សន៍ប្រជាធិបតេយ្យ ដោយក្នុង នោះប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ទី១១៣ ក្នុងចំណោម ១៦៧ប្រទេស។ នៅឆ្នាំ២០១៥ ប្រទេសកម្ពុជា ទទួលបានពិន្ទុសរុបចំនួន ៤,២៧ គឺស្ថិតក្នុងក្រុមប្រទេស របបកូនកាត់ប្រជាធិបតេយ្យ ពាក់កណ្ដាល ផ្ដាច់ការពាក់កណ្ដាល។ តាមពិន្ទុនេះ ប្រទេសកម្ពុជា ស្ទើរតែធ្លាក់ចូលទៅ ក្នុងប្រទេសរបប ផ្ដាច់ការ។ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ ស្ថានភាពប្រជាធិបតេយ្យនៅឆ្នាំ២០១៥ ថយចុះ។ ខណៈដែល នៅឆ្នាំ២០១៤ កម្ពុជានៅចំណាត់ថ្នាក់ទី១០៣ តែប៉ុណ្ណោះ៕