សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឯកអគ្គរដ្ឋទូត សហគមន៍អឺរ៉ុប ថ្មីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានអនុញ្ញាតឲ្យ លោក George Edgar ឯកអគ្គរដ្ឋទូត សហគមន៍អឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ទីស្ដីការនាយករដ្ឋមន្រ្ដី។

បន្ទាប់ពីជំនួបបានបញ្ចប់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្ដេចតេជោ បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានថា លោក George Edgar ឯកអគ្គរដ្ឋទូត សហគមន៍អឺរ៉ុប ប្រចាំកម្ពុជា បានគោរពជម្រាប ជូនសម្ដេចតេជោថា លោកធ្លាប់មកបំពេញ បេសសកម្មការទូតកម្ពុជា អំឡុងឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០០០ ហើយនៅពេលលោក ត្រឡប់កាន់ប្រទេស កម្ពុជាលើកនេះ ក្នុងនាមឯកអគ្គរដ្ឋទូត សហគមន៍អឺរ៉ុប គឺលោកសង្កេតឃើញមាន ការផ្លាស់ប្ដូរយ៉ាងច្រើន ជាពិសេសការ អភិវឌ្ឍន៍ប្រទេស។

លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មានបន្ដថា លោករដ្ឋទូត សហគមន៍អឺរ៉ុប ក៏បានសម្ដែងការ រីករាយជាខ្លាំង នូវទំនាក់ទំនងរវាង សហគមន៍អឺរ៉ុប ជាមួយកម្ពុជា ដែលកំពុងប្រព្រឹត្ដ ទៅយ៉ាងល្អ ជាពិសេសកិច្ច សហប្រតិបត្ដិការ លើវិស័យអប់រំ កសិកម្ម និងវិស័យផ្សេងៗទៀត។ ក្នុងនោះដែរលោក ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ក៏អបអរសាទរជូន ចំពោះរាជរដ្ឋាភិបាល ដែលសម្រេចបាន យ៉ាងជោគជ័យ ផែនការអភិឌ្ឍន៍សហវត្ស ដោយភាពជោគជ័យនេះហើយ គឺជាមូលដ្ឋានមួយ សម្រាប់សហគមន៍អឺរ៉ុប និងព្រះរាជាណា ចក្រកម្ពុជាសហការគ្នា ដើម្បីឈានឆ្ពោះការ ពង្រឹងពង្រីកទំនាក់ទំនង នៃប្រទេសទាំង២។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការ អបអរសាទរ និងស្វាគមន៍ដល់ លោក George Edgar ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា ហើយសម្ដេចតេជោ ក៏បានថ្លែងអំណរគុណ ដល់សហគមន៍ ដែលជួយប្រទេសកម្ពុជា នាពេលកន្លងមក លើវិស័យអាទិភាព ដូចជាៈវិស័យអប់រំ, វិស័យកសិកម្ម ជាដើម។ ក្នុងន័យនេះ សម្ដេចតេជោ បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា និងសហគមន៍អឺរ៉ុប មានគម្រោងអនុវត្ដ ជាមួយគ្នាយ៉ាងច្រើន ហើយសម្ដេច បានស្នើសុំឯកអគ្គរដ្ឋទូត សហគមន៍អឺរ៉ុប បន្ដសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជាបន្ដទៀត ដើម្បីធ្វើយ៉ាងណា ធ្វើឲ្យគម្រោង បានសម្រេចជោគជ័យ ដែលជាកត្ដាជំរុញ ទំនាក់ទំនងរវាងប្រទេសទាំង២៕