ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ អ្នក​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​មក​ពី​សហគមន៍​ចំនួន​៨​សហគមន៍ មាន​គ្នា​ប្រមាណ​ជា​២០០​នាក់ បាន​ប្រមូលផ្តុំ​ជា​លើក​ទី​២ នៅ​មុខក្រសួង​សាធា​រណ​ការ និង​ដឹក​ជញ្ជូន​មហាវិថី​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា ២០១៦​គោលបំណង​ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​នេះ រៀបចំ​វេទិការ​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់ ដោយ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ។

លោក​អ៊ុំ ហេង ប្រជាពលរដ្ឋ​ដែល​ចូលរួម​នៅ​ក្នុង​ការ​តវា​៉​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មក​រា ២០១៦ ប្រជាពលរដ្ឋ មន្ត្រីរាជការ​ប្រមាណ​ជា​៣០០​នាក់ បាន​ធ្វើការ​ប្រមូលផ្តុំ​គ្នា​នៅ​មុខក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ម្តង​មក​ហើយ ការ​ប្រមូលផ្តុំ​នេះ បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​នេះ រៀបចំ​វេទិការ​សាធា​រណៈ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដោយ​គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន ដែល​ទទួល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន មក​ពី​ខេត្ត​ហឺ​ណា​ន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន និង​ក្រសួង​ប្រាប់​អំពី​ព័ត៌មាន​លម្អិត​នៃ​គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ខ​ត្ត​ព្រះ​សីហ​នុ ។ ក្រោយ​ពី​មានការ​តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់ មន្ត្រី​តំណាង​នៅ​ក្នុង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រាប់​ប្រជាពលរដ្ឋ​វិញ​ថា ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​នា​ពេល​នេះ គឺ​មិន​ស្ថិត​នៅ​ដែន​សមត្ថកិច្ច​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នោះ​ទេ ។ មន្ត្រី​តំណាង​ដដែល​បាន​បន្ត​ថា សូម​ប្រជាពលរដ្ឋ​យក​សំណើរ​នេះ ទៅ​ដាក់​នៅ​សាលាក្រុង​ភ្នំពេញ​វិញ​។ លោក​អ៊ុំ ហេង បាន​បញ្ជាក់​ថា អស់​រយៈពេល​ជាង​ពី​រស​ប្តា​ហ៍​មក​ហើយ នៅ​មិន​ទាន់​មាន​តំណាង​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ចំនួន​៨​សហគមន៍​នោះ​ទេ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ប្រមូលផ្តុំ​ជា​លើក​ទី​២ សុំ​ឲ្យ​រៀបចំ​វេទិការ​សាធារណការ ដើម្បី​បកស្រាយ​ឲ្យ​បាន​ច្បាស់​ជុំវិញ​ការ​សាង​សាង​ផ្លូវ​ល្បឿន​លឿន​ជូន​ប្រជាពលរដ្ឋ ។

នៅ​វេលា​ម៉ោង​១០​ព្រឹក​នា​ថ្ងៃ​ដដែល ខាង​តំណាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​មក​ប្រាប់​ក្រុម​អ្នក​តវា​៉​ថា មិន​ទាន់​មានការ​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅឡើយ​ទេ បើសិនជា​មាន​ក្រសួង និង​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ។

យោង​តាម​លិខិត​បំភ្លឺ​នាយកដ្ឋាន​ផ្លូវដែក​លេខ​២៣០ ផ​ជ ចុះ​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ បាន​ឲ្យ​ដឹង​ថា នាយកដ្ឋាន​ផ្លូវដែក​សូម​ជំរាប​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវដែក​ឲ្យ​បាន​ជ្រាប​ថា នាយកដ្ឋាន​ផ្លូវដែក​មាន​គម្រោង​ជួសជុល ស្តារ និង​រៀបចំ​អភិវឌ្ឍន៍​ផ្លូវដែក​ក្នុង​ឆ្នាំ​២០១៦ មាន​ដូច​តទៅ ១-​ធ្វើការ​ស្តារ​ផ្លូវដែក​ពី​ស្ថានីយ​​រថភ្លើង​ភ្នំពេញ​ទៅ​ដល់​គ​.​ម​៩​បូក​៤០០ (​ផ្លូវបំបែក​ស្ថានីយ​សំរោង​), ធ្វើការ​ស្តារ​ផ្លូវដែក​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ​រហូត​ដល់​គ​.​ម​៦ ដើម្បី​ធ្វើការ​ដឹក​ជញ្ជូន​ទំនិញ និង​ប្រេងឥន្ធនៈ​ចូល​ឃ្លាំង​ប្រេង​ឫស្សី​កែវ​។ ២-​ការ​ស្តារ​ផ្លូវដែក គឺ​ត្រូវ​មានការ​ដោះស្រាយ​ផល​ប៉ះពាល់​មាន​ពី​អ័ក្ស​ផ្លូវ​ចម្ងាយ​៣,៥០​មែ​៉​ត្រ ទៅ​សងខាង​ផ្លូវដែក ដូច្នេះ​ប្រជា​ពល​រដ្ឋ​ដែល​មាន​តាំង​លំនៅ​ដ្ឋា​ន​ស្ថិត​នៅ​ក្រៅ​រង្វង់​៣,៥០​ពី​អ័ក្ស​ផ្លូវ​អាច​បន្ត​ការ​រស់នៅ​បាន តែ​មិន​អាច​ទទួល​កម្មសិទ្ធិ​ស្របច្បាប់​បាន​ឡើយ ដោយ​អនុលោម​តាម​អនុក្រឹត្យ​លេខ​១៩៧ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០០៩ គឺ​ប្រជាពលរដ្ឋ​ទាំងអស់​រស់នៅ​ក្នុង​ដី​ចំណី​ផ្លូវដែក ។ ៣-​ចំពោះ​វេទិការ​សា​ធា​ណៈ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​សង្កាត់ ខណ្ឌ ឬ​រាជធានី ដើម្បី​ធ្វើ​កម្មវិធី​នេះ ហើយ​អាច​អញ្ជើញ​ខាង​នាយកដ្ឋាន​ផ្លូវដែក​ចូល​ទៅ​ដោះស្រាយ​បំភ្លឺ​បាន ៕